Subscribe Now
Trending News

CMDF

កម្ពុជា-អូម៉ង់ សន្យារួមគ្នាពង្រឹងទំនាក់ទំនងកាទូត និងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
ព័ត៌មាន & សកម្មភាព

កម្ពុជា-អូម៉ង់ សន្យារួមគ្នាពង្រឹងទំនាក់ទំនងកាទូត និងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Sayyid Badr Bin Hamad Bin Hamoud Al Busaidi រដ្ឋមន្ត្រីក្រសួងការបរទេសអូម៉ង់ នៅទីស្តីការក្រសួង រាជធានីមូស្កាត់ ប្រទេសអូម៉ង់ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។

ជំនួបនេះ ភាគីទាំង២ មានគោលបំណងពិនិត្យធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគី និងបង្កើនប្រសិទ្ធភាព ដើម្បីផ្តល់ជាប្រយោជន៍ដល់ប្រជាជននៃប្រទេសពីរ ព្រមទាំងស្វែងយល់ពីសក្តានុពល និងកាលានុវត្តភាពនៃប្រទេសទាំងពីរលើវិស័យផ្សេងៗដូចជា ថាមពល កសិកម្ម និងវិស័យទេសចរណ៍។ ភាគីទាំងពីរ ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរួមរស់ដោយសន្តិភាព និងការពង្រឹងស្មារតីនៃការអត់ឱន និងការគោរពរវាងសាសនា និងវប្បធម៌។

ជាកិច្ចចាប់ផ្តើមនៃជំនួប ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការបរទេសអូម៉ង់ បានលើកឡើងថា កម្ពុជា-អូម៉ង់ មានទំនាក់ទំនងជាមួយគ្នាជាយូរមកហើយ ខណៈដំណើរទស្សនកិច្ចរបស់ឯកឧត្តមទេសរដ្ឋមន្ត្រីមកកាន់អូម៉ង់នាពេលនេះ នឹងជម្រុញទំនាក់ទំនងការទូត រវាងភាគីទាំង២ កាន់តែរឹងមាំបន្ថែមទៀត។ ឯកឧត្តមបានថ្លែងបន្តថា ភាគីអូម៉ង់នឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យសំខាន់ផ្សេងដើម្បីទទួលបានផលប្រយោជន៍រួម។

ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា អូម៉ង់ គ្រោងនឹងរៀបចំដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍រវាងយុវជន កម្ពុជា-អូម៉ង់ យ៉ាងតិចរយៈពេល២ សប្តាហ៍ ដើម្បីសិក្សាស្វែងយល់ អំពីវប្បធម៌ រឹតចំណងមិត្ត និងផ្លាស់ប្តូរបទពិសោធន៍គ្នា ទៅវិញទៅមក សម្រាប់យុវជនទូទៅ មិនមែនសំដៅលើតែយុវជនមុស្លិមនោះទេ។ ឯកឧត្តមថា នឹងសម្របសម្រួលការងារនេះជាមួយនាយកដ្ឋានមួយ នៃក្រសួងការងារបរទេស ដើម្បីធ្វើការទំនាក់ទំនងជាមួយភាគីកម្ពុជា។

ជាមួយគ្នាដែរ ឯកឧត្តមរដ្ឋមន្ត្រី បានប្រាប់ថា លោក នឹងពិភាក្សាជាមួយ ឯកឧត្តមរដ្ឋមន្ត្រីគរុភ័ណ្ឌ និងកិច្ចការសាសនាអូម៉ង ក្នុងការរៀបចំដំណើរទស្សនកិច្ចមកកម្ពុជានាពេលខាងមុខឆាប់ៗនេះ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី កម្ពុជា-អូម៉ង់ ឱ្យកាន់តែជិតស្និត និងស៊ីជម្រៅបន្ថែមទៀត។

ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលអូម៉ង់ ដែលកន្លងមកបានជួយសម្របសម្រួលដល់និស្សិតកម្ពុជា ដែលបានជាប់គាំងក្នុងបណ្ដាប្រទេសជិតខាងនៃប្រទេស អូម៉ង់ ដោយសារសង្គ្រាម ឲ្យបានវិលត្រឡប់មកដល់មាតុភូមិវិញដោយសុវត្ថិភាព ដោយក្នុងនោះមាននិស្សិតកម្ពុជាចំនួន ១៦នាក់ បានជាប់គាំងនៅប្រទេសយេម៉ែនកាលពីឆ្នាំ២០១៥។

ឯកឧត្តមបណ្ឌិតបន្តថា ប្រសិនបើក្រសួងការបរទេសអូម៉ង់ រៀបចំដំណើរទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍យុវជន ដើម្បីទៅទស្សនកិច្ចនៅអូម៉ង់ ហើយយុវជនអូម៉ង់មកទស្សនកិច្ច នៅកម្ពុជាវិញ នោះវាជារឿងដែលល្អប្រសើរ ព្រោះវានឹងផ្តល់ផ្លែផ្កាជាច្រើនតាមរយៈទស្សនកិច្ចនេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏អរគុណអូម៉ង ដែលតែងតែគាំទ្រកម្ពុជា ដើម្បី ក្លាយជាបេក្ខភាព សង្កេតការណ៍នៅអង្គការសហប្រតិបត្តិការឥស្លាម(OIC)។

ឯកឧត្តមបណ្ឌិតថ្លែងបន្តថា នៅកម្ពុជាមានប្រជាជនចំនួនប្រមាណ១៧ លាននាក់ ក្នុងនោះមានសាសនិកឥស្លាមប្រមាណ៥ ភាគរយ ហើយកម្ពុជាជាប្រទេសប្រកាន់យកសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ ប៉ុន្តែ ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់គោលនយោបាយសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដល់ប្រជាពលរដ្ឋទូទៅ ដោយរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា គ្មានការរើសអើង និងគ្មានជម្លោះសាសនាឡើយ ស្របពេលប្រទេសជាតិកំពុងមានសុខសន្តិភាព និងការរីកចម្រើនឥតឈប់ឈរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានរំលេចពីរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ និងផ្តល់ជូនជាច្រើនចំពោះសហគមន៍ឥស្លាម ក្នុងនោះ សហគមន៍ឥស្លាមកម្ពុជា ត្រូវបានអនុញ្ញាតឲ្យមានតួនាទី នៅតាម ស្ថាប័ន នីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដើម្បីជួយសម្របសម្រួល និងដោះស្រាយរាល់បញ្ហាជូនសហគមន៍ឥស្លាមឲ្យបានទាន់ពេលវេលា។

ជាមួយគ្នាដែរ ឯកឧត្តមបណ្ឌិតបានបន្ថែមថា អង្គការសម្ព័ន្ធពិភពឥស្លាម (RABITA) ក៏គ្រោងរៀបចំសន្និសីទអន្តរជាតិ ស្តីពីសន្តិភាព និងសុខដុមរមនីយកម្មនៅកម្ពុជា នៅដើមឆ្នាំ២០២៥ ខាងមុខនេះផងដែរ ដើម្បីឱ្យតំណាងបណ្ដាសហគមន៍នៃបណ្ដាប្រទេសនានា ពិនិត្យយកបទពិសោធន៍ពីសុខដុមនីយកម្មជាតិសាសន៍ និងសាសនា នៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីការបរទេសអូម៉ង់ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលបាននឹងកំពុងធ្វើអោយមានសុខដុមនីយកម្មជាតិសាសន៍ និងដឹកនាំប្រទេសទទួលបានការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យ៕

Related posts