Subscribe Now
Trending News

CMDF

ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជួបពិភាក្សាការងារជាមួយ អនុប្រធានព្រឹទ្ធសភាអូម៉ង់
ព័ត៌មាន & សកម្មភាព

ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជួបពិភាក្សាការងារជាមួយ អនុប្រធានព្រឹទ្ធសភាអូម៉ង់

ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត Shaikh Dr Hilal Ali Zahir Al Hinai អនុប្រធានព្រឹទ្ធសភាអូម៉ង់ នៅវិមានព្រឹទ្ធសភា រដ្ឋធានីមូស្កាត់ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ។

ក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានលើកឡើង អំពីការរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា និងជម្រាបជូន អនុប្រធានព្រឹទ្ធសភាអូម៉ង់ ពីវឌ្ឍនភាពនៃការអភិវឌ្ឍន៍សហគមន៍ឥស្លាមកម្ពុជា ដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព ព្រមទាំងបានធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដោយមិនមានការរើសអើងពូជសាសន៍ និងជម្លោះសាសនាឡើយ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានរំលេចដែរថា បច្ចុប្បន្នស្ថាប័នព្រឹទ្ធសភាកម្ពុជានីតិកាលទី៥ មានសមាជិកចំនួន ៦២ រូប ក្នុងនោះមានថ្នាក់ដឹកនាំឥស្លាមចំនួន ៥ រូប ដោយក្នុងចំណោម៥ រូបនេះ ក៏មានស្ត្រី ១ រូបផងដែរ។ ចំណែកសមាជិករដ្ឋសភា មានចំនួន ១២៥ រូប ក្នុងនោះមានថ្នាក់ដឹកនាំឥស្លាមចំនួន ៦រូប ស្រី១ រូប។

ជាការឆ្លើយតបបន្ទាប់ពីបានស្តាប់ការរៀបរាប់របស់ឯកឧត្តមទេសរដ្ឋមន្ត្រីខាងលើ ឯកឧត្តមអនុប្រធានព្រឹទ្ធសភាព បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដែលបានទទួលព័ត៌មានស្តីអំពី សុខដុមនីយកម្មជាតិសាសន៍ និងសាសនា នៅកម្ពុជា ដែលបង្កើតឡើងដោយ រាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់លើគ្រប់សាសនាទាំងអស់ ហើយឯកឧត្តមក៏បានផ្តាំផ្ញើដល់យុវជនកម្ពុជា ត្រូវចូលរួមនូវអ្វីដែលទទួលបានពីរាជរដ្ឋាភិបាល ហើយតបស្នងទៅរាជរដ្ឋាភិបាលវិញ តាមរយៈការគាំទ្រ ហើយធ្វើកិច្ចការរួមជាមួយរាជរដ្ឋាភិបាលឱ្យបានល្អប្រសើរ។

ឯកឧត្តមបណ្ឌិតអនុប្រធានព្រឹទ្ធសភា ក៏បានរៀបរាប់ពីដំណើរការ នៃការរៀបចំស្ថាប័នសភា និងព្រឹទ្ធសភា នៅអូម៉ង់ និងបានជូនឯកឧត្តមទេសរដ្ឋមន្ត្រី អញ្ជើញទស្សនកិច្ចក្នុងវិមានព្រឹទ្ធសភាផងដែរ៕

Related posts

ព័ត៌មាន & សកម្មភាព

ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់៖ សាសនាឥស្លាមជម្រុញឱ្យមុស្លីមខិតខំប្រកបមុខរបរទទួលទាន ដើម្បីកសាងនូវសេដ្ឋកិច្ចគ្រួសារ និងជម្រុញកំណើនសេដ្ឋកិច្ចជាតិ