Subscribe Now
Trending News

CMDF

អារ៉ាប៊ីសាអូឌីត ផ្ដល់អំណោយមនុស្សធម៌ផ្លែល្មើចំនួន២៥តោន សម្រាប់ចែកជូនសាសនិកឥស្លាមកម្ពុជា
ព័ត៌មាន & សកម្មភាព

អារ៉ាប៊ីសាអូឌីត ផ្ដល់អំណោយមនុស្សធម៌ផ្លែល្មើចំនួន២៥តោន សម្រាប់ចែកជូនសាសនិកឥស្លាមកម្ពុជា

ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញទទួលអំណោយមនុស្សធម៌ផ្លែល្មើ ចំនួន២៥តោន សម្រាប់ចែកជូនសាសនិកឥស្លាមកម្ពុជាក្នុងខែរ៉ម៉ាឌននាពេលខាងមុខនេះ ពីមជ្ឈមណ្ឌលជួយសង្គ្រោះ និងមនុស្សធម៌របស់ ព្រះចៅ សាល់ម៉ាន ពិន អាប់ឌុលអាហ្ស៊ីស ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត(KSRelief) តាមរយៈមជ្ឍមណ្ឌលឥស្លាមភ្នំពេញ តំណាងដោយឯកឧត្តម Mohammad Ismaeil A.Dahlway ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងហាណូយ និងលោក Ibrahim bin Muhammed Al-Badie តំណាង KSRelief នៅមជ្ឍមណ្ឌលឥស្លាមភ្នំពេញ (PPIC) នារសៀលថ្ងៃ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តម Mohammad Ismaeil A.Dahlway ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា បានលើកឡើងថា អំណោយខាងលើត្រូវបានផ្តល់ជូនស្របពេលកម្ពុជា-អារ៉ាប៊ីសាអូឌីត កំពុងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដូចជា ការទូត សេដ្ឋកិច្ច និងវិស័យសំខាន់ៗផ្សេងៗទៀត។

ជាមួយគ្នាដែរ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងល្អ រវាងកម្ពុជា-អារ៉ាប៊ីសាអូឌីត ក្នុងនោះយើងឃើញថា មានភាពល្អប្រសើរឡើង។ ជាក់ស្តែង នាពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានធ្វើដំណើរទស្សនកិច្ចទៅអារ៉ាប៊ីសាអូឌីត ក្នុងនោះក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មអារ៉ាប៊ីសាអូឌីត ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីការជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ក្នុងគោលបំណងពង្រឹង និងជំរុញការធ្វើពិពិធកម្មកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ព្រមទាំងសម្រួលបង្កើន និងស្វែងរកកាលានុវត្តភាពថ្មីៗក្នុងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ខណៈកន្លងមកថ្នាក់ដឹកនាំកំពូលៗកម្ពុជា ក៏បានអញ្ជើញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីតផងដែរ។ ដោយឡែក ចំពោះអារ៉ាប៊ីសាអូឌីត បានធ្វើសកម្មភាពជាច្រើននៅកម្ពុជា មានដូចជា ការផ្តល់ទៅធ្វើហាជ្ជី អ៊ុំរ៉ោះ ល្មើ និងសកម្មភាពផ្សេងៗទៀត។

ឯកឧត្តម ក៏បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ស្ថាប័នពាក់ព័ន្ធ ដែលកន្លងមកបានជួយសម្រួលដល់ការនាំយកមកនូវជំនួយមនុស្សធម៌ផ្សេងៗ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសហគមន៍ឥស្លាមនៅកម្ពុជា។
ជាមួយគ្នាដែរ ជួសមុខឲ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណដល់ ស្ថានទូតអារ៉ាប៊ីសាអូឌីត និងរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ដែលកន្លងមកតែងតែយកចិត្តទុកដាក់ និងបានបង្កើតនូវសមិទ្ធផលជាច្រើន ដល់សហគមន៍ឥស្លាមកម្ពុជា ដូចជាការផ្ដល់ជូននូវអាហារូបករណ៍ដល់និស្សិតកម្ពុជាជាច្រើនកន្លែង ការសាងសង់វិហារ សាលារៀន និងអំណោយមនុស្សធម៌ផ្សេងៗជាច្រើនទៀត។ ឯកឧត្តមបណ្ឌិត សង្ឈឹមថា តាមរយៈទំនាក់ទំនងដែលភាគីទាំងពីរមានសព្វថ្ងៃនេះ ជាស្ពានមួយ ដើម្បីឈានដល់ការធ្វើកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ លើគ្រប់វិស័យទាំងអស់ នៅពេលអនាគត។

ទន្ទឹមគ្នានេះដែរ ឯកឧត្តមបណ្ឌិត ក៏បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរអរគុណរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតផងដែរ ដែលបានបើកទូលាយ សម្រាប់សាសនិកឥស្លាមកម្ពុជា ទៅប្រតិបត្តិបុណ្យហាជ្ជី និងអ៊ុំរោះ ជាពិសេសទៀតនោះ តែងតែផ្តល់អំណោយទៅធ្វើបុណ្យហាជ្ជី និងអ៊ុំរោះ ជារៀងរាល់ឆ្នាំ ចាប់តាំងពីសម័យកាល ស្តេច Fahd bin Abdulaziz រហូតដល់ ព្រះចៅ សាល់ម៉ាន ពិន អាប់ឌុលអាហ្ស៊ីស ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត បច្ចុប្បន្ន។

ឯកឧត្តម ក៏បានស្នើឱ្យផ្តល់ជំនួយល្មើបន្ថែមទៀតសម្រាប់ឆ្នាំក្រោយ ព្រមទាំងជំនួយផ្សេងៗផងដែរ ខណៈកន្លងមកមជ្ឈមណ្ឌលជួយសង្គ្រោះ និងមនុស្សធម៌របស់ ព្រះចៅ សាល់ម៉ាន ក៏បានផ្តល់ជំនួយគម្ពីរអាល់គួរអានចំនួន ៥០០០០ ក្បាលផងដែរ។ ចំណែកលោក Ibrahim bin Muhammed Al-Badie តំណាងម្ចាស់ជំនួយ KSRelief បានសន្យាថា នឹងផ្តល់ជំនួយឱ្យច្រើនជាងឆ្នាំនេះ បន្ថែមទៀត៕

Related posts