លោកជំទាវបណ្ឌិត ម៉ែន សំអន​ អញ្ជើញបិទពិធីសូត្រគម្ពីរអាល់គួរអានុលការីមថ្នាក់ជាតិលើកទី២៦ ឆ្នាំ២០១៧

ចុះផ្សាយ: Apr 03, 2017

(ត្បូងឃ្មុំ):​ នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ លោកជំទាវបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទ ការសូត្រគម្ពីរអាល់គួរអានុលការីមថ្នាក់ជាតិលើកទី២៦ ឆ្នាំ២០១៧ នៅឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ពិធីសូត្រគម្ពីររបស់សាសនាឥស្លាមនេះ​ រៀបចំដោយគណ:ដឹកនាំជាន់ខ្ពស់នៃសាសនិកឥស្លាមកម្ពុជា​ សហការជាមួយ​ ក្រសួងធម្មការ​ និង​ សាសនា​ បានប្រព្រឹត្តទៅដោយរលូន​ ក្រោមប្រធានបទ​ "ឥស្លាម​ និង​ នារី"​ រយ:ពេលពីរថ្ងៃ​ គឺថ្ងៃទី០១​-០២​ ខែមេសា​ ឆ្នាំ២០១៧​។​

ក្នុងចំណោមករី-ករីអះ​ (បេក្ខជន-បេក្ខនារី)​ ចំនួន​ ៤៦​នាក់​ មកពីរាជធានីខេត្តទូទាំង​ប្រទេសអញ្ជើញចូលរួមសូត្រ​ គណ:មេប្រយោគក៏បានរកឃើញ​ ករី-ករីអះ​ ជ័យលាភីផ្នែកបុរសចំនួន​ ៣នាក់​ និង​ ជ័យលាភីផ្នែកនារីចំនួនបីនាក់​ គឺផ្នែកបុរស​ លេខ១​ បានទៅលើករីឈ្មោះ​ ទ្រេះ​ ហ្វាវស៊ី​ មកពីខេត្តពោធិ៍សាត់​ លេខ២​ បានទៅលើករីឈ្មោះ​​ សុបយ៉ាន​ អាលី​ មកពីខេត្តក្រចេះ​ និងលេខ៣​ បានទៅលើករីឈ្មោះ​ សុះ​ សាន់សារី​ មកពីខេត្តព្រៃវែង។​ រីឯផ្នែកនារី​ លេខ១​ បានទៅលើករីអះឈ្មោះ​ លី​ អឹមមី​ មកពីរាជធានីភ្នំពេញ​ លេខ២​ បានទៅលើករីអះ​ ស៊ើ​ ម៉ៃយ៉ាំ​ មកពីខេត្តកំពត​ និង​ លេខ៣​ បានទៅលើករីអះឈ្មោះ​ សុប​ព្រីយ៉ាស់​ ពិនទីសាឡេះ​ មកពីខេត្តកណ្តាល។

លោកជំទាវបណ្ឌិត​ ម៉ែន​ សំអន​ បានមានប្រសាសន៍ថា​ រាជរដ្ឋាភិបាល​ ដែលមាន​ ក្រសួងធម្មការ​ និង​ សាសនា​ ជាសេនាធិការ​ បានសហការ​ និងគាំទ្រចំពោះការជួបជុំគ្នារបស់បងប្អូនសាសនិកឥស្លាម​ ដើម្បីប្រារព្ធពិធីប្រពៃណីផ្សេងៗ​របស់សាសនិកឥស្លាម​កម្ពុជា​ ស្របតាមគោលនយោបាយសុខដុមនីកម្មជាតិ​ និងវប្បធម៌ពហុជនជាតិ​ ដែលមានសកម្មភាពយ៉ាងផុសផុល​ និងសស្រាក់សស្រាំ។​ លោកជំទាវ​បណ្ឌិត​ ក៏បានបង្ហាញនូវការពេញចិត្តចំពោះប្រធានបទឆ្នាំនេះ​ "ឥស្លាម​ និង​ នារី"​ ពិតជាសមស្របបំផុតសម្រា​ប់បរិយាការណ៍បច្ចុប្បន្ន​ ដោយហេតុថា​ សមភាពយែនឌ័រ​ និងការលើកកំពស់តម្លៃនារី​ គឺជាគោលនយោបាយរដ្ឋាភិបាល​ ដែលបានអនុវត្តយ៉ាងសស្រាក់សស្រាំ​ និងកំពុងមានចលនាយ៉ាងផុសផុលនៅតាមមូលដ្ឋានគ្រប់ទិសទីនៃប្រទេសជាតិយើង។​ លើសពីនេះ​ ប្រធានបទនេះ​ គឺជាការផ្សាភ្ជាប់ទ្រឹស្តី​ ដែលមានក្នុងគម្ពីរអល់គួរ៉ាអាន​ ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល​ ក្នុងការលើកកម្ពស់សមភាពយែនឌ័រ​ ដែលជាការរួមចំណែក​ ធ្វើឲ្យមានសុវត្ថិភាព​ សន្តិភាព​ សុខដុមនីកម្ម​ គុណធម៌​ និង​ មោទនភាពជាតិ។

ក្នុងនាមសម្តេចតេជោ​ នាយករដ្ឋមន្ត្រី​ និងតាងនាមរាជរដ្ឋាភិបាលកម្ពុជា​ លោកជំទាវបណ្ឌិត​ ម៉ែន​ សំអន​ បានចូលរួមអបអរសាទរ​ និងកោតសរសើរ​ ចំពោះជោគជ័យ​ និង​ លទ្ធផលល្អ​ ដែលសហគមន៍ឥស្លាមទទួលបាន​ ក្នុងការចូលរួមសូត្រគម្ពីររបស់ករី-ករីអះ​ តំណាងឲ្យកម្ពុជាលើឆាកអន្តរជាតិកន្លងមក​ ដែលបានបង្ហាញថា​ កម្ពុជាពិតមែនតែជាប្រទេសតូច​ មានសាសនិកឥស្លាមតិចតួចបំផុត​ តែទទួលបានលទ្ធផលល្អ​ អាចប្រជែងជាមួយប្រទេសធំៗ​ និងមានសាសនិកឥស្លាមជាច្រើន​ ដែលបាចូលរួមសូត្រ។​ លោកជំទាវបណ្ឌិត​ ក៏បានកោតសរសើរ​ដល់បងប្អូនសាសនិកឥស្លាមទូទាំងប្រទេស​ ដែលបានខិតខំថែរក្សាប្រពៃណីដ៏ល្អរបស់ខ្លួន​ ពិសេសការសូត្រគម្ពីរអាល់គួរ៉ាអាន​ ដែលមានការលំបាកបំផុត​ នៅតាមសហគមន៍​ និងគ្រួសារ។

គួរបញ្ជាក់ផងដែរថា​ បន្ទាប់ពីនេះ​ គណ:កម្មាការ​ នឹងបញ្ជូនករីជ័យលាភីលេខ១​ និង​ ករីអះជ័យលាភីលេខ១​ តំណាងព្រះរាជាណាចក្រកម្ពុជា​ ចូលរួមក្នុងពិធីសូត្រគម្ពីរអាល់គួរអានុលការីមថ្នាក់អន្តរជាតិ ប្រចាំឆ្នាំ ២០១៧ នាទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥-២០ ឧសភា ២០១៧​ ដែលមានករី-ករីអះ ចំនួន ១៣៤ នាក់​ មកពី​ ៧០​ ប្រទេស។

ព័ត៌មានតាមផ្នែក
ព័ត៌មានថ្មីៗ
ចុះផ្សាយ: May 10, 2017
ចុះផ្សាយ: Apr 12, 2017
ចុះផ្សាយ: Mar 23, 2017
ចុះផ្សាយ: Mar 13, 2017
ចុះផ្សាយ: Dec 30, 2016
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: