ឯកឧត្តម ស្លេះ ពុនយ៉ាមីន អនុប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជាខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា(CMDF) បានអញ្ជើញប្រគល់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រចំនួន ៤ ខ្នង គោចិញ្ចឹមចំនួន ៤ ក្បាល និងម៉ាស៊ីនកាត់ដេរចំនួន ២ ឈុត សរុបជាថវិកា ១៨០០០ អឺរ៉ូ (១៨៩០០ដុល្លារ) នៅស្រុកស្ទឹងត្រង់ និងស្រុកចំការលើ ក្នុងខេត្តកំពង់ចាម ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រនៅក្នុងសហគមន៍ និងបង្កើតមុខរបរប្រចាំថ្ងៃជូនប្រជាពលរដ្ឋ។
ពិធីខាងលើត្រូវបានធ្វើឡើងនាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ និងមានការអញ្ជើញចូលរួមពីសំណាក់អភិបាលរងខេត្ត អភិបាលរងស្រុក ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក អ៉ីមាំស្រុក និងអាជ្ញាធរមូលដ្ឋានផងដែរ។
គម្រោងខាងលើជាគម្រោងហ្សាកាត់(បរិច្ចាគ) ដោយមានគាំទ្រពីអង្គការហាសាណះអន្តរជាតិ សហការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា(CMDF)។ គួរបញ្ជាក់ដែរថា អង្គការអន្តរជាតិហាសាណះ បាននឹងកំពុងធ្វើកិច្ចសហប្រតិបត្តិការជិត ១០០ ប្រទេស ក្នុងនោះក៏មានកម្ពុជាផងដែរ ដែលបានផ្តល់ជំនួយជាច្រើន តាមរយៈអង្គការ CMDF និងIMAC មានដូចជា ជំនួយសង្គ្រោះបន្ទាន់ ជំនួយកញ្ចប់អាហារខែរ៉ាម៉ាឌន ជំនួយគោគួរពាន គម្រោងជំនួយបរិច្ចាក(ហ្សាកាត់) ចិញ្ចឹមកុមារកំព្រា ផ្តល់អាហារូបករណ៍ សាងសង់ផ្ទះជូនជនក្រីក្រ និងផ្តល់គោចិញ្ចឹម សរុបជាថវិកាជាង ២ លានដុល្លារអាមេរិក៕