ជំនាញការហាឡាលម៉ាឡេស៊ី ចាប់ផ្តើមធ្វើបទបង្ហាញជំហ៊ានបឋម ក្នុងការត្រៀមរៀបចំផែនទីបង្ហាញផ្លូវសម្រាប់អភិវឌ្ឍន៍ផលិតផលហាឡាលកម្ពុជា

ចុះផ្សាយ: Nov 25, 2016

ភ្នំពេញ៖ នៅទីស្តីការក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រុមជំនាញការហាឡាលម៉ាឡេស៊ី នៃក្រុមហ៊ុនអភិវឌ្ឍន៍ហាឡាលម៉ាឡេស៊ី HDC ដែលដឹកនាំដោយ Datuk Seri Rizuan Abdul Hamid ជាអគ្គនាយក បានធ្វើបទបង្ហាញជំហានបឋម ក៏ដូចជាចែករំលែកបទពិសោធន៍ ដល់គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជាក្នុងការត្រៀមរៀបចំផែនទីបង្ហាញផ្លូវ សម្រាប់អភិវឌ្ឍន៍ផលិតផលហាឡាលកម្ពុជា។

ក្រោមអធិបតីភាព ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជា អនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជាកិច្ចប្រជុំពិភាក្សានេះ ក៏មានវត្តមាន ឯកឧត្តម ហ្សាការីយ៉ា អាដាម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង ជាសមាជិកគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា លោកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា និងជាប្រធានគ្រប់គ្រងបច្ចេកទេសរបស់គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជាផងដែរ។

ការផ្តល់ប្រឹក្សាលើផ្នែកបច្ចេកទេសនេះ ធ្វើឡើងបន្ទាប់ពីក្រសួងពាណិជ្ជកម្មកម្ពុជា បានស្នើសុំកិច្ចសហប្រតិបត្តិការពីសំណាក់ភាគីម៉ាឡេស៊ី ហើយដែលក្រុមហ៊ុនអភិវឌ្ឍន៍ហាឡាលម៉ាឡេស៊ី HDCគឺជាក្រុមហ៊ុនមួយ ស្ថិតនៅក្រោមក្រសួងពាណិជ្ជកម្មអន្តរជាតិ និង ឧស្សាហ៍កម្ម ម៉ាឡេស៊ី។ បន្ទាប់ពីបានធ្វើកិច្ចការជាមួយគ្នារវាងភាគីទាំងពីរក្នុងពេលកន្លងមកនេះ នៅថ្ងៃនេះ ភាគីម៉ាឡេស៊ី ក៏បាននាំយកមកធ្វើបទបង្ហាញដល់ភាគីកម្ពុជា នូវបច្ចេកទេស បទពិសោធន៍ និង​ សេចក្តីព្រាងផែនទីបង្ហាញផ្លូវ ដើម្បីធ្វើការពិភាក្សា ថាតើនឹងត្រូវចាប់ផ្តើមពីចំណុចណាមុន ក្នុងចំណោមឧស្សាហ៍កម្មហាឡាលដែលមានជាច្រើនផ្នែកដូចជា ម្ហូបអាហារ សម្លៀកបំពាក់ របស់របរប្រើប្រាស់ ។ល។

ក្រៅពីការផ្តល់ប្រឹក្សាលើផ្នែកបច្ចេកទេសHDCក៏នឹងត្រៀមសហការជាមួយគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា ដើម្បីរៀបចំសិក្ខាសាលាហាឡាល ដែលតាមការគ្រោងនឹងពិភាក្សាលម្អិតរវាងភាគីទាំងពីរ ដើម្បីចាប់ផ្តើមរៀបចំនៅខែក្រោយនេះ នៅរាជធាំនីភ្នំពេញ។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងចូលរួមលើកកំពស់វិស័យហាឡាលកម្ពុជា អោយកាន់តែមានលក្ខណៈទូលំទូលាយ ជាពិសេសការផ្សព្វផ្សាយពីគុណសម្បត្តិរបស់វិស័យនេះទៅកាន់គ្រប់ស្ថាប័ន អ្នកវិនិយោគ និង អតិថិជនក៏ដូចជាអ្នកប្រើប្រាស់ អោយយល់ដឹងកាន់តែស៊ីជម្រៅពីគុណតម្លៃនៃផលិតផលដែលមានស្តង់ដារហាឡាល ជាស្តង់ដារគ្រប់គ្រងទៅលើផលិតផលប្រើប្រាស់ និងបរិភោគ ស្របតាមក្របខណ្ឌលក្ខខន្តិកៈរបស់ឥស្លាម ហើយក៏កំពុងតែមានសំទុះយ៉ាងខ្លាំងក្នុងទីផ្សាអន្តរជាតិផងដែរ។

ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ បានមានសុទិដ្ឋិនិយម ជាមួយនឹងក្តីរំពឹងថា កម្ពុជានឹងអាចរកចំណូលបន្ថែមពីឧស្សាហ៍កម្មហាឡាលនេះ ហើយថា នេះគឺជាជំហ៊ានទីមួយក្នុងការរៀបចំបច្ចេកទេសអភិវឌ្ឍន៍ផលិតផលហាឡាលកម្ពុជា បន្ទាប់ពីយើងបានសិក្សាស្វែងយល់ពីបណ្តាប្រទេសជាច្រើន។ បន្ថែមពីនេះទៀត នាយកដ្ឋានអភិវឌ្ឍន៍ឥស្លាមម៉ាឡេស៊ី (JAKIM)នឹងជួយយើងលើការរៀបចំផ្នែកស្តង់ដារហាឡាល ដែលគោរពទៅតាមលក្ខខណ្ឌនានា ដើម្បីឲ្យប្រទេសនានាលើសកលលោកទទួលស្គាល់។ ក្រៅពីនេះ ភាគីថៃ ក៏កំពុងបើកភ្លើងខៀវរង់ចាំផ្តល់ជំនួយធនធាន និង បច្ចេកទេសផ្សេងៗទៀតផងដែរ។

ព័ត៌មានតាមផ្នែក
ព័ត៌មានថ្មីៗ
ចុះផ្សាយ: Jul 14, 2017
ចុះផ្សាយ: May 10, 2017
ចុះផ្សាយ: Apr 12, 2017
ចុះផ្សាយ: Apr 03, 2017
ចុះផ្សាយ: Mar 23, 2017
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: