កម្ពុជា-អាល់ហ្សេរី សន្យាពង្រឹងទំនាក់ទំនងទ្វេភាគី

ចុះផ្សាយ: Dec 03, 2016

ភ្នំពេញ៖ ក្នុងឱកាសដែលឯកឧត្តម Mohamed Barrah ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិត អាល់ហ្សេរី ថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា មាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម បន្ទាប់ពីបានថ្វាយសារតាំង ឯកឧត្តម ក៏បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦ នេះ ភាគីទាំងពីរ ក៏បានប្តេជ្ញារួមគ្នា ថានឹងពង្រឹងទំនាក់ទំនងជាប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ លើគ្រប់វិស័យ។

ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ បានជំរាបឲ្យដឹងពីការរីកចំរើនរបស់កម្ពុជា លើគ្រប់ផ្នែក ព្រមជាមួយនឹងការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ទៅលើគ្រប់សាសនាទាំងអស់ ដែលគ្រប់សាសនាទាំងអស់កំពុងរស់នៅជាមួយគ្នាយ៉ាងមានសុខដុម្មនីយកម្ម។  ហើយសាសនិកឥស្លាមកម្ពុជា ក៏កំពុងទទួលបាននូវការផ្តល់ជូនសព្វគ្រប់បែបយ៉ាងពីសំណាក់រាជរដ្ឋាភិបាល។ លោកសង្ឃឹមថា តាមរយៈទំនាក់ទំនងល្អរវាងប្រទេសទាំងពីរនេះ អាល់ហ្សេរី ដែលជាប្រទេសឥស្លាមដ៏ធំមួយ នឹង ជួយជ្រោមជ្រែង និង ទំនុកបំរុងបន្ថែមទៀត ដល់សាសនិកឥស្លាមកម្ពុជា។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានកោតសរសើរកម្ពុជាដែលអាចធ្វើឲ្យសាសនាទាំងអស់អាចរស់នៅជាមួយគ្នាបានយ៉ាងមានសេចក្តីសុខ ខណៈដែលប្រទេសមួយចំនួន មិនអាចធ្វើបាន។ ហើយលោកបានរៀបរាប់ថា រវាងកម្ពុជា និង អាល់ហ្សេរី គឺមានទំនាក់ទំនងល្អជាមួយគ្នាជាយូរណាស់មកហើយ តាំងពីសម័យ ព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម ស៊ីហនុ ហើយព្រះអង្គ គឺជាមិត្តជិទស្និទ្ធជាមួយថ្នាក់ដឹកនាំអាល់ហ្សេរីថែមទៀតផង។ លើសពីនេះទៅទៀត តាមរយៈទំនាក់ទំនងល្អរវាងកម្ពុជា និង អាល់ហ្សេរី នាសម័យនោះ រដ្ឋាភិបាលអាល់ហ្សេរី ក៏បានប្រសិទ្ធនាមទន្លេមួយនៅក្នុងប្រទេសខ្លួនថា «ទន្លេព្រះស៊ីហនុ» ថែមទៀតផង។

ឯកឧត្តមបានបន្ថែមថា អាល់ហ្សេរីក៏បានត្រៀមរួចជាស្រេច ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី បូករួមទាំងជំនួយមនុស្សធម៌នានា និង អាហារូបករណ៍ សម្រាប់សិស្សនិស្សិតកម្ពុជាបន្តការសិក្សាផងដែរ។

ពាក់ព័ន្ធទៅនឹងការស្នើសុំរបស់កម្ពុជា ចូលជាសមាជិកអង្កេតការ របស់អង្គការសហប្រតិបត្តិការឥស្លាម (OIC) អាល់ហ្សេរី មិនដែលបានបដិសេធកម្ពុជាម្តងណាឡើយ តែអាហ្រិកខាងត្បូង ត្រូវបានបដិសេធដោយ ម៉ារ៉ុក ម្លោះហើយទើបកម្ពុជាក៏មិនត្រូវបានបញ្ចូលជាសមាជិកដែរ។

ក្នុងកិច្ចរិតចំណងសាមគ្គីភាពនេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត បានអញ្ជើញថ្នាក់ដឹកនាំកម្ពុជា ធ្វើទស្សនៈកិច្ចនៅអាល់ហ្សេរី ដើម្បី ផ្លាស់ប្តូរទស្សនៈវិស័យ និងពង្រឹងទំនាក់ទំនងឲ្យកាន់តែខ្លាំងថែមទៀត។

ទន្ទឹមនឹងនេះ រដ្ឋាភិបាល អាល់ហ្សេរី កំពុងសាងសង់វិហារឥស្លាមធំជាងគេលើពិភពលោក ដែលមានកំពស់រហូតដល់ ២៣០ម និងអាចផ្ទុកមនុស្សបានរហូតដល់ ១២ម៉ឺននាក់ ចំណាយថវិកាជាង ៦ពាន់លានដុល្លារ ដែលគ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅចុងឆ្នាំ២០១៧ ខាងមុខនេះ ហើយឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានអញ្ជើញថ្នាក់ដឹកនាំឥស្លាមកម្ពុជា ចូលរួមផងដែរ។

ជាកិច្ចឆ្លើយតប ឯកឧត្តម អូស្មាន ហាស្សាន់ ក៏បានសម្តែងនូវក្តីសប្បាយរីករាយ ព្រមជាមួយនឹងការថ្លែងអំណរគុណចំពោះ អាល់ហ្សេរី សម្រាប់អ្វីដែលអាល់ហ្សេរីបានប្តេជ្ញា និង សន្យា។ ពាក់ព័ន្ធទៅនឹងការអញ្ជើញពីសំណាក់ឯកឧត្តមឯកអគ្គរដ្ឋទូត ឯកឧត្តមរដ្ឋមន្ត្រីក៏បានមានប្រសាសន៍ថា លោកនឹងពាំនាំលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាបេសកជនពិសេសរបស់កម្ពុជា ធ្វើទស្សនៈកិច្ច​ និង ប្រគល់ជូនប្រធានាធិបតី អាល់ហ្សេរី ឆាប់ៗខាងមុខ។

ព័ត៌មានតាមផ្នែក
ព័ត៌មានថ្មីៗ
ចុះផ្សាយ: Apr 12, 2017
ចុះផ្សាយ: Apr 03, 2017
ចុះផ្សាយ: Mar 23, 2017
ចុះផ្សាយ: Mar 13, 2017
ចុះផ្សាយ: Dec 30, 2016
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: