ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត Saud bin Hamoud bin Ahmed Al Habsi រដ្ឋមន្ត្រីក្រសួងកសិកម្ម ជលផល និងធនធានទឹកនៃប្រទេសអូម៉ង់ នៅទីស្តីការក្រសួង រាជធានីមូស្កាត់ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។
ក្នុងឱកាសនៃជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបពីសក្តានុពល នៃវិស័យកសិកម្មរបស់កម្ពុជា ដូចជាក្នុងមួយឆ្នាំៗ កម្ពុជាអាចផលិតស្រូវ បានលើសពី ៧លានតោន និងគ្រាប់ស្វាយចន្ទីអាចផលិតបាន១លានតោន ដោយមានគុណភាពខ្ពស់ និងជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក ហើយកម្ពុជាក៏មានផលិតពោត និងដំណាំផ្សេងៗជាច្រើនទៀតផងដែរ។ ប៉ុន្តែជុំវិញការវេចខ្ចប់សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ កម្ពុជានៅមានបញ្ហាខ្វះខាតនៅឡើយ។
ជាមួយគ្នាដែរ ឯកឧត្តមបណ្ឌិត បានលើកឡើងពីភាពរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅកម្ពុជា ហើយទាក់ទងនឹងវិស័យដឹកជញ្ជូន ក៏មានភាពងាយស្រួលក្នុងការដឹកជញ្ចូនទំនិញទៅកាន់ទីផ្សារអន្តរជាតិផងដែរ ។ ជាក់ស្តែងកម្ពុជា បាននឹងកំពុងធ្វើការស្ដារហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗជាច្រើន មានដូចជា ការសាងសង់ផ្លូវល្បឿនលឿន ព្រលានយន្តហោះថ្មីៗ កំពង់ផែទឹកជ្រៅកម្រិតអន្តរជាតិ ស្ពាន និងជាពិសេសកំពុងជីកព្រែកជីកហ្វូណនតេជោ ដែលនឹងផ្តល់ភាពកាន់តែងាយស្រួលក្នុងការដឹកជញ្ជូនកសិផល តាមផ្លូវសមុទ្រទៅកាន់ទីផ្សារនានា និងកាត់បន្ថយចំណាយក្នុងការដឹកជញ្ចូនទំនិញផងដែរ។
ទន្ទឹមគ្នានេះដែរ ឯកឧត្តមបណ្ឌិតក៏បានរំលេចដែរថា បច្ចុប្បន្នកម្ពុជាក៏កំពុងនាំចេញចេកអំបូងលឿងទៅកាន់ទីផ្សារអន្តរជាតិដូចជាប្រទេសចិនជាដើម ខណៈកន្លងមកកម្ពុជាបានចូលពីក្រៅប្រទេស។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានស្នើ ភាគីអូម៉ង់ជួយសម្របសម្រួលឱ្យមានអ្នកវិនិយោគ ពិនិត្យលទ្ធភាពមកធ្វើការបណ្តាក់ទុនវិនិយោគ លើវិស័យផ្សងៗនៅកម្ពុជា ជាពិសេសលើដំណាំស្រូវ ស្វាយចន្ទី និងដំណាំចាំបាច់ផ្សេងៗទៀត ខណៈកម្ពុជាក៏សម្បូរវត្ថុធាតុដើមដែលមានគុណភាព មានតម្លៃពលកម្មទាប ហើយរដ្ឋាភិបាល ក៏មានច្បាប់អនុគ្រោះជាច្រើន សម្រាប់អ្នកវិនិយោគបរទេស ។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញអារម្មណ៍សប្បាយរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ច របស់ឯកឧត្តមទេសរដ្ឋមន្ត្រីទៅកាន់អូម៉ង់។ ឯកឧត្តម បានអបអរសាទរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា ហើយគាត់បានជម្រាបដែរថា កន្លងមកអូម៉ង់បាននាំចូលផលិតផលផ្សេងៗដូចជាអង្ករ និងសណ្តែកពីប្រទេសថៃ វៀតណាម និងប្រទេសផ្សេងៗទៀត ជារៀងរាល់ឆ្នាំ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងប្រាប់ថា វិស័យកសិកម្ម ជាវិស័យចម្បងមួយនៅអូម៉ង់ផងដែរ ហើយកន្លងមកអូម៉ង់បាននាំចេញផលិតផលជលផល និងដំណាំផ្សេងៗមួយចំនួនទៀត ទៅក្រៅប្រទេសផងដែរ។
ជាចុងក្រោយ ឯកឧត្តម បានថ្លែងអំណរអរគុណឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ចំពោះការផ្តល់ព័ត៌មានទាក់ទងនឹងវិស័យកសិកម្ម និងឱកាសវិនិយោគនៅកម្ពុជា ហើយគាត់បានសន្យាថា នឹងសហការជាមួយអាជ្ញាធរវិនិយោគ និងស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញអ្នកវិនិយោគ មកពិនិត្យលទ្ធភាពវិនិយោគលើវិស័យកសិកម្ម នៅកម្ពុជា ដូចជាដំណាំស្រូវ ពោត សណ្តែក និងដំណាំផ្សេងៗទៀត៕