ក្រុមហ៊ុនអភិវឌ្ឍន៍ហាឡាលម៉ាឡេស៊ី HDC សហការជាមួយគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា គ្រោងរៀបចំសិក្ខាសាលាស្តីពីវិស័យហាឡាលនៅកម្ពុជា

ចុះផ្សាយ: Nov 24, 2016

ភ្នំពេញៈ នៅក្នុងជំនួបសម្តែងការគួរសមរបស់ឯកឧត្តម Datuk Seri Rizuan Abdul Hamid អគ្គនាយកក្រុមហ៊ុន អភិវឌ្ឍន៍ហាឡាលម៉ាឡេស៊ី HDC ជាមួយ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង ជាអនុប្រធានគណៈកម្មធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា នៅឯវិមានសន្តិភាពកាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ឯកឧត្តម អគ្គនាយកក្រុមហ៊ុន HDC បានលើកឡើងពីគោលបំណងសហការជាមួយគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា ដើម្បីរៀបចំសិក្ខាសាលាហាឡាល ដែលតាមការគ្រោងនឹងពិភាក្សាលម្អិតរវាងភាគីទាំងពីរ ដើម្បីចាប់ផ្តើមរៀបចំនៅខែក្រោយនេះ នៅរាជធាំនីភ្នំពេញ។

ឯកឧត្តមកបញ្ជាក់ថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ចូលរួមលើកកំពស់វិស័យហាឡាលកម្ពុជា អោយកាន់តែមានលក្ខណៈទូលំទូលាយ ជាពិសេសការផ្សព្វផ្សាយពីគុណសម្បត្តិ របស់វិស័យនេះទៅកាន់គ្រប់ស្ថាប័ន អ្នកវិនិយោគ និង អតិថិជនក៏ដូចជាអ្នកប្រើប្រាស់ អោយយល់ដឹងកាន់តែស៊ីជម្រៅពីគុណតម្លៃ នៃផលិតផលដែលមានស្តង់ដាហាឡាល ជាស្តង់ដាគ្រប់គ្រងទៅលើផលិតផលប្រើប្រាស់ និងបរិភោគ ស្របតាមក្របខណ្ឌលក្ខណ្តិកៈរបស់ឥស្លាម ហើយក៏កំពុងតែមានសំទុះយ៉ាងខ្លាំងក្នុងទីផ្សាអន្តរជាតិ។ ក្រុមហ៊ុន HDC នឹងផ្តល់ប្រឹក្សាលើផ្នែកបច្ចេកទេស ជូនគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា ក្នុងឱកាសដែលហាឡាលនៅកម្ពុជាកំពុងតែវិវត្តជាបណ្តើៗ ហើយក៏ត្រូវការស្ថាប័នជំនាញ ពីក្រៅប្រទេស ជាពិសេប្រទេសម៉ាឡេស៊ី ជាប្រទេសដៃគូដែលមានបទពិសោធន៍ និងទទួលបានជោគជ័យ លើវិស័យនេះក្នុងឆាកអន្តរជាតិ។ ក្រុមហ៊ុន HDC សន្យាថា ហាឡាលកម្ពុជា នឹងត្រូវបានទទួលស្គាល់ និងចាត់បញ្ចូលជាសមាជិកភាព របស់នាយកដ្ឋានអភិវឌ្ឍន៍ឥស្លាមម៉ាឡេស៊ី ដែលសព្វថ្ងៃមានសមាជិកហាឡាល ចំនួន៥០ទូទាំងពិភពលោក។

ក្នុងជំនួបនេះក៏មានវត្តមាន ឯកឧត្តម ហ្សាការីយ៉ា អាដាម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង ជាសមាជិកគណៈកម្មាធិការ ត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា លោកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា និងជាប្រធានគ្រប់គ្រងបច្ចេកទេស របស់គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជាផងដែរ។ ឯកឧត្តម អូស្មាន ហាស្សាន់ អនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា បានលើកឡើងពីឱកាសពិសេសនានា ក្នុងការវិនិយោគគ្រប់វិស័យនៅកម្ពុជា ជាពិសេសវិស័យហាឡាល ក៏គ្រោងនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការ ទ្រទ្រង់សេដ្ឋកិច្ចអោយមានការរីកចំរើន។ ឯកឧត្តមបន្តថា កម្ពុជាជាប្រទេសមានលក្ខណៈអំណោយផលក្នុងការវិនិយោគ កម្ពុជាមានវត្ថុធាតុដើមច្រើន មានកម្លាំងពលកម្ម ហើយអាកាសធាតុ ក៏ដូចជាសណ្ឋានដី មានលក្ខណៈអំណោយផលក្នុងការវនិយោគ ទាំងឧស្សាហកម្ម និងកសិកម្មជាដើម ជាពិសេកម្ពុជាមានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាង៧% បើធៀបនឹងបណ្តាបប្រទេសនានាក្នុងតំបន់ និងក្រៅតំបន់ កម្ពុជាជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់បំផុត។

ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ ក៏បានលើកឡើងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានយកចិត្តទុកដាក់ខ្ពស់ និងជំរុញវិនិយោគវិស័យហាឡាលនៅកម្ពុជា ជាពិសេសដើម្បីសម្រួលកិច្ចការនេះ រាជរដ្ឋាភិបាលក៏បានចេញអនុក្រិត ស្តីពីការការបង្កើតគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា ដែលមានក្រសួងពាណិជ្ចកម្ម និង គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ទទួលអនុវត្តកិច្ចការនេះ។

ព័ត៌មានតាមផ្នែក
ព័ត៌មានថ្មីៗ
ចុះផ្សាយ: Jul 14, 2017
ចុះផ្សាយ: May 10, 2017
ចុះផ្សាយ: Apr 12, 2017
ចុះផ្សាយ: Apr 03, 2017
ចុះផ្សាយ: Mar 23, 2017
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: