Subscribe Now
Trending News

CMDF

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអូម៉ង់ ដើម្បីជំរុញការងារវិនិយោគនៅកម្ពុជា
ព័ត៌មាន & សកម្មភាព

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអូម៉ង់ ដើម្បីជំរុញការងារវិនិយោគនៅកម្ពុជា

នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត Said bin Mohammed bin Ahmed Al Saqri រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច នៃប្រទេសអូម៉ង់ នៅទីស្តីការក្រសួង ក្នុងរដ្ឋធានីមូស្កាត់។

ក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិត បានស្នើឯកឧត្តមរដ្ឋមន្ត្រីសម្របសម្រួល ឱ្យអាកាសចរណ៍អូម៉ង់(Oman Airline) ហោះហើរត្រង់មកកម្ពុជា ដើម្បីរួមចំណែកធ្វើឱ្យការតភ្ជាប់អាកាសចរណ៍រវាងប្រទេសទាំងពីរមានភាពល្អឥតខ្ចោះ និងនាំមកនូវជម្រើសកាន់តែប្រសើរឡើងសម្រាប់អ្នកដំណើរ ខណៈកន្លងមកកម្ពុជាក៏មានអាកាសចរណ៍កាតា អេមីរ៉ាត់អារ៉ាប់រួម និងក្រុមហ៊ុនផ្សេងៗទៀត ដែលបាននឹងកំពុងហោះហើរត្រង់មកកម្ពុជា ហើយ អាកាសចរណ៍តួកគី ក៏គ្រោងនឹងហោះហើរត្រង់មកកម្ពុជានៅដើមឆ្នាំ២០២៥ ខាងមុខនេះផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជម្រាបនូវចំណុចសំខាន់ៗនៃវិស័យកសិកម្មរបស់កម្ពុជា ដោយក្នុងមួយឆ្នាំៗ កម្ពុជាអាចផលិតស្រូវ បានលើសពី ៧លានតោន និងគ្រាប់ស្វាយចន្ទីអាចផលិតបាន១លានតោន ដោយមានគុណភាពខ្ពស់ ហើយឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងជម្រុញឲ្យមានឧស្សាហកម្មហាឡាល នៅកម្ពុជា ដើម្បីផលិតសម្ភារផ្សេងៗ និងម្ហូបអាហារ។ ប៉ុន្តែជុំវិញការវេចខ្ចប់សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ កម្ពុជានៅមានបញ្ហាខ្វះខាតនៅឡើយ ដូច្នេះឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឯកឧត្តមរដ្ឋមន្ត្រី ជួយផ្សព្វផ្សាយ និងកៀរគរ អ្នកវិនិយោគមកសិក្សាឱកាសវិនិយោគនៅកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចការងាររបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី និងប្រតិភូ។ ទន្ទឹមគ្នានេះដែរ ឯកឧត្តមបាន ថ្លែងអំណរអរគុណ និងវាយតម្លៃខ្ពស់ចំពោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់លើប្រជាជនទូទៅ ជាពិសេសសហគមន៍ឥស្លាមនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ដែរថា អូម៉ង់នឹងសិក្សាពិនិត្យលទ្ធភាពហោះហើរត្រង់មកកម្ពុជា ដោយសារឃើញពីសក្តានុពលជាច្រើនទាក់ទងនឹងវិស័យទេសចរណ៍ បង្កើនភាពងាយស្រួលដល់អ្នកវិនិយោគ និងការងារផ្សេងៗទៀត។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញ ឱ្យមានកិច្ចព្រមព្រៀងសហប្រតិបត្តិការសភាពាណិជ្ជកម្មប្រទេសទាំងពីរ កិច្ចព្រមព្រៀងសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្មប្រទេសទាំងពីរ កិច្ចប្រជុំស្តីពីឱកាសវិនិយោគនៃប្រទេសទាំងពីរ ជាពិសេស ជំរុញឱ្យមានកិច្ចសហប្រតិបត្តិការហាឡាលកម្ពុជា-អូម៉ង់៕

Related posts

ព័ត៌មាន & សកម្មភាព

មន្ត្រីជាន់ខ្ពស់សាសនិកឥស្លាមកម្ពុជា៖ ក្នុងចំណោមអ្នកស្លាប់ទាំង ១.៣០១នាក់នៃពិធីបុណ្យហាជ្ជ នៅប្រទេសអារ៉ាប៊ីសាអូឌីតដោយសារកម្តៅនោះ គឺគ្មានសាសនិកឥស្លាមកម្ពុជាម្នាក់ឡើយ