ពិធីជួបជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំ គណៈអ៊ីមុំា រាជធានីខេត្ត អំពីការបើកផ្លូវកាត់តាមបរិវេណវិហារឥស្លាមអាល់សារកាល បឹងកក់

ចុះផ្សាយ: Dec 27, 2016

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៦ ខែធ្នូ ២០១៦ ថ្នាក់ដឹកនាំគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា រាជធានី ខេត្ត ក្រុង ( មេគុណខេត្ត ) ទូទាំង២៤ និង ស្រុក ខណ្ឌ ( អនុគុណ) ចំនួន៥៥ស្រុក និង គណៈអ៊ីម៉ាំម៉ាស្ជិត ( ព្រះចៅអធិការ) ចំណុះវិហារឥស្លាមទូទាំង៥៦០ភូមិឥស្លាមទូទាំងប្រទេសប្រមាណជិត៧០០នាក់ តំណាំងអោយសាសនិកឥស្លាមជិត ៧០ម៉ឺននាក់ បានមកចូលរួមក្នុងកិច្ចប្រជំុពិភាគ្សាលើគម្រោងបើកផ្លូវថ្មី R4 របស់សាលារាជធានីភ្នំពេញ ដែលបើកកាត់ជម្រៀកតូចមួយនៃភាគខាងត្បូងនៃវិហារឥស្លាមមានចម្ងាយប្រមាណ៦០ម៉ែត្រពីជញ្ជាំងវិហារ។ កិច្ចប្រជំុនេះធ្វើឡើងក្រោមអធិបតីភាព លោកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ឯកឧត្តម អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម ឃុយ ស្រេង អភិបាលស្តីទីនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម វ៉ាន់ ម៉ាត់ សមាជិកព្រឹទ្ឋសភាជាតិនៃកម្ពុជា ឯកឧត្តម សុះ មុះសិន រដ្ឋមលេខាធិការក្រសួងធម្មការនិងសាសនា រួមជាមួយឥស្សរជនជាន់ខ្ពស់ របស់រាជរដ្ឋាភិបាល ក៏ដូចជាសមាសភាពគណៈកម្មការវិហារឥស្លាមអាល់សៀរកាលជាច្រើនរូប។

គួរបញ្ជាក់ថា កិច្ចប្រជំុធ្វើឡើងជាការពិគ្រោះយោបល់សម្តែងការគាំទ្រលើគម្រោងបើកផ្លូវរបស់សាលារាជធានីភ្នំពេញ ខណៈដែលមុននេះ៣-៤ថ្ងៃមុន នៅថ្ងៃ២៣ ខែធ្នូ ២០១៦ មានជនអនាមិកដឹកនាំដោយសកម្មជនបក្សប្រឆាំងខ្លះ ក៏ដូចជាបុគ្គលដែលយល់ច្រឡំមួយចំនួន មកធ្វើសកម្មភាពប្រឆាំងនឹងគម្រោងនេះ ថែមទាំងបានបង្កការខូចខាតទាំងស្រុងនូវរបងខណ្ឌការដ្ឋានសាងសងផ្លូវR4របស់សាលារាជធានីភ្នំពេញ។ កិច្ចប្រជំុនេះដែរក៏មានការចូលរួម យ៉ាងច្រើនកុះ ករពីសំណាក់សារព័មានជាតិ និងអន្តរជាតិ។

ឯកឧត្តម ឃិយ ស្រេង បានលើកឡើងថា ផ្លូវ R4 ជាផ្លូវសំខាន់ជាងគេក្នុងចំណោម ផ្លូវ ពី R1 –R11 ព្រោះផ្លីវនេះវាតភ្ជាប់ពីតំបន់អភិវឌ្ឍន៍បឹងកក់ ដែលតចេញពីផ្លូវទំនប់ទួលគោក ទៅកាន់ផ្លូវព្រះមហុវង្ស ហើយបន្តដល់ផ្លូវព្រះស៊ីសុវត្ថិ។ លោកបន្តថា ការអភិវឌ្ឍន៍រមែងត្រូវឆ្លងកាត់ប៉ះពាល់ខ្លះ ជាក់ស្តែងផ្លូវ R1និងR2 ដែលសាលារាជធានីបានធ្វើរួច បានប៉ះពាល់ផ្ទះប្រជាពលរដ្ឋមួយចំនួន ប៉ុន្តែពួកគាត់ស្ម័គ្រចិត្តសម្បទាន ដោយសាលាក្រុងដោះស្រាយសំណងពួកគាត់វិញដោយសាកសម។ ហេតុនេះ យើងខ្ញុំជាអជ្ញាធរ និង ក្រសួងពាក់ព័ន្ឋ សង្ឃឹមថា បងប្អូននឹងមានការចូលរួម ដើម្បីប្រយោជន៍រួម ហើយការចូលរួមនេះ មិនបានធ្វើអោយបាត់បង់ដីមួយភាគណាឡើងរបស់បងប្អូន ផ្ទុយទៅវិញវាបានសម្រួលគ្រប់បែបយ៉ាង។

លោកឧកញ៉ា សុះ កំរ៉ី បានលើកឡើងថា សាសនាឥស្លាមបានជំរុញដាច់ខាត ត្រូវតែមានការចូលរួមវិភាគទាន និងការលះបង់សម្រាប់សេចក្តីត្រូវការរវស់សត្វលោក និងសេចក្តីត្រូវការរបស់ប្រជាជាតិទាំងមូល ជាពិសេសតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាល ហើយរឹតតែចាំបាច់ គឺការតបស្នងដល់អ្នកដែលបានសាងគុណចំពោះខ្លួន តួយ៉ាងមានរដ្ឋាភិបាលកម្ពុជា ជាតួអង្គសំខាន់ជាងគេបង្អស់ដែល ដែលបាន និងកំពុងតែផ្តល់សេចក្តីសុខសន្តិភាពសម្រាប់ប្រជាជាតិទាំងមូល ការផ្តល់ភាពកក់ក្តៅនិងលះបង់គ្រប់បែបយ៉ាងដើម្បីបំពេញសេចក្តីត្រូវការរបស់សាសនិកឥស្លាមកម្ពុជា។ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ មានប្រសាសន៍ថា ដីវិហារឥស្លាមបឹងកក់ មិនមែនជាញើសឈាមរបស់បុគ្គលណាមួយបានទិញនោះឡើយ តែវាជាអំណោយរបស់ព្រះករុណាព្រះបាទបរមរតនកោដ្ឋ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ហេតុនេះ ក្នុងនាមជាមេដឹកនាំកំពូលនៃសាសនាឥស្លាម សូមធ្វើការគាំទ្រគម្រោងបើកផ្លូវនេះ ដើម្បីសោភ័ណភាពទីតាំងវិហារនិងរាជធានី បញ្ចៀសការកកស្ទះចរាចរណ៍ និង ជាការចូលរួមមួយចំនិតតូចរបស់សហគមន៍ឥស្លាមជាមួយរាជរដ្ឋាភិបាល ដែលជាអ្នកដែលសាងគុណមហាសាលសម្រាប់សហគមន៍ឥស្លាមទាំងមូល។

បន្ទាប់ពីបានស្តាប់ប្រសាន៍របស់មន្រ្តីជំនាញ និង ថ្នាក់ដឹកនាំ និងបានស៊ីជម្រៅពីគុណសម្បត្តិនៃការបើកផ្លូវ នៅចុងបញ្ចប់នៃពិធីនេះ មេដឹកនាំគណៈអ៊ីម៉ាំរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងគណៈអ៊ីម៉ាំទូទាំងប្រទេស បានឯកភាពគ្នាជាឯកឆ័ន លើសម្លេងច្រើនលើសលប់១០០ភាគរយ លើកបណ្ណអនុម័តគាំទ្រលើគម្រោងបើកផ្លូវR4 របស់សាលារាជធានីភ្នំពេញ ។ ក្នុងឱកាសនោះដែរ ឯកឧត្តម ហ្សការីយ៉ា អាដាម ក្នុងនាមជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តូី ទទួលបន្ទុកបេសសកកម្មពិសេសលើកិច្ចការឥស្លាមជូននាយករដ្ឋមន្រ្តី និង ក្នុងនាមជាចាងហ្វាងរងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានឡើងអានសេចក្តីថ្លែងការណ៍រួម សម្រេចគាំទ្រចំពោះចំណាត់ការរបស់សាលារាជធានី លើការអនុវត្តគម្រោងបើកផ្លូវ R4 ដាកើបណ្តាញលូ និងរចនាសម្ព័ន្ឋផ្សេងៗទៀត ពីមហាវិថីព្រះមិនុវង្ស កាត់តាមដីទីតាំងវិហារឥស្លាមអាល់សារកាល បឹងកក់ ដែលរាជរដ្ឋាភិបាលបានប្រគល់អោយគ្រប់គ្រងនេះ ដើម្បីរំដោះការកកស្ទះចរាចរណ៍ រំដោះទឹក និងផលប្រយោជន៍ផ្សេងៗទៀត របស់សាសនិកឥស្លាម និងបងប្អូនជនរួមជាតិ ក្នុងសហគមន៍បឹងកក់នេះ ដោយបង្គ្រប់ជូនវិញ នូវផ្ទៃដី និងសាងសង់រាល់សាមិទ្ឋផល ដែលរងប៉ះពាល់ សម្រាប់ប្រើប្រាស់ជាឧត្តមប្រយោជន៍សាសនាឥស្លាម។

ព័ត៌មានតាមផ្នែក
ព័ត៌មានថ្មីៗ
ចុះផ្សាយ: May 10, 2017
ចុះផ្សាយ: Apr 12, 2017
ចុះផ្សាយ: Apr 03, 2017
ចុះផ្សាយ: Mar 23, 2017
ចុះផ្សាយ: Mar 13, 2017
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: