នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា(CMDF) ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយប្រតិភូអង្គការអន្តរជាតិ Hasene នៃប្រទេសអាឡឺម៉ង់ ដែលជាផ្នែកមួយរបស់សហគមន៍ឥស្លាមទស្សនៈជាតិ ICMG (Islamic Community Milli Gorus) នៅការិយាល័យមជ្ឈមណ្ឌលឥស្លាមកម្ពុជា(PPIC)។
ជំនួបនេះធ្វើឡើង បន្ទាប់ពីប្រតិភូខាងលើបានបញ្ចប់ការសម្លេះគោគួរបាន ក្នុងឱកាសពិធីបុណ្យរ៉យ៉ាហាជ្ជី ចែកជូនសាសនិកឥស្លាម នៅតាមបណ្តាខេត្តមួយចំនួន។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត បានថ្លែងអំណរអរគុណដល់ប្រតិភូខាងលើ ដែលបានអញ្ជើញមកកម្ពុជាក្នុងការសម្លេះគោចែកជូនសាសនិកឥស្លាម ជាពិសេសបានថ្លែងអំណរអរគុណដល់ លោក Kemal Ergün ប្រធានសហគមន៍ឥស្លាមទស្សនៈជាតិ ICMG និងលោក Bekir Altaş ប្រធានអង្គការ Hasene ដែលកន្លងមក បានជួយលើកិច្ចសហប្រតិបត្តិការ លើការងារមនុស្សធម៌ និងការងារផ្សេងៗទៀត នៅកម្ពុជា ក្នុងការចូលរួមចំណែកអភិវឌ្ឍ សង្គមជាតិទាំងមូល។
ឯកឧត្តមបណ្ឌិតបន្តថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងបន្តមកសម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត បាននឹងកំពុងធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍឥតឈប់ឈរ និងបានធានាមកនូវសុខដុមរមនា រវាងជាតិសាសន៍ និងសាសនា នៅកម្ពុជា ដោយគ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ និងសាសនានោះទេ។
ឯកឧត្តមបណ្ឌិតបន្ថែមថា រាជរដ្ឋាភិបាលតែងតែស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះជំនួយ និងអំណោយ ដែលផ្តល់ដោយអង្គការសប្បុរសធម៌ផ្សេងៗ ដើម្បីផ្តល់ផលប្រយោជន៍រួមដល់ប្រជាជនកម្ពុជា។
ជាមួយគ្នាដែរ ឯកឧត្តមបានស្នើដល់អង្គការ ICMG ក៏ដូចជា Hasene ពិនិត្យលទ្ធភាពគាំទ្រកម្ពុជា លើវិស័យសំខាន់ៗ ក្នុងនោះដូចជាវិស័យអប់រំ ផ្នែកបច្ចេកវិទ្យា និងវិស័យផ្សេងៗទៀត។
លោក Ali İbrahim Eken តំណាងប្រតិភូអង្គការ Hasene បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងកក់ក្តៅជាខ្លាំង ដែលបានមកធ្វើការងារមនុស្សធម៌ នៅកម្ពុជានាពេលនេះ និងបានថ្លែងអំណរគុណ ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបើកទូលាយលើគោលនយោបាយ សេរីភាព សុខសន្តិភាព សម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប ដោយមិនប្រកាន់ជាតិសាសន៍ និងសាសនា។
លោកក៏បានសន្យាថា នឹងព្យាយាមក្នុងការជួយគាំទ្រលើវិស័យអាទិភាពនៅកម្ពុជា និងបន្តធ្វើសកម្មភាពមនុស្សធម៌ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាមួយរាជរដ្ឋាភិបាល។
សម្រាប់ឆ្នាំ២០២៤ នេះ អង្គការអន្តរជាតិ Hasene បានផ្តល់ជំនួយគោគួរបានដល់កម្ពុជា ចំនួន ៣៧០ក្បាល ក្នុងនោះតាមរយៈអង្គការមូនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា(CMDF) ចំនួន ១៧០ក្បាល និងសមាគមគ្រូពេទ្យឥស្លាមកម្ពុជា (IMAC) ចំនួន ២០០ ក្បាល។
គួរបញ្ជាក់ថា អង្គការអន្តរជាតិ Hasene បាននឹងកំពុងធ្វើកិច្ចសហប្រតិបត្តិការជិត ១០០ ប្រទេស ក្នុងនោះក៏មានកម្ពុជាផងដែរ ដែលបានផ្តល់ជំនួយជាច្រើន តាមរយៈអង្គការ CMDF និងIMAC មានដូចជា ជំនួយសង្គ្រោះបន្ទាន់ ជំនួយកញ្ចប់អាហារខែរ៉ាម៉ាឌន ជំនួយគោគួរពាន គម្រោងជំនួយបរិច្ចាក(ហ្សាកាត់) ចិញ្ចឹមកុមារកំព្រា ផ្តល់អាហារូបករណ៍ សាងសង់ផ្ទះជូនជនក្រីក្រ និងផ្តល់គោចិញ្ចឹម សរុបជាថវិកាជាង ២ លានដុល្លារអាមេរិក៕