Subscribe Now
Trending News

CMDF

ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ អញ្ជើញចែកកញ្ចប់អាហារជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៦០៧ គ្រួសារ នៅឃុំរកាប្រាំ ស្រុកត្បូងឃ្មុំ
ព័ត៌មាន & សកម្មភាព

ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ អញ្ជើញចែកកញ្ចប់អាហារជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៦០៧ គ្រួសារ នៅឃុំរកាប្រាំ ស្រុកត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា(CMDF) អញ្ជើញចែកកញ្ចប់អាហារជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៦០៧ គ្រួសារ គិតជាថវិកា ១៤៥៦៨ ដុល្លារអាមេរិក នៅឃុំរកាប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ អំណោយដ៏ថ្លៃថ្លាទាំងនេះ ទទួលបានពីសប្បុរសជន នៃរដ្ឋកូវែត តាមរយ:សមាគមប្រភពល្អកម្ពុជា។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជូនដល់ប្រជាពលរដ្ឋជាទីនឹករំលឹកបំផុត ដែលលោកទាំងពីរតែងតែយកចិត្តទុកដាក់ និងគិតគូរពីប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការសាសនានោះឡើយ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើង អំពីការរីកចម្រើនលើគ្រប់វិស័យ និងវឌ្ឍនភាពនៃការអភិវឌ្ឍន៍សហគមន៍ឥស្លាមកម្ពុជា ដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល មានការរីកចម្រើន ដុះដាលជាច្រើនវិស័យ លើសពីសម័យណាៗទាំងអស់ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបាននឹងកំពុងធ្វើឱ្យប្រទេសទទួលបានសុខសន្តិភាព ព្រមទាំងបានធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដោយមិនមានការរើសអើងពូជសាសន៍ និងជម្លោះសាសនាឡើយ។

ជាក់ស្តែង នៅថ្ងៃទី២៧ ខែកុម្ភៈ ខាងមុខនេះ អង្គការសម្ព័ន្ធពិភពឥស្លាម(MWL) នឹងរៀបចំកិច្ចប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ «ឥស្លាម និងពុទ្ធសាសនា» នៅកម្ពុជា ដែលមានបណ្តាប្រទេសជាង៤០ អញ្ជើញមកចូលរួម។

ក្នុងឱកាសនេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរអរគុណដល់រាជរដ្ឋាភិបាលកូវែត និងប្រជាជនកូវែតសហការជាមួយអង្គការប្រភពល្អកម្ពុជា ដែលតែងតែផ្តល់ជំនួយ និងធ្វើសម្មភាពភាពមនុស្សធម៍ជាច្រើន នៅក្នុងសហគមន៍ឥស្លាមកម្ពុជា ដែលជាផ្នែកមួយក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សហគមន៍ ក៏ដូចជាសង្គមជាតិទាំងមូល ជាមួយរាជរដ្ឋាភិបាល។
ឯកឧត្តមក៏បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលតែងតែស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះជំនួយ និងអំណោយ ដែលផ្តល់ដោយអង្គការសប្បុរសធម៌ផ្សេងៗ ដើម្បីផ្តល់ផលប្រយោជន៍រួមដល់ប្រជាជនកម្ពុជា ហើយ ឯកឧត្តមសង្ឈឹមថា អង្គការសប្បុរធម៌នៃរដ្ឋកូវែត ក៏ដូចជាអង្គការនានាផ្សេងៗទៀត បន្តផ្តល់ជំនួយដល់សហគមន៍ឥស្លាមបន្ថែមទៀត។

ចំណែក ឯកឧត្តម តហើរ អ៊ូមើត ទីប្រឹក្សាក្រសួងមហាផ្ទៃ និងជាប្រធានសមាគមប្រភពល្អកម្ពុជា បានថ្លែងថា សមាគមប្រភពល្អកម្ពុជា បានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៣ ដែលនៅពេលនោះហើយ អំណោយលើកដំបូងរបស់ប្រជាជនកូវែត បានចែកជូនប្រជាពលរដ្ឋខ្វះខាតនៅកម្ពុជា។ លោកបានបន្តថា ក្រៅពីការងារចែកអំណោយមនុស្សធម៌គិតមកដល់ឆ្នាំ២០២៥នេះ សមាគមប្រភពល្អកម្ពុជា បានកសាងសាលារៀនចាប់ពីថ្នាក់មតេយ្យសិក្សារហូតដល់ថ្នាក់វិទ្យាល័យចំនួន ៣៥ សាខា ដែលមានសិស្សានុសិស្សកំពុងសិក្សា ជាង ៨៥០០ នាក់ សាងសង់វិហារឥស្លាមចំនួន ១៣០វិហារ និងមានសកម្មភាពមនុស្សធម៌ជាច្រើនទៀតផងដែរ។

សូមជម្រាបជូនថា អំណោយខាងលើក្នុងមួយកញ្ចប់មានតម្លៃ ២៤ ដុល្លារ ក្នុងនោះមានដូចជា អង្ករ ២៥ គីឡូក្រាម ផ្លែល្មើ ១ប្រអប់ ទឹកដោះគោ ២កំប៉ុង ប្រេងឆា ១លីត្រ ស្ករស ១គីឡូក្រាម ទឹកត្រី ១ដប និងអំបិល ២កញ្ចប់៕

Previous

ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ អញ្ជើញចែកកញ្ចប់អាហារជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៦០៧ គ្រួសារ នៅឃុំរកាប្រាំ ស្រុកត្បូងឃ្មុំ

Related posts