Subscribe Now
Trending News

CMDF

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី អញ្ជើញសម្ពោធវិហារឥស្លាមម៉ាស្ជិទ តម្លៃជាង៣២ម៉ឺនដុល្លារ នៅស្រុកពញាឮ​ ខេត្តកណ្តាល
ព័ត៌មាន & សកម្មភាព

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី អញ្ជើញសម្ពោធវិហារឥស្លាមម៉ាស្ជិទ តម្លៃជាង៣២ម៉ឺនដុល្លារ នៅស្រុកពញាឮ​ ខេត្តកណ្តាល

(កណ្ដាល)៖ វិហារឥស្លាម ម៉ាស្ជិទអាល់អឹកពើរជ្រៃអណ្តែត ស្ថិតនៅភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពលោកហ៊ុន​ ម៉ានី​ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ តំណាងសម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃកម្ពុជា​ ក្រោយបានកសាងរួចរាល់ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយបានចំណាយអស់ទឹកប្រាក់សរុប៣២១,៣៨០ដុល្លារ។

ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ លោក ហ៊ុន ម៉ានី បានផ្តាំផ្ញើរការសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនចំពោះអ្នកចូលរួម ប្រជាពលរដ្ឋដែលមានវត្តមានក្នុងកម្មវិធីនាឱកាសនោះ។

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានកោតសរសើរ និងថ្លែងអំណរគុណចំពោះសប្បុរសជនទាំងក្នុង និងក្រៅប្រទេសទាំងអស់ ហាកឹម តួន អោង ម៉ី វ៉ាក់ ពូ មីង បងប្អូនទាំងអស់ ដែលតែងតែគាំទ្រ ទាំងសម្ភារៈ ថវិកា និងស្មារតី ចូលរួមកសាងសមិទ្ធផលនានាជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ននេះសម្រាប់បម្រើឲ្យវិស័យឥស្លាមសាសនានៅកម្ពុជា។

លោកបានចូលរួមអបអរសាទរជាមួយសាសនិកឥស្លាម និងសហគមន៍ ឥស្លាមនៅកម្ពុជា ចំពោះសមិទ្ធផលថ្មីបន្ថែមទៀត ដែលជាចំណែកមួយក្នុងការបន្តដឹកនាំកសាង និងអភិវឌ្ឍសហគមន៍ឥស្លាម ឲ្យកាន់តែរីកចម្រើនបន្ថែមទៀតក្រោមដំបូលនៃសុខសន្តិភាព និងការអភិវឌ្ឍ។ ទន្ទឹមនឹងនេះលោកបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសរាជរដ្ឋាភិបាល តែងតែបង្ក បរិយាកាសល្អ និងយកចិត្តទុកដាក់លើកកម្ពស់វិស័យសាសនាឥស្លាមតាមរយៈការចូលរួម អភិវឌ្ឍន៍ និងជំរុញកសាងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនសម្រាប់បម្រើសាសនាឥស្លាមជាបន្តបន្ទាប់។

ជាមួយគ្នានេះ លោកបានបញ្ជាក់ថា សាសនាឥស្លាមបានចូលរួមចំណែកជាមួយសាសនាដ៏ទៃទៀតក្នុងការដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរ ជាពិសេស ការលើកកម្ពស់ការអប់រំចរិយាធម៌ និងសីល ធម៌ដល់ប្រជាពលរដ្ឋដែលជាសាសនិកឥស្លាមគ្រប់រូប។ ក្នុងន័យនេះ ការពង្រឹងតួនាទី ភារកិច្ចរបស់គណៈអ៊ីម៉ាំ ហាកឹម តួន និង ម៉ាស្ជិទ ស៊ូរ៉ាវ ព្រមទាំងសាលាបង្រៀនសាសនា ពិតជាមានសារៈសំខាន់ និងមានអត្ថប្រយោជន៍ សម្រាប់ការប្រតិបត្តិជំនឿសាសនា និងការរួមចំណែកចូលរួមអភិវឌ្ឍសហគមន៍ឥស្លាម និងសង្គមជាតិ។

លោកបានរំលេចពី សហគមន៍ឥស្លាម ទទួលបានអំណោយមនុស្សធម៌ និងជំនួយនានា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ គឺទទួលបានថវិកាសរុប ចំនួន២៤,០៤២,១៩៦ដុល្លារ ក្នុងនោះមានដូចអំណោយកញ្ចប់អាហារខែរ៉ាម៉ាឌន គោ និងពពែគួរបាន ដែលសម្លេះសម្រាប់ពិធីបុណ្យរ៉យ៉ាហាជ្ជី ជារៀងរាល់ឆ្នាំ។

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានបន្ថែមថា កត្តាសន្តិភាព និងស្ថិរភាពនយោបាយ បានផ្តល់ឱកាសឲ្យយើងទាំងអស់គ្នាបានជួបជុំធ្វើបុណ្យរួមគ្នា និងប្រមូលបច្ច័យពីគ្រប់ទិសទី មកកសាងសមិទ្ធផលនានាជាច្រើន ចេញជារូបរាងសម្រាប់បម្រើឲ្យឥស្លាមសាសនា ដូចពេលនេះ។

ក្នុងនាមជាខ្មែរ មិនថាជំនាន់នេះ ឬជំនាន់ក្រោយ ត្រូវកត់ត្រា និងចងចាំជាប្រចាំ ថារបបប្រល័យពូជសាសន៍បានកើតឡើងពិតប្រាកដ។ សច្ចធម៌នៃប្រវត្តិសាស្រ្ត សោតនាកម្មដ៍ជូរចត់នេះ ធ្វើឲ្យយើងគប្បីយល់អំពីគុណតម្លៃនៃសុខសន្តិភាព ដែលសុខសន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃការវិនិយោគ និងការអភិវឌ្ឍ រួមទាំងផ្តល់ឱកាសសម្រាប់យុវជនជំនាន់ក្រោយក្នុងការរៀនសូត្រ ប្រកបការងារ ព្រមទាំងនាំមកនូវសុខុដុមនីយកម្មសាសនាសម្រាប់ប្រជាជាតិផងដែរ។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍ គណៈកម្មការរៀបចំពិធីសម្ពោធវិហារឥស្លាម ម៉ាស្ជិទអាល់អឹកពើរ ជ្រៃអណ្តែត បានឱ្យដឹងថា ភូមិជ្រៃអណ្តែតបានក៏កើតនៅអំឡុងឆ្នាំ១៩៦០ និងមានសាសនិកឥស្លាមរស់នៅអចិន្ត្រៃយ៍បច្ចុប្បន្ន ចំនួន ២១៧គ្រួសារ ស្មើនឹងចំនួនមនុស្សសរុប៨៥១នាក់ ស្រី៤៤៣នាក់៕

 

Related posts