Subscribe Now
Trending News

CMDF

ឯកឧត្តម អូស្មាន ហាស្សាន់ ជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីក្រសួងគរុភណ្ឌ និងកិច្ចការសាសនា នៃរដ្ឋអារ៉ាប់ស៊ុលតង់អូម៉ង់
ព័ត៌មាន & សកម្មភាព

ឯកឧត្តម អូស្មាន ហាស្សាន់ ជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីក្រសួងគរុភណ្ឌ និងកិច្ចការសាសនា នៃរដ្ឋអារ៉ាប់ស៊ុលតង់អូម៉ង់

ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត Mohammed Said Khalfan Al Mamari រដ្ឋមន្ត្រីក្រសួងគរុភណ្ឌ និងកិច្ចការសាសនានៃរដ្ឋអារ៉ាប់ស៊ុលតង់អូម៉ង់ ក្នុងរដ្ឋធានីមូស្កាត (Muscat) នាព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤។

ជាកិច្ចចាប់ផ្តើមនៃជំនួប ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ ក្តៅ និងថ្លែងអំណរអរគុណចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ព្រមទាំងប្រតិភូ ទៅកាន់អូម៉ង់ តបតាមការអញ្ជើញរបស់លោក។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងបន្តថា នេះជាលើកទីមួយ ហើយដែលមន្ត្រីជាន់ខ្ពស់កម្ពុជា ទៅទស្សនកិច្ចនៅអូម៉ង់ ដែលជាការបើកផ្លូវ ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា- អូម៉ង់ ឲ្យកាន់តែរឹងមាំបន្ថែទៀត។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា អូម៉ង់ជាប្រទេសដែលស្ថិតនៅតំបន់ឈូងសមុទ្រពែក្ស ហើយក៏ជារដ្ឋសមាជិកនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ដែលមាន៦ ប្រទេស ដូចជា អូម៉ង់ អារ៉ាប់រួម បារ៉ែន អារ៉ាប៊ីសាអូឌីត រដ្ឋកាតា និងរដ្ឋគុយវ៉ែត។ អូម៉ង់ មានប្រជាជនជាង ៣ លាននាក់ និងមានផ្ទៃដីជាង៣០ ម៉ឺនគីឡូម៉្រែត ព្រមទាំងមានជនបរទេសមកស្នាក់នៅ និងធ្វើការប្រមាណជាង ២លាន៤សែននាក់ កម្មករជំនាញជាង ៨០ ភាគរយ ហើយជាប្រទេសដែលមានជីវភាពធូធារក្នុងចំណោមរដ្ឋសមាជិក GCC និងមានផលិតផលក្នុងស្រុក(GDP) សរុបជាង២៣០០០ ដុល្លារ។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានថ្លែងអំណរអរគុណចំពោះការអញ្ជើញរបស់ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានអញ្ជើញលោក និងប្រតិភូមកទស្សនកិច្ចការងារ នៅអូម៉ង់ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ឲ្យកាន់តែប្រសើរបន្ថែមទៀត។ ឯកឧត្តមបណ្ឌិត បានថ្លែងបន្តថា នៅកម្ពុជាមានប្រជាជនចំនួនប្រមាណ១៧ លាននាក់ ក្នុងនោះមានសាសនិកឥស្លាមប្រមាណ៥ ភាគរយ។ ឯកឧត្តមបន្តថា កម្ពុជាជាប្រទេសប្រកាន់យកសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ ប៉ុន្តែ ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់គោលនយោបាយសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដល់ប្រជាពលរដ្ឋទូទៅ ដោយរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា គ្មានការរើសអើង និងគ្មានជម្លោះសាសនាឡើយ ស្របពេលប្រទេសជាតិកំពុងមានសុខសន្តិភាព និងការរីកចម្រើនឥតឈប់ឈរ។

ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលអូម៉ង់ ដែលកន្លងមកបានជួយសម្របសម្រួលដល់និស្សិតកម្ពុជា ដែលបានជាប់គាំងក្នុងបណ្ដាប្រទេសជិតខាងនៃប្រទេស អូម៉ង់ ដោយសារសង្គ្រាម ឲ្យបានវិលត្រឡប់មកដល់មាតុភូមិវិញដោយសុវត្ថិភាព។ ឯកឧត្តមក៏បានថ្លែងអំណរអរគុណដល់សប្បុរសជនជាតិដើមអូម៉ង់ ដែលបានជួយ សាងសង់វិហារឥស្លាមអន្តរជាតិអាល់សារកាលភ្នំពេញ និងការងារមនុស្សធម៌ផ្សេងៗមួយចំនួនទៀត ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលបាននឹងកំពុងធ្វើអោយមានសុខដុមនីយកម្មជាតិសាសន៍ និងដឹកនាំប្រទេសទទួលបានការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យ។ ជាចុងក្រោយ ក៏បានថ្លែងថា នឹងបន្តជួយជ្រោមជ្រែង ទៅលើវិស័យ គរុភណ្ឌសាសនា មនុស្សធម៌ និងវិស័យអប់រំ ដល់សហគមន៍ឥស្លាមនៅកម្ពុជា និងពិនិត្យលទ្ធភាពមកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលខាងមុខផងដែរ។

សូមជម្រាបជូនដែរថា បន្ទាប់ពីបញ្ចប់ជំនួបខាងលើ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ក៏បានជួបប្រជុំជាមួយ នាយកដ្ឋានបច្ចេកទេសគ្រប់គ្រងគរុភណ្ឌ និងហ្សាកាត់(ការបរិច្ចាក) ដែលស្ថិតនៅក្រោម ក្រសួងគរុភណ្ឌ និងកិច្ចការសាសនា ដើម្បីសិក្សាស្វែងយល់ និងយកពិសោធន៍ មកអនុវត្តនៅក្នុងសហគមន៍ឥស្លាមកម្ពុជា។ ជាមួយគ្នានេះដែរ ក្រុមមន្ត្រីនាយកដ្ឋាន បានបង្ហាញការសប្បាយរីករាយ និងបើកជំហរ ក្នុងការសហការជាជួយកម្ពុជា លើផ្នែកបច្ចេកទេសគ្រប់គ្រងវិស័យគរុភណ្ឌ និងការបរិច្ចាគ៕

 

Related posts

ព័ត៌មាន & សកម្មភាព

តំណាងអង្គការហាសាណះ អញ្ជើញប្រគល់គម្រោងសាងសង់ផ្ទះ គោចិញ្ចឹម និងម៉ាស៊ីនកាត់ដេរ ជូនប្រជាពលរដ្ឋខ្វះខាត ក្នុងខេត្តចំនួន ៤ សរុបថវិកា ៧៩៥៧៧ដុល្លារអាមេរិក