សម្តេចតជោ ហ៊ុន សែន ចាត់តាំង ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការព្រះវិហារឥស្លាមនៅខេត្តកំពង់ចាម

ចុះផ្សាយ: Mar 13, 2017

សម្តេចតជោ ហ៊ុន សែន ចាត់តាំង ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការព្រះវិហារឥស្លាមនៅខេត្តកំពង់ចាម
ព្រះវិហារឥស្លាមមួយដែលមានក្បូរក្បាច់រចនាស្អាត ហើយមានការសរសើរមិនដាច់ពីមាត់អំពីមហាជនដែលបានចូលរួម នៅឯភូមិ៣ ឃុំព្រែកតានង់ ស្រុកកោះសុទិន ខេត្តកំពង់ចាម ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះនិងជាមេបញ្ជាការរងកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ នៅក្នុងពិធីនេះដែរ ឯកឧត្ដម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ក៏បានចូលរួមជាអធិបតី និង មានវត្តមានមន្ត្រីជាន់ខ្ពស់នៃព្រឹទ្ឋសភា រដ្ឋសភា សមាជិក សមាជិការរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំសាសនិកឥស្លាម មហាជន មកពីគ្រប់ទិសទីនៅក្នុងប្រទេសរាប់ពាន់នាក់។
ព្រះវិហារឥស្លាមដែលសម្ពោធនាពេលនេះ មានឈ្មោះថា HAQUL MIDAH ជាអំណោយដ៏ថ្លៃថ្លារបស់សប្បុរសជនម៉ាឡេស៊ី មានទំហំ ១៦ គុណនឹង២៣ម៉ែត្រ កំពស់២ជាន់ ដែលជាន់ផ្ទាល់ដីជាសាលមណ្ឌលសិក្សា និង ជាន់ទី១ ជាកន្លែងប្រតិបត្តិថ្វាយបង្គុំធម៌។ ព្រះវិហារនេះចំណាយថវិការសរុប ២៦៣២៤៤ (ម្ភៃប្រាំមួយម៉ឺន បីពាន់ ពីររយសែសិបបួនដុល្លាអាមេរិក)។
ឯកឧត្ដម ឧកញ៉ា អូស្មាន ហាស្សាន់ ជាថ្នាក់ដឹកនាំមួយរូប ដែលគេតែងតែ ឃើញនៅក្នុងពីធីសម្ពោធនិងពិធីនានារបស់សហគមន៍ខ្មែរឥស្លាម ហើយក៏ជាបុគ្គលដែលទទួលបន្ទុកការងារពីប្រមុខរាជរដ្ឋាភិបាលក្នុងការផ្សារភ្ជាប់ទំនាក់ទំនង និងដឹកនាំសហគមន៍ខ្មែរឥស្លាម បានលើកឡើងពីសុទិដ្ឋនិយម ក្នុងនាមជាថ្នាក់ដឹកនាំសហគមន៍ឥស្លាម ដែលមាននាយករដ្ឋមន្រ្តីល្អ គឺសម្តេចតេជោ ហ៊ុន សែន គឺជាប្រមុខថ្នាក់ដឹកនាំដែលបានផ្តល់ភាពកក់ក្តៅដល់ប្រជារាស្រ្តជាទូទៅ និង ហានលះបង់ឈាមស្រស់ក្នុងការរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។ ឯកឧត្ដម បន្តថា គុណសម្បត្តិទាំងឡាយដែល សម្តេចនាយករដ្ឋមន្រ្តីបានសាង បានធ្វើអោយប្រជាជាតិយើងទាំងមូលមិនងាយនឹងបំភ្លេចបានឡើយ ហើយរឹតតែធ្វើមិនភ្លេចពីគុណបំណាច់ច្រើនមហាសាល ដែលនាយករដ្ឋមន្រ្តីនៃប្រទេសពុទ្ឋសាសនាមួយនេះ បានដោះស្រាយទុកលំបាកច្រើនលើសលប់មិនអាចកាត់ថ្លៃបានជូនសហគមន៍ខ្មែរអ្នកកាន់សាសនាឥស្លាម។
ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងនូវការកោតសរសើរដល់អង្គការក្នុងស្រុក ដែលបានធ្វើកិច្ចសហការល្អជាមួយបណ្តាសប្បុរសជនក្នុងនិងក្រៅប្រទេស ក្នុងការគៀងគរមូលនិធិមកកសាងសហគមន៍របស់របស់ខ្លួន ជាពិសេសឯកឧត្ដមបានសង្កត់ធ្ងន់នូការដឹងគុណដល់ម្ចាស់ជំនួយប្រទេសម៉ាឡេស៊ី ដែលបានឧត្ថម្ភថវិការផ្ទាល់ខ្លួនមកសាងសង់សាមិទ្ឋផលសាសនាជូនសហគមន៍ខ្មែរឥស្លាមដែលចំណាយដើមទុនរាប់សឹបម៉ឺនដុល្លាអាមេរិក។ ឯកឧត្ដម ឧត្តមសេនីយ៍ឯកក៏បាន សម្តែងនូវមោទនភាពសម្រាប់ជាតិខ្មែរទាំងមូល ដែលកើតមកនៅក្នុងសម័យមួយនេះ បានរួមរស់ជាមួយនឹងប្រមុខរាជរដ្ឋាភិបាលដែលរស់នៅរួមសុខជាមួយរាស្រ្ត រក្សាលំនឹងសន្តិភាព និង កំណើនសេដ្ឋកិច្ចប្រទេសជាតិ ពីបាតដៃសូន្យ បន្តមកជាមានអ្វីគ្រប់បែបយ៉ាង ខុសពីបុគ្គលមួយចំនួនដែលតែងតែលើកហេតុផល និងអំណះអំណាងពីភាពស្នហាជាតិរបស់ខ្លួនដើម្បីរកសម្លេងគាំទ្រគណៈបក្សរបស់ខ្លួន តែមិនហានទាំងលះបង់ពេលវេលា ថវិកា និងសញ្ជាតិបរទេសរបស់ខ្លួន មកប្តូរផ្តាច់ជាមួយនឹងជនរួមជាតិនោះឡើយ។ លោកបន្តថា លោកលើកឡើងបែបនេះ លោកតា លោកយាយ ប្រាកដជាដឹងយ៉ាងច្បាស់ថា បុគ្គលនោះជានរណា តែលោកមិនបានលើកពីឈ្មោះចំទៅរកបុគ្គលនោះតែម្តងឡើយ។ ទោះបីយ៉ាងណា អង្គពិធី និងមហាជនដែលចូលរួម ប្រាកដជាដឹងថា បុគ្គលដែលឯកឧត្ដម ឧត្តមសេនីយឯកលើកឡើង គឺប្រាកដជាសំដៅលើមេដឹកនាំគណៈបក្សប្រឆាំងតែម្តង។
គួបញ្ជាក់ផងដែរថា ឯកឧត្ដម ឧត្តមសនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់សម្តេចតេជោហ៊ុន សែន ជាថ្នាក់ដឹកនាំវ័យក្មេងមួយរូបដែលសហគមន៍ខ្មែរឥស្លាមតែងតែកោតសរសើរទាំងលក្ខណៈសម្បត្តិ ភាពជាអ្នកដឹកនាំ កាយវិការប្រកបដោយភាពសាមញ្ញ ទន់ភ្លន់ និងមានទំនាក់ទំនងល្អជាមួយសហគមន៍ទាំងមូលតាមមូលដ្ឋាន ជាពិសេសនៅក្នុងសហគមន៍ខ្មែរឥស្លាម មិនចាញ់ប្អូនៗរបស់លោក ក៏ដូចជាថ្នាក់ដឹកនាំវ័យក្មេងនានាឡើយ។ ក្រៅពីកិច្ចការទំនាក់ទំនងដ៏សកម្ម ជាពិសេសទំនាក់ទំនងទៅកាន់សហគមន៍អន្តរជាតិ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ក៏ជាកូនប្រុសមួយរូប ដែលគេតែងតែឃើញ ត្រូវបានឳពុកនិងអ្នកម្តាយរបស់ខ្លួន គឺសម្តេចតេជោ នាយករដ្ឋមន្រ្តីហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ចាត់អោយអញ្ជើញជាអធិបតីសម្ពោធសាមិទ្ឋផល រឺពិធីនានារបស់សហគមន៍ខ្មែរឥស្លាមនៅពេលណាដែលសម្តេចនាយករដ្ឋមន្រ្តីលោកមមាញឹកនឹងការងារ រឺជាប់បេសកកម្មផ្សេងៗទៀតនោះ។
បន្ទាប់ពីពិធីបំពាក់គ្រឿងឥស្សរីយយសដល់ឥស្សរជនដែលបានលះបង់កម្លាំងកាយពេលវលា និងថវិការ ក្នុងការកសាងសាមិទ្ឋផលរបស់សហគមន៍ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានពាំនាំថវិការឧបត្ថម្ភដោយ សម្តេចនាយករដ្ឋមន្រ្តី និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ក្នុងនោះឧបត្ថម្ភសម្រាប់ព្រះវិហារ ៨លានរៀល ឧបត្ថម្ភថ្លៃតភ្លើង៦០អំពែចូលវត្តឯកព្រែកតានង់ ថវិកា ២១៧២០០០ រៀល ឧបត្ថម្ភវិទ្យាល័យមហាមង្គល ហ៊ុន សែន មហាសៀក និង វិទ្យាល័យជីហែសម្រាប់កាត់ខោអាវដល់យុវសិស្សសរុប២២០នាក់ ចំណាយថវិកា ២៤៤០ ដុល្លាអាមេរិក ឧបត្ថម្ភសិស្សានុសិស្សខ្មែរឥស្លាម ២៥០នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ២ក្បាល ប៊ិច២ ថិការ៥០០០រៀល ឧបត្ថម្ភយុវជនកាយរិទ្ឋ៣០នាក់ ម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល យុវជនកាកបាទក្រហម២០នាក់ ក្នុងម្នាក់ៗទទួលបានទទួលបានថវិកា២ម៉ឺនរៀល យុវជនគណបក្ស១០៥នាក់ ម្នាក់ៗទទួលបាន បានថវិកា១ម៉ឺនរៀល ក្រុមសម្ព័ន្ឋយុវជនមុស្លិមកម្ពុជា ៥០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១ម៉ឺនរៀល ចាស់ជរា ១០០នាក់ក្នុងម្នាក់ៗទទួលបានថវិកា១ម៉ឺនរៀល និងសារុង១ ឧបត្ថម្ភកម្លាំងប៉ូលីស៥៨នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១រៀល កម្លាំងប៉េអឹម៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១ម៉ឺនរៀល កម្លាំងទាហាន៤នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា១ម៉ឺនរៀល ។

ព័ត៌មានតាមផ្នែក
ព័ត៌មានថ្មីៗ
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: