Subscribe Now
Trending News

CMDF

និស្សិតកម្ពុជាចំនួន ៣៥ នាក់ ប្រឡងជាប់អាហារូបករណ៍ទៅបន្តការសិក្សា នៅប្រទេសម៉ាឡេស៊ី
ព័ត៌មាន & សកម្មភាព

និស្សិតកម្ពុជាចំនួន ៣៥ នាក់ ប្រឡងជាប់អាហារូបករណ៍ទៅបន្តការសិក្សា នៅប្រទេសម៉ាឡេស៊ី

ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា(CMDF) បានអញ្ជើញសំណេះសំណាល ជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ចំនួន៣៥ នាក់ នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលឥស្លាមភ្នំពេញ (PPIC)។

និស្សិតទាំង៣៥ នាក់ខាងលើ ក្នុងនោះស្រី ២៥ នាក់ បានប្រឡងជាប់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង នៃសាកលវិទ្យាល័យ Dar al-Hikmah (KDH) ប្រទេសម៉ាឡេស៉ី សហការ ជាមួយCMDF និងសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (CMYA) ហើយពួកគេនឹងចេញដំណើរទៅប្រទេសម៉ាឡេស៊ី នាខែកញ្ញាឆ្នាំ២០២៤ ខាងមុខ ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសាកលវិទ្យាល័យ Dar al-Hikmah ដែលបានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដើម្បីឲ្យពួកគេមានឱកាសកាន់តែទូលំទូលាយក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួន ហើយនេះគឺជាការចូលរួមដ៏ធំធេង ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តដល់និស្សិតទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រយកចំណេះដឹងនៅទីនោះឱ្យអស់ពីសមត្ថភាព  និងត្រូវពង្រឹងភាសាម៉ាឡេស៊ី  ឱ្យបានល្អប្រសើរ ដើម្បីត្រឡប់មកវិញនាំនូវចំណេះដឹងទាំងអស់នោះ មកចូលរួមជួយអភិវឌ្ឍន៍សហគមន៍ ក៏ដូចជាប្រទេសជាតិទាំងមូល។

ទន្ទឹមគ្នានេះដែរ ឯកឧត្តមបណ្ឌិត បានផ្តាំផ្ញើ ដល់និសិ្សតទាំងអស់ ត្រូវកសាងទំនាក់ទំនងល្អជាមួយបណ្តាសិស្សផេ្សងៗទៀត ជាពិសេសត្រូវរក្សាឥរិយាបទ អាកប្បកិរិយា និងត្រូវគោរពនូវរាល់បទបញ្ជារបស់សាកលវិទ្យាល័យឱ្យត្រឹមត្រូវអំឡុងពេលសិក្សា នៅសាកលវិទ្យាល័យខាងលើ។

និស្សិតទាំងអស់ បានជ្រើសរើស លើមុខជំនាញផ្សេងៗ មានដូចជា ចិត្តសាស្រ្ត បង្រៀនកម្រិតមត្តេយ្យ គណនេយ្យ អ៊ូសូលុទទីន(មូលដ្ឋានគ្រិះនៃសាសនា) ហូកុមស្សារីអះ(ច្បាប់ឥស្លាម) និងប្រឹក្សាយោបល់ ខណៈពួកគេនឹងសិក្សានៅទីនោះរយៈពេល ២ឆ្នាំកន្លះ។

សូមជម្រាបជូនថា ក្នុងឱកាសសំណេះសំណាលខាងលើ ឯកឧត្តមបណ្ឌិតក៏បានប្រគល់​លិខិត​បញ្ជាក់​ទទួល​និស្សិត និង​លិខិត​ឆ្លង​ដែន​ដល់​និសិ្សតផងដែរ។ អាហារូបករណ៍នេះមានផ្តល់ជូន ដូចជា ថ្លៃសិក្សា ថ្លៃវីសារ អាហារប្រចាំថ្ងៃ ការស្នាក់នៅ និងសំបុត្រយន្តហោះ៕

 

Related posts

ព័ត៌មាន & សកម្មភាព

ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ស្នើអង្គការសម្ព័ន្ធពិភពឥស្លាម គាំទ្រគម្រោងអភិវឌ្ឍន៍ប្រភពសេដ្ឋកិច្ច ដើម្បីអភិវឌ្ឍន៍សហគមន៍ខ្មែរឥស្លាម