Subscribe Now
Trending News

CMDF

តំណាងអង្គការហាសាណះ អញ្ជើញប្រគល់គម្រោងសាងសង់ផ្ទះ គោចិញ្ចឹម និងម៉ាស៊ីនកាត់ដេរ ជូនប្រជាពលរដ្ឋខ្វះខាត ក្នុងខេត្តចំនួន ៤ សរុបថវិកា ៧៩៥៧៧ដុល្លារអាមេរិក
ព័ត៌មាន & សកម្មភាព

តំណាងអង្គការហាសាណះ អញ្ជើញប្រគល់គម្រោងសាងសង់ផ្ទះ គោចិញ្ចឹម និងម៉ាស៊ីនកាត់ដេរ ជូនប្រជាពលរដ្ឋខ្វះខាត ក្នុងខេត្តចំនួន ៤ សរុបថវិកា ៧៩៥៧៧ដុល្លារអាមេរិក

តាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា( CMDF) អង្គការអន្តរជាតិហាសាណះបានផ្តល់ជំនួយថវិកាចំនួន ៧៩៥៧៧ ដុល្លារអាមេរិក ដែលជាគម្រោងបរិច្ចាក (ហ្សាកាត់) របស់ខ្លួន សម្រាប់សាងសង់ផ្ទះ ផ្តល់គោចិញ្ចឹម និងម៉ាស៊ីនកាត់ដេរ ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរា និងស្ត្រីមេម៉ាយ នៅតាមបណ្តាខេត្តមួយចំនួនដូចជា ក្រចេះ កំពង់ចាម ត្បូងឃ្មុំ និងកណ្តាល ដើម្បីកាត់បន្ថយភាពក្រីក្រនៅក្នុងសហគមន៍ និងបង្កើតមុខរបរប្រចាំថ្ងៃជូនប្រជាពលរដ្ឋ។

ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ តំណាងអង្គការអន្តរជាតិហាសាណះ ព្រមទាំងក្រុមការងារអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជាបានអញ្ជើញចុះត្រួតពិនិត្យ និងប្រគល់គម្រោងសាងសង់ផ្ទះ គោចិញ្ចឹម និងម៉ាស៊ីនកាត់ដេរ ជូនប្រជាពលរដ្ឋដោយផ្ទាល់ ក្នុងនោះ មានផ្ទះចំនួន ១៦ ខ្នង គោចិញ្ចឹមចំនួន ១៦ ក្បាល ម៉ាស៊ីនកាត់ដេរ ៧ ឈុត និងអាហារូបករណ៍ចំនួនម្នាក់ ដែលសរុបថវិកាចំនួន ៧៩៥៧៧ដុល្លារអាមេរិក ខណៈគម្រោងនេះមានរយៈពេល១ ឆ្នាំ។

នាពេលថ្មីៗនេះ ក្នុងរដូវកាលបុណ្យរ៉យ៉ាហាជ្ជីឆ្នាំ២០២៤ អង្គការអន្តរជាតិហាសាណះ ក៏បានផ្តល់ជំនួយគោគួរបានដល់កម្ពុជា ចំនួន ៣៧០ក្បាល ក្នុងនោះតាមរយៈអង្គការមូនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា(CMDF) ចំនួន ១៧០ក្បាល និងសមាគមគ្រូពេទ្យឥស្លាមកម្ពុជា (IMAC) ចំនួន ២០០ ក្បាល។

គួរបញ្ជាក់ថា អង្គការអន្តរជាតិហាសាណះ បាននឹងកំពុងធ្វើកិច្ចសហប្រតិបត្តិការជិត ១០០ ប្រទេស ក្នុងនោះក៏មានកម្ពុជាផងដែរ ដែលបានផ្តល់ជំនួយជាច្រើន តាមរយៈអង្គការ CMDF និងIMAC មានដូចជា ជំនួយសង្គ្រោះបន្ទាន់ ជំនួយកញ្ចប់អាហារខែរ៉ាម៉ាឌន ជំនួយគោគួរពាន គម្រោងជំនួយបរិច្ចាក(ហ្សាកាត់) ចិញ្ចឹមកុមារកំព្រា ផ្តល់អាហារូបករណ៍ សាងសង់ផ្ទះជូនជនក្រីក្រ និងផ្តល់គោចិញ្ចឹម សរុបជាថវិកាជាង ២ លានដុល្លារអាមេរិក៕

Related posts