Subscribe Now
Trending News

CMDF

ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់៖ សាសនាឥស្លាមជម្រុញឱ្យមុស្លីមខិតខំប្រកបមុខរបរទទួលទាន ដើម្បីកសាងនូវសេដ្ឋកិច្ចគ្រួសារ និងជម្រុញកំណើនសេដ្ឋកិច្ចជាតិ
ព័ត៌មាន & សកម្មភាព

ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់៖ សាសនាឥស្លាមជម្រុញឱ្យមុស្លីមខិតខំប្រកបមុខរបរទទួលទាន ដើម្បីកសាងនូវសេដ្ឋកិច្ចគ្រួសារ និងជម្រុញកំណើនសេដ្ឋកិច្ចជាតិ

នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញជាអធិបតីក្នុងកម្មវិធីបាឋកថាពិសេស ស្តីពីភាពជាអ្នកដឹកនាំ ធុរកិច្ច និងសហគ្រិនភាព ដែលមានវាគ្មិនកត្តិយសពីសំណាក់ ឯកឧត្តមសាស្ត្រាចារ្យ Chairul Tanjung ស្ថាបនិក និងជាប្រធានក្រុមហ៊ុនសាជីវកម្ម CT Crop និងជាសេដ្ឋីលំដាប់ថ្នាក់ទី៧ នៃប្រទេសឥណ្ឌូនេស៊ី នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន( CJCC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

ពិធីខាងលើមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំឥស្លាមគ្រប់លំដាប់ថ្នាក់ អង្គការសមាគម បញ្ញាវន្ត ពាណិជ្ជករ សហគ្រិន និងយុវជន ចំនួន ៤៥០ រូប ដែលរៀបចំដោយអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា សហការជាមួយ សមាគមសម្ព័ន្ធយុវជនមុស្លីមកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមបានថ្លែងថា សាសនាឥស្លាមជម្រុញឱ្យមុស្លីមខិតខំប្រកបមុខរបរទទួលទានដើម្បីកសាងនូវសេដ្ឋកិច្ចគ្រួសារ និងជម្រុញកំណើនសេដ្ឋកិច្ចជាតិ។ កន្លងមកមានការយល់ច្រឡំថា មុស្លីមមិនត្រូវគិតគូរពីលោកកីយ៍នោះទេ ត្រូវខិតខំគិតគូរពីអាយីរ៉ាត់(ថ្ងៃបរលោក) បានហើយ។ នេះគឺជាទស្សនៈខុសឆ្គងទាំងស្រុង ដោយព្យាការីមូហាំម៉ាត់ អ្នកនាំសារអល់ឡោះ គឺជាអ្នកជំនួញដ៏ពូកែម្នាក់ ហើយភរិយារបស់លោក ខទីជះ ក៏ជាអ្នកជំនួញដ៏ល្បីល្បាញនាសម័យកាលនោះផងដែរ។

ឯកឧត្តមបន្ថែមថា ដើម្បីទទួលបានលាភសក្ការៈ ដែលហាឡាល និងប៉ារ៉ាកាត់ (ពរជ័យ) សាសនាឥស្លាមជម្រុញឱ្យយើងប្រកបរបរអាជីវកម្ម និងកសាងខ្លួនឱ្យក្លាយជាសហគ្រិន។ ក្រៅពីការកសាងសេដ្ឋកិច្ចគ្រួសារ ការធ្វើអាជីវកម្មឬ ពាណិជ្ជកម្ម អាចជួយបែងចែកឡើងវិញនូវទ្រព្យសម្បត្តិ និងការកាត់បន្ថយនូវគម្លាតនៃភាពក្រីក្រក្នុងសង្គម តាមរយៈការដកហ្សាកាត់(បរិច្ចាគ) ជូនដល់អ្នកទីទ័លក្រដែលអាចជួយកសាងបាននូវសង្គមមួយប្រកបដោយវិបុលភាព និងបរិយាបន្ន។
ឯកឧត្តមសង្ឃឹមថា បាឋកថារបស់ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត Chairul Tanjung នាពេលនេះ នឹងដាស់ស្មារតីឱ្យយើងខិតខំអភិវឌ្ឍន៍អាជីវកម្មរបស់យើងឱ្យកាន់តែល្អប្រសើរ ហើយសម្រាប់យុវជន នឹងចាប់ផ្តើតគិតគូរពីការកសាងខ្លួនដើម្បីក្លាយជាសហគ្រិនតាមរយៈការបង្កើតនូវ Start up ជាដើម។

ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានបញ្ជាក់ថា នេះគឺជាលើកទី២ហើយដែល ឯកឧត្តម Chairul Tanjung បានមកទស្សនកិច្ចនៅកម្ពុជាកាលពី ជាង១០ឆ្នាំមុន ខណៈបច្ចុប្បន្ន ឯកឧត្តមបានមើលឃើញនូវសមិទ្ធផលជាច្រើនដែលជាវឌ្ឍនភាពនៃកិច្ចខិតខំ អភិវឌ្ឍន៍ប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជា ខុសពីជាង១០ឆ្នាំមុនដែលឯកឧត្តមធ្លាប់បានមកទស្សនកិច្ច។
ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ Chairul Tanjung បានសង្កាត់ធ្ងន់ថា នៅពេលដែលប្រទេសមួយមានសហគ្រិនច្រើន សេដ្ឋកិច្ចរបស់ប្រទេសនោះកាន់តែរីកចម្រើនថែមទៀត ព្រោះសហគ្រិនបានចូលរួមបង្កើតអាជីវកម្ម និងបង្កើននវានុវត្តន៍ថ្មីៗ។
ជាមួយគ្នាដែរ ឯកឧត្តមក៏បានចែករំលេកបទពិសោធន៍មួយចំនួនដែលធ្វើឱ្យអាជីវកម្មគាត់ជោគជ័យផងដែរ មានដូចជា ការចាប់ផ្តើមដោយមានបំណងល្អ​ ការចាប់យកឱកាស​ ថវិកាមិនមែនជាដើមទុនសំខាន់នោះទេ​ អ្វីដែលសំខាន់នោះគឺមិត្តភាព​ ការបង្កើតបណ្តាញទំនាក់ទំនង​ និងចាត់ទុកភាពបរាជ័យជាមិត្ត។

ឯកឧត្តមបញ្ជាក់ថា អ្វីៗទាំងអស់កើតឡើងតាមរយៈការខិតខំប្រឹងប្រែងធ្វើការងារ ហើយការងារនេះនឹងធ្វើឱ្យយើងរឹងមាំ និងអាចដោះស្រាយបញ្ហដែលយើងកំពុងប្រឈមបាន ដោយមិនត្រូវបោះបង់ និងបាក់ទឹកចិត្តនោះឡើយ។

គួរឱ្យដឹងដែរថា ឯកឧត្តម Chairul Tanjung គឺជាអតីតរដ្ឋមន្ត្រីសេដ្ឋកិច្ចនៅប្រទេសឥណ្ឌូនេស៊ី និងជាធុរជនមុស្លីមដ៏ ជោគជ័យមួយរូបក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបច្ចុប្បន្នមានមុខជំនួញធំៗជាច្រើននៅឥណ្ឌូនេស៊ី ដូចជាផ្នែកអចលនទ្រព្យ ធនាគារ ធានារ៉ាប់រង និងប្រព័ន្ធផ្សព្វផ្សាយដែលស្ថិតក្រោមបុត្រសម្ព័នក្រុមហ៊ុនសាជីវកម្ម CT Corp៕

 

 

Previous

ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់៖ សាសនាឥស្លាមជម្រុញឱ្យមុស្លីមខិតខំប្រកបមុខរបរទទួលទាន ដើម្បីកសាងនូវសេដ្ឋកិច្ចគ្រួសារ និងជម្រុញកំណើនសេដ្ឋកិច្ចជាតិ

Related posts

ព័ត៌មាន & សកម្មភាព

តំណាងអង្គការហាសាណះអន្តរជាតិ អញ្ជើញចុះត្រួតពិនិត្យ និងប្រគល់គម្រោងសាងសង់ផ្ទះ គោចិញ្ចឹម និងម៉ាស៊ីន កាត់ដេរ ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរា និងស្ត្រីមេម៉ាយ