Subscribe Now
Trending News

CMDF

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងវិនិយោគ នៃប្រទេសអូម៉ង់
ព័ត៌មាន & សកម្មភាព

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងវិនិយោគ នៃប្រទេសអូម៉ង់

ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ អញ្ជើញជួបពិភាក្សាការងារ ជាមួយ លោកជំទាវ Ibtisam bint Ahmed Al Farouji អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងវិនិយោគនៃប្រទេសអូម៉ង់ ក្នុងឱកាសបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីមូស្កាត់ ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។

ក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបពីសក្តានុពល នៃវិស័យកសិកម្មរបស់កម្ពុជា ដូចជាក្នុងមួយឆ្នាំៗ កម្ពុជាអាចផលិតស្រូវ បានលើសពី ៧លានតោន និងគ្រាប់ស្វាយចន្ទីអាចផលិតបាន១លានតោន ដោយមានគុណភាពខ្ពស់ និងជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក ហើយកម្ពុជាក៏មានផលិតពោត និងដំណាំផ្សេងៗជាច្រើនទៀតផងដែរ។ ប៉ុន្តែជុំវិញការវេចខ្ចប់សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ កម្ពុជានៅមានបញ្ហាខ្វះខាតនៅឡើយ។

ជាមួយគ្នាដែរ ឯកឧត្តមបណ្ឌិត បានលើកឡើងពីភាពរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅកម្ពុជា ហើយទាក់ទងនឹងវិស័យដឹកជញ្ជូន ក៏មានភាពងាយស្រួលក្នុងការដឹកជញ្ចូនទំនិញទៅកាន់ទីផ្សារអន្តរជាតិផងដែរ ។ ជាក់ស្តែងកម្ពុជា បាននឹងកំពុងធ្វើការស្ដារហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗជាច្រើន មានដូចជា ការសាងសង់ផ្លូវល្បឿនលឿន ព្រលានយន្តហោះថ្មីៗ កំពង់ផែទឹកជ្រៅកម្រិតអន្តរជាតិ ស្ពាន និងជាពិសេសកំពុងជីកព្រែកជីកហ្វូណនតេជោ ដែលនឹងផ្តល់ភាពកាន់តែងាយស្រួលក្នុងការដឹកជញ្ជូនកសិផល តាមផ្លូវសមុទ្រទៅកាន់ទីផ្សារគោល និងកាត់បន្ថយចំណាយក្នុងការដឹកជញ្ចូនទំនិញផងដែរ។

ឯកឧត្តមបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាក៏មានច្បាប់អនុគ្រោះជាច្រើន សម្រាប់អ្នកវិនិយោគបរទេស ដែលជាឱកាសសម្រាប់វិនិយោគិនមក ធ្វើការវិនិយោគលើ វិស័យសំខាន់ៗ មានដូចជា កសិកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ ការផលិតម្ហូបអាហារ វិស័យឈើខ្លឹមចន្នន៍ និងផ្សេងៗទៀត។

ជាការឆ្លើយតប លោកជំទាវ បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ច របស់ឯកឧត្តមទេសរដ្ឋមន្ត្រីទៅកាន់អូម៉ង់ ហើយលោកជំទាវ បានអបអរសាទរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា។

លោកជំទាវថា នឹងមានការរៀបចំទស្សនកិច្ច អ្នកវិនិយោគអូម៉ង់ មកកម្ពុជា ដើម្បីពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជាលើវិស័យសំខាន់ៗខាងលើ ដើម្បីនាំចេញពីកម្ពុជា ទៅកាន់ទីផ្សារពិភពលោក។ ជាចុងបញ្ចប់ភាគីអូម៉ង់ បានបញ្ជាក់ថា ទីផ្សារអូម៉ង់ស្វាគមន៍ផលិតផលកម្ពុជា ដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យ ហើយក្រសួងពាណិជ្ជកម្មនឹងលើកកម្ពស់ឱកាសវិនិយោគ ដែលមាននៅក្នុងប្រទេសកម្ពុជា ក្នុងចំណោមសហគមន៍ធុរកិច្ចអូម៉ង់ ដើម្បីជំរុញអ្នកវិនិយោគ ឲ្យមកបណ្តាក់ទុននៅកម្ពុជា៕

Related posts