Subscribe Now
Trending News

CMDF

ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ចែកគោគួរបាន១០០ក្បាល ជូនដល់សាសនិកឥស្លាម ថ្ងៃបុណ្យរ៉យ៉ាហាជ្ជី នៅវិហារធំគីឡូម៉្រែតលេខ៩
ព័ត៌មាន & សកម្មភាព

ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ចែកគោគួរបាន១០០ក្បាល ជូនដល់សាសនិកឥស្លាម ថ្ងៃបុណ្យរ៉យ៉ាហាជ្ជី នៅវិហារធំគីឡូម៉្រែតលេខ៩

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF) និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូបង្រៀនខ្មែរឥស្លាម បានអញ្ជើញសំណេះសំណាល និងចែកសាច់គោ (គូរបាន) ចំនួន១០០ក្បាល ជូនពលរដ្ឋក្រីក្រ ក្នុងថ្ងៃបុណ្យរ៉យ៉ាហាជ្ជី ឆ្នាំ២០២៤ នៅវិហារធំគីឡូម៉្រែតលេខ៩ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជំនួយខាងលើនេះ ទទួលបានពីអង្គការមូនិធិ Diyanet នៃសារធារណរដ្ឋទួរគី តាមរយៈ សមាគមគ្រូបង្រៀនខ្មែរឥស្លាម (CAMTA) និងអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ដោយសម្រាប់ឆ្នាំ២០២៤ នេះមានចំនួន៣៥០ក្បាល សម្រាប់ចែកជូនសាសនិកឥស្លាម តាមរាជធានី ខេត្តផ្សេងៗ។

នាឱកាសនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានថ្លែងអំណរអរគុណដល់អង្គការ Diyanet នៃសាធារណរដ្ឋទួរគី ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងផ្តល់ជំនួយគោគួរបាន ដល់សហគមន៍ឥស្លាមកម្ពុជា និងបានថ្លែងអំណរអរគុណដល់រាជរដ្ឋាភិបាលទួរគីផងដែរ ដែលកន្លងមកតែងតែគាំទ្រលើសកម្មភាពមនុស្សធម៌ជាច្រើននៅកម្ពុជា និងលើវិស័យផ្សេងៗទៀត។

ក្រៅពីគោគួរបានជារៀងរាល់ឆ្នាំ អង្គការ Diyanet បានផ្តល់អំណោយកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន និងផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរទៅបំពេញការសិក្សានៅប្រទេសទួរគីជាដើម។

លោកបណ្ឌិតបន្តថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងបន្តមកសម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត បាននឹងកំពុងធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍឥតឈប់ឈរ និងបានធានាមកនូវសុខដុមរមនា រវាងជាតិសាសន៍ និងសាសនា នៅកម្ពុជា ដោយគ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ និងសាសនានោះទេ។

លោកបណ្ឌិតបន្ថែមថា រាជរដ្ឋាភិបាលតែងតែស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះជំនួយ និងអំណោយ ដែលផ្តល់ដោយអង្គការសប្បុរសធម៌ផ្សេងៗ ដើម្បីផ្តល់ផលប្រយោជន៍រួមដល់ប្រជាជនកម្ពុជា។

សូមជម្រាបថា គម្រោងកម្មវិធីចែកសាច់គោ (គួរបាន) ឆ្នាំ២០២៤នេះ អង្គការមូនិធិ Diyarat នៃសារធារណរដ្ឋទួរគី បានឯកភាពផ្ដល់ជូនតាមរយៈ សមាគមគ្រូបង្រៀនខ្មែរឥស្លាម (CAMTA) និងអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា(CMDF) មានគោសរុប ចំនួន ៣៥០ក្បាល សម្រាប់អនុវត្តន៍ចែកជូនពលរដ្ឋ នៅតាមរាជធានី ខេត្តគោលដៅ ដូចជា គោលដៅរាជធានីភ្នំពេញចំនួន ១០០ក្បាល សម្រាប់បែងចែក នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងកំពង់ឆ្នាំង។

គោលដៅខេត្តត្បូងឃ្មុំ ចំនួន១០០ក្បាល សម្រាប់បែងចែកក្នុងខេត្តត្បូងឃ្មុំ ខេត្តកំពង់ធំ កំពង់ចាម ក្រចេះ និងសៀមរាប។ រីឯគោលដៅ ខេត្តបាត់ដំបង ចំនួន១៥០ក្បាល សម្រាប់បែងចែកនៅក្នុងខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ៕

Related posts