(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត មហាំម៉ាត់ អាប់ឌុលការីម អាល់អ៉ីសា (Muhammad Bin Abdulkarim Al-Issa) អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម បានលើកឡើងថា ប្រជាជនកម្ពុជាពិតជាមានសំណាង ដែលមានថ្នាក់ដឹកនាំជាទីគោរព មានភាពប្រាកដនិយមក្នុងការដឹកនាំកម្ពុជា ឱ្យទទួលបានសុខដុមនិយកម្មជាតិសាសន៍ និងសាសនា ជាគម្រូសម្រាប់ពិភពលោកទាំងមូល។
ការលើកឡើងរបស់ លោកបណ្ឌិត មហាំម៉ាត់ អាប់ឌុលការីម អាល់អ៉ីសា យ៉ាងដូច្នេះ ធ្វេីឡេីងនៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ក្នុងបាឋកថាពិសេស ស្ដីពី «គុណតម្លៃរួមរបស់យើង និងសម្ព័ន្ធអរិយធម៌» នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ពិធីខាងលើក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាសមាជិកឧត្តមក្រុមប្រឹក្សាអង្គការសម្ព័ន្ធពិភពឥស្លាម, លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំង ឯកឧត្តម លោកជំទាវ ដែលជាសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ថ្នាក់ដឹកនាំជួររដ្ឋាភិបាល សាកលវិទ្យាធិការ សស្ត្រាចារ្យ និងសិស្សនិស្សិត ជាង ៥០០ នាក់ ។
ឯកឧត្តមបណ្ឌិត មហាំម៉ាត់ អាប់ឌុលការីម អាល់អ៉ីសា បានបន្តលើកឡើងថា កម្ពុជាជាប្រទេសដែលប្រកាន់លើការអនុវត្ត ជាជាងទ្រឹស្តី ក្នុងការដឹកនាំប្រទេសឲ្យទទួលបាន សុខដុមន៍យកម្ម និងគ្មានការប្រកាន់ជាតិសាសន៍ និងសាសនា។
ឯកឧត្តមបណ្ឌិត មហាម៉ាត់ អាប់ដុលការីម បានសំដែងនូវក្តីរីករាយយ៉ាងខ្លាំង ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដែលជាប្រទេសមួយស្ថិតក្នុងបេះដូងរបស់លោក។ លោកបានលើកឡើងថា កម្ពុជា ជាប្រទេសមួយពុំមានការរើសអើងខាងសាសនា ជាប្រទេសមានសន្តិសហវិជ្ជមានជាតិសាសន៍ និងសាសនា ដែលនេះជាតម្លៃពិតរបស់កម្ពុជា គួរជាទីគោរព និងគំរូសម្រាប់ពិភពលោក។
សូមជម្រាបជូនថា ឯកឧត្តមបណ្ឌិត មហាំម៉ាត់ អាប់ឌុលការីមអាល់អ៉ីសា ជាអគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២២។
ក្នុងរយៈពេល៧ថ្ងៃ នៃដំណើរទស្សនកិច្ចនេះ ឯកឧត្តមអគ្គលេខាធិការអង្គការ បានចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, បានចូលសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី, សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់, ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ជាមួយគ្នានោះ ឯកឧត្តមអគ្គលេខាធិការក៏បានចូលជួបសម្តែងការគួរសមចំពោះ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃគណៈមហានិកាយ, សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ។
ក្រៅពីនេះ ឯកឧត្តមអគ្គលេខាធិការ និងគណៈប្រតិភូ នឹងមានកម្មវិធីផ្សេងៗជាច្រើនទៀត។
អង្គការសម្ព័ន្ធពិភពឥស្លាម RABITA ជាអង្គការដ៏ធំមួយ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦២ ដោយ ព្រះចៅ ហ្វៃសល អាល់សាអ៊ូឌ ជាសមាជិកសង្កេតការណ៍របស់ អង្គការសហប្រជាជាតិ (UN) ជាសមាជិកសង្កេតការរបស់ អង្គការសហប្រតិបត្តិការឥស្លាម (OIC) ដែលមានមានទីស្នាក់ការ នៅទីក្រុងម៉ាកាស់ (Makkah) ប្រទេសអារ៉ាប៊ីសាអូឌីត មានការិយាល័យរបស់ខ្លួនជាច្រើន ដែលគ្រប់ដណ្តប់ចំនួន៩៥ប្រទេស៕