ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ អញ្ជើញជាអធិបតីក្នុងពិធីបិទ វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្នាកដឹកនាំ អ៊ីម៉ាំៗនៅកម្ពុជា

ចុះផ្សាយ: Oct 28, 2016

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង ជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទ វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈថ្នាក់ដឹកនាំ អ៊ីម៉ាំៗនៅកម្ពុជា។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង នៅឯសណ្ឋាគារ Mekong View Tower រាជធានីភ្នំពេញ ដែលរៀបចំឧបត្ថម្ភដោយ នាយកដ្ឋានអភិវឌ្ឍន៍ឥស្លាមម៉ាឡេស៊ី (JAKIM) សហការជាមួយគណៈដឹកនាំជាន់ខ្ពស់នៃសាសានាឥស្លាមកម្ពុជា រួមជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា។

លោក Datuk Haji Abdul Manaf Bin Mat តំណាងនាយកដ្ឋានអភិវឌ្ឍន៍ឥស្លាមម៉ាឡេស៊ី បានលើកឡើងថា សិក្ខាសាលា ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី ២៤-២៧ ខែតុលា ឆ្នាំ២០១៦ មានសិក្ខាកាម៤៧នាក់ ជាថ្នាក់អ៊ីម៉ាំ និងគ្រូ មកពី១៦ខេត្តក្រុងទូទាំងប្រទេស ដែលបានទទួលការបណ្តុះបណ្តាលជំនាញ ភាពជាអ្នកដឹកនាំក្នុងសហគមន៍។ តាមការបញ្ជាក់ សិក្ខាសាលានេះ បានចំណាយថវិកា ១០៨១៤ដុល្លាអាមេរិក ដែលនាយកដ្ឋានរបស់លោករ៉ាប់រងទាំងស្រុង មានទាំងការស្នាក់នៅ ម្ហូបអាហារ និង សោហ៊ុយធ្វើដំណើរ បស់សិក្ខាកាមជាដើម។

នៅក្នុងពិធីបិទ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ បានមានប្រសាសន៍ថា ការសិក្សាដើម្បីចំណេះដឹង ជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់អាយុ និង ឋានៈឡើយ ហើយរឹតតែសំខាន់ គឺថ្នាក់ដឹកនាំអីម៉ាំដែលជាអ្នកដឹកនាំ ក្នុងសហគមន៍ភូមិឥស្លាម ត្រូវបន្ថែមការរៀនសូត្រ និង សិក្សាស្រាវជ្រាវឲ្យកាន់តែច្រើន ដើម្បីចំណេះដឹង បទពិសោធន៍ និងបំណិន ក្នុងការធ្វើខ្លួនជាអ្នដឹកនាំដ៏ល្អ ដែលប្រកបដោយវិជ្ជាជីវៈពិតប្រាកដ ដើម្បីបម្រើដល់ប្រជាពលរដ្ឋ ក្នុងភូមិរបស់យើង។ តាមពិតតួនាទី និងទំនួលខុសត្រូវរបស់ហាកិម និង គណៈអីម៉ាំ គ្រប់លំដាប់ថ្នាក់ ដែលជាខ្សែបណ្តោយរបស់ គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា មានលក្ខណៈទូលំទូលាយ ជាងអ៊ីម៉ាំប្រទេសផ្សេងខ្លះ ព្រោះអ៊ីម៉ាំស្រុកគេ ភាគច្រើនមានទំនួលខុសត្រូវ ​តែលើកិច្ចការផ្សេងដែលទាក់ទងនឹង កិច្ចការរបស់វិហារ តែនៅកម្ពុជាគណៈអ៊ីម៉ាំ ជាអ្នកដែលចូលរួមយ៉ាងសកម្ម ជាមួយរដ្ឋអំណាច និងរដ្ឋបាលមូលដ្ឋាន ដើម្បីសហការគ្រប់គ្រងស្ថានភាពទូទៅ ក្នុងតំបន់របស់ខ្លួន ដែលមានបងប្អូនខ្មែរឥស្លាម ទាំងកិច្ចការសាសនា និង សង្គម។

ឯកឧត្តម ឧកញ៉ា បានរំលឹកដល់គណៈអ៊ីម៉ាំ និង សិក្ខាកាមទាំងឡាយថា សម្រាប់អ្នកដែលមិនទាន់បានទៅចុះឈ្មោះបោះឆ្នោត ដោយជាប់រវល់ ឬការភ្លេចខ្លួន សូមអញ្ជើញរួសរាន់ទៅចុះឈ្មោះបោះឆ្នោត វាជាកាតព្វកិច្ចរបស់យើងគ្រប់ៗគ្នា ពីព្រោះយើងនៅសល់តែរយៈពេល ប្រមាណ ១ខែទៀតប៉ុណ្ណោះ គឺនៅថ្ងៃទី២៩ ខែវិច្ឆិកា នេះ កាលបរិច្ឆេទ នៃការទទួលចុះឈ្មោះបោះឆ្នោត នឹងត្រូវផុតកំណត់។ ឯកឧត្តម មានប្រសាសន៍រំលឹក ផងដែរថា នៅក្នុងការថតរូប ក្នុងការបំពេញសំណុំបែបបទ ឯកសារផ្លូវការផ្សេងៗ ជាពិសេសក្នុងឱកាស ចុះឈ្មោះបោះឆ្នោត បងប្អូនខាងបុរសអាចថតរូបដោយពាក់កាតឹប ហើយស្រ្តីអាចប្រើហីចាបកគ្រប់ពេញទម្រង់ក្បាលបាន ប្រសិនមានមន្រ្តីណាមិនអនុញ្ញាតិដោយគាត់មិនបានដឹងពីការអនុញ្ញាតជាគោលការណ៍របស់រាជរដ្ឋាភិបាលកាលតាំងពីឆ្នាំ២០១៥មក បងប្អូនត្រូវជម្រាបពួកគាត់ រឺបង្ហាញពីសេចក្តីជូនដំណឹងនេះដល់គាត់ សង្ឃឹមថា កង្វះចន្លោះរបស់មន្រ្តីតាមមូលដ្ឋានខ្លះ មិនមែនជាឧបសគ្គរារាំង និងបង្កអោយមានអវត្តមាន របស់បងប្អូនក្នុងការទទួលបានសិទ្ធិបោះឆ្នោត ជ្រើសរើសមេដឹកនាំប្រទេសនោះទេ៕

ព័ត៌មានតាមផ្នែក
ព័ត៌មានថ្មីៗ
ចុះផ្សាយ: Jul 14, 2017
ចុះផ្សាយ: May 10, 2017
ចុះផ្សាយ: Apr 12, 2017
ចុះផ្សាយ: Apr 03, 2017
ចុះផ្សាយ: Mar 23, 2017
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: