កិច្ចប្រជុំកំពូលប្រចាំឆ្នាំ ពិភពម៉ាឡាយូពិភពឥស្លាម (DMDI) លើកទី១៧ នៅប្រទេសម៉ាឡេសីុ

ចុះផ្សាយ: Nov 19, 2016

ម៉ាឡេសីុ៖ នៅថ្ងៃទី ១៧-១៨ ខែ វិច្ជិកា ២០១៦ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានពិភពម៉ាឡាយូពិភពឥស្លាមប្រចាំកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ៧ រូប ចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំពិភពម៉ាឡាយូពិភពឥស្លាម (Dunia Melayu Dunia Islam) ហៅកាត់ថា DMDI លើកទី១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម YB Dato’ Seri Dr. Ahmad Zahid Hamidi ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃប្រទេសម៉ាឡេសីុ នៅសណ្ឋាគារ Hatten, រដ្ឋម៉ាឡាកា ប្រទេសម៉ាឡេសីុ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជួររដ្ឋាភិបាល ឥស្សរជន វិនិយោគិន សហគ្រិន ធុរៈកិច្ចជន និងបញ្ញាវន្ត ចំនួន ១,១៣០ នាក់ តំណាងមកពីប្រទេស ២០ ដែលជាសមាជិកពិភពម៉ាឡាយូពិភពឥស្លាមរួមមាន ម៉ាឡេសីុ កម្ពុជា ឥណ្ឌូនេសីុ សិង្ហបុរី ប្រុយណេ ថៃ ចិន អង់គ្លេស ភីលីពីន ស្រីលង្ការ អូស្ត្រាលី អាហ្វ្រិកខាងត្បូង ទីម័រខាងកើត ម៉ាល់ឌីវ ម៉ាដាកាស្ការ បូស្នាហេសហ្គូវីណា អេហ្ស៊ីប និង អៀកឡង់។

ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ឲ្យដឹងថា កិច្ចប្រជុំរយៈ ២ ថ្ងៃ ក្រោមប្រធានបទស្តីពី “សាមគ្គីភាព និង ភាពថ្កុំថ្កើងរុងរឿង សម្រាប់សហគមន៍” បានផ្តោតសំខាន់នូវស្ថានភាពទូទៅលើការអភិវឌ្ឍវិស័យធនាគារឥស្លាម ហិរញ្ញវត្ថុឥស្លាម វិនិយោគ សេដ្ឋកិច្ចបែបទំនើប បច្ចេកវិទ្យា សិក្សាធិការ ការគ្រប់គ្រងវិស័យហាឡាល់ ការប្រមូលវិស័យវ៉ាហ្គាហ្វ (ទាយជ្ជទាន) គ្រប់គ្រងវិស័យហ្សាកាត់ (ការបរិច្ចាគទ្រព្យ) បច្ចេកទេសគ្រប់គ្រងហាជ្ជី (ការធ្វើធម្មយាត្រា) កម្មវិធីយុវជន នៃបណ្តាប្រទេសដែលជាសមាជិករបស់ DMDI ជាដើម។ល។ សំរាប់កម្ពុជា តាមរយៈមូលនិធិ DMDI យើងទទួលបានអាហារូបករណ៍សិស្សនិស្សិតបន្តការសិក្សា នៅតាមសកលវិទ្យាល័យនៅរដ្ឋម៉ាឡាកា និងជួយការងារមនុស្សធម៌ ដូចជា កសាងវិហារ សាលារៀន សិក្ខាសាលា វគ្គបណ្តុះបណ្តាលគ្រូបង្រៀន ឧបត្ថម្ភដល់កុមារកំព្រា កម្មវិធីស្រាយបួស និងជំនួយគ្រោះធម្មជាតិជាដើម។ នៅក្នុងកិច្ចប្រជុំនេះ តំណាងកម្ពុជា ២ រូប លោកជំទាវ ម៉ាណ ណាវី និង លោក យោប អះស្ការី បានទទួលគ្រឿងឥស្សរិយយសមិត្តភាពពីរាជរដ្ឋាភិបាលម៉ាឡេសីុផងដែរ។

ក្រោយពីកិច្ចប្រជុំផ្លូវការ ឯកឧត្តមរដ្ឋមន្រ្តី បានជួបសំដែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពជាមួយ ឯកឧត្តម YB Dato’ Seri Dr. Ahmad Zahid Hamidi ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេច Tun Datuk Utama Mohd Khalil Bin Yaakob ប្រធានរដ្ឋម៉ាឡាកា ឯកឧត្តម Datuk Sri Ir Hj Idris Bin Hj Haron អភិបាលរដ្ឋម៉ាឡា ឯកឧត្តម Datuk Tan Sri Hj Mohd Ali Bin Mohd Rustam សមាជិកព្រឹទ្ធសភា និងជាប្រធាន ពិភពម៉ាឡាយូពិភពឥស្លាមម៉ាឡេសីុ រួមនិងឥស្សរជនសំខាន់ៗជាច្រើនរូបទៀត ដែលអញ្ជើញមកពីបណ្តាប្រទេសផ្សេងៗគ្នា។ បណ្តាថ្នាក់ដឹកនាំមិត្តបរទេស បានកោតសរសើរចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយក្តីគោរពស្រលាញ់ពេញចិត្តចំពោះការដឹកនាំប្រទេស ដែលធ្វើឲ្យមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាពិសេសធ្វើឲ្យគ្រប់សាសនានៅកម្ពុជាគ្មានទំនាស់ និងរើសអើងនឹងគ្នា។

ព័ត៌មានតាមផ្នែក
ព័ត៌មានថ្មីៗ
ចុះផ្សាយ: Apr 24, 2022
ចុះផ្សាយ: Apr 22, 2022
ចុះផ្សាយ: Apr 21, 2022
ចុះផ្សាយ: Apr 14, 2022
ចុះផ្សាយ: Apr 10, 2022
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: