(ភ្នំពេញ)៖ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ សហគមន៍ឥស្លាមកម្ពុជា បានទទួលជំនួយមនុស្សធម៌ ចំនួន២៤,០៤២,១៩៦លានដុល្លារ ផ្នែកជំនួយគោគួរបាន និងកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ដោយមិនទាន់រាប់បញ្ចូលជំនួយ ផ្នែកសាង់សាងវិហារម៉ាស្ជិទ សាលារៀន និងជំនួយផ្សេងៗទៀត។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា(CMDF)។
លោកបន្ដថា សម្រាប់ឆ្នាំ២០២៤ ជំនួយផ្នែកគោ ពពែគួរបាន សហគមន៍ឥស្លាមកម្ពុជា ទទួលបានតាមរយៈសមាគម អង្គការ សប្បុរសជនជាតិ និងអន្តរជាតិ សម្រាប់សម្លេះយកសាច់ នៅថ្ងៃបុណ្យរ៉យ៉ាហាជី ចំនួន៥,៩៩៣ក្បាល សរុបជាទឹកប្រាក់ចំនួន២,៦២៨,៧៧៩ដុល្លារអាមេរិក ក្នុងនោះសាច់គោ ពពែគួរបាន សាសនិកឥស្លាមប្រមាណជាង៨០% នៃគ្រួសារខ្មែរឥស្លាម ទទួលបាននៅទូទាំងប្រទេស។ ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ (២០២០-២០២៤) កម្ពុជាទទួលបានជំនួយគោ ពពែគួរបាន ចំនួន៣៩,២៥៧ក្បាល សរុបជាទឹកប្រាក់ចំនួន១៧,០៣៣,០០០ដុល្លារ។
ដោយឡែកសម្រាប់កញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌនឆ្នាំ២០២៤ សហគមន៍ឥស្លាមទទួលបាន ដើម្បីចែកជូនដល់បងប្អូនសាសនិកឥស្លាមចំនួន ៦២,២៨៨គ្រួសារ សរុបទឹកប្រាក់១,៤៧៨,៨២៧ដុល្លារ។ សរុបក្នុងរយៈពេល៥ឆ្នាំកន្លងទៅ (២០២០-២០២៤) កញ្ចប់អាហារចំនួន២៩៣,០៥៦គ្រួសារ បានចែកជូនដល់បងប្អូនសាសនិកឥស្លាម សរុបទឹកប្រាក់៧,០០៩,១៩៦ដុល្លារ។ ដូច្នេះក្នុងរយៈពេល៥ឆ្នាំ សរុបថវិកាជំនួយគោ ពពែ គួរបាន និងកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌនមានចំនួន ២៤,០៤២,១៩៦ដុល្លារ។
ទន្ទឹមគ្នានេះដែរ ក្រោយពីបានបញ្ចប់ការសំឡេះគោគួរបានចែកជូនសាសនិកឥស្លាមកម្ពុជា នៅតាមបណ្តាខេត្តមួយចំនួន ក្នុងឱកាសពិធីបុណ្យរ៉យ៉ាហាជ្ជីកាលពីថ្ងៃទី១៧ ខែមិថុនា នាពេលថ្មីៗនេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយតំណាងប្រតិភូអង្គការមនុស្សធម៌អន្តរជាតិចំនួន៣ ក្នុងនោះមានដូចជា អង្គការអន្តរជាតិ Hasene នៃប្រទេសអាឡឺម៉ង តំណាងប្រតិភូអង្គការមូលនិធិ Diyanet នៃប្រទេសទួរគី និងប្រធានអង្គការមូលនិធិសប្បុរសធម៌ម៉ាឡេស៊ី (Yayasan Amal Malaysia) កាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅការិយាល័យមជ្ឈមណ្ឌលឥស្លាមកម្ពុជា (PPIC) រាជធានីភ្នំពេញ។
ឆ្នាំ២០២៤នេះ អង្គការអន្តរជាតិ Hasene បានផ្តល់ជំនួយគោគួរបានដល់កម្ពុជាចំនួន ៣៧០ក្បាល ក្នុងនោះតាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF) ចំនួន១៧០ក្បាល និងសមាគមគ្រូពេទ្យឥស្លាមកម្ពុជា (IMAC) ចំនួន២០០ក្បាល។
ចំណែកគម្រោងកម្មវិធីចែកសាច់គោ (គួរបាន) ឆ្នាំ២០២៤ របស់អង្គការមូលនិធិ Diyanet នៃសាធារណៈរដ្ឋទួរគី បានឯកភាពផ្ដល់ជូនតាមរយៈ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF) និងសមាគមគ្រូបង្រៀនខ្មែរឥស្លាមកម្ពុជា (CAMTA) មានគោសរុប ចំនួន៣៥០ក្បាល សម្រាប់អនុវត្តន៍ចែកជូនសាសនិកឥស្លាម នៅតាមបណ្តារាជធានីខេត្តមួយចំនួន។ រីឯអង្គការមូលនិធិសប្បុរសធម៌ម៉ាឡេស៊ី (Yayasan Amal Malaysia) បានផ្តល់គោគួរបាន ដល់សាសនិកឥស្លាមកម្ពុជា នៅតាមបណ្តាខេត្តមួយចំនួន សរុបចំនួនគោ ៣៦ក្បាល និងពពែ ២ក្បាល។
ក្នុងជំនួបនោះ លោក អូស្មាន ហាស្សាន់ បានថ្លែងអំណរអរគុណដល់អង្គការសមាគមខាងលើ ក៏ដូចជាអង្គការសមាគមនានា ដែលបានផ្តល់ជំនួយគោគួរបាន និងជំនួយផ្សេងៗទៀត ដល់កម្ពុជាជារៀងរាល់ឆ្នាំ ដើម្បីចូលរួមចំណែកជួយសហគមន៍ឥស្លាម ក៏ដូចជាចូលរួមអភិវឌ្ឈន៍សង្គមជាតិ ជាមួយរដ្ឋាភិបាលកម្ពុជា។
លោកបានលើកឡើងថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងបន្តមកសម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់ឱកាសដល់សាសនិកឥស្លាមកម្ពុជា ក្នុងការទទួលអំណោយមនុស្សធម៌ពីគ្រប់ទិសទីដោយមិនប្រកាន់ជាតិសាសន៍ និងសាសនានោះឡើយ។ លើសពីនេះទៅទៀត សហគមន៍ឥស្លាមកម្ពុជា ត្រូវបានអនុញ្ញាតឲ្យមានតំណាងសហគមន៍ខ្មែរឥស្លាម បានក្លាយជាថ្នាក់ដឹកនាំក្នុងស្ថាប័ន នីតិប្បញ្ញត្តិ និង នីតិប្រតិបត្តិ ដើម្បីជួយសម្របសម្រួល និងដោះស្រាយរាល់បញ្ហាជូនសហគមន៍ឥស្លាមឲ្យបានទាន់ពេលវេលា។
ជាមួយគ្នានេះ លោកក៏បានជម្រាបប្រតិភូ អំពីការទៅធ្វើបុណ្យធម្មយាត្រាហាជ្ជ របស់សាសនិកឥស្លាមកម្ពុជាផងដែរ ដោយឆ្នាំ២០២៤នេះមានសាសនិកឥស្លាម ចំនួន៩១០នាក់ បានចេញដំណើរទៅបំពេញកាតព្វកិច្ចបុណ្យនេះ នៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងនោះព្រះចៅសាល់ម៉ាន ពិន អាប់ឌុលអាហ្ស៊ីស អាល់ស៊ូអ៊ូទ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានព្រះរាជទានដល់សាសនិកឥស្លាមកម្ពុជា ចំនួន១៩រូប ព្រមទាំងមានការឧបត្ថម្ភបដិភាគ ចំនួន៥០ រូបផងដែរ គិតជាថវិកាសរុបជាង ៥.៥លានដុល្លារអាមេរិក។
លោក អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណ ដល់ប្រមុខរាជរដ្ឋភិបាលកម្ពុជា ដែលបានបើកទូលាយ ដល់ប្រជាជនកម្ពុជា ក្នុងការទទួលអំណោយមនុស្សធម៌ មកពីបណ្ដាប្រទេសនានា ដើម្បីចូលរួមអភិឌ្ឍនៅកម្ពុជា។
តំណាងអង្គការសមាគមទាំង៣ខាងលើ បានអបអរសាទរ និងបានថ្លែងអំណរអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែបានយកចិត្តទុកដាក់ និងបានបង្កលក្ខណៈងាយស្រួលគ្រប់សព្វបែបយ៉ាង ជូនសហគមន៍ឥស្លាមកម្ពុជា ជាពិសេសបានបើកទូលាយលើគោលនយោបាយ សេរីភាព សុខសន្តិភាព សម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប ដោយមិនប្រកាន់ជាតិសាសន៍ និងសាសនា៕