រដ្ឋមន្រ្តីឧស្សាហកម្ម និង ពាណិជ្ជកម្មអន្តរជាតិម៉ាឡេស៊ី ភ្ញាក់ផ្អើលនឹងភាពរីកចំរើនរបស់កម្ពុជា

ចុះផ្សាយ: Aug 10, 2016

ភ្នំពេញ៖ ឯកឧត្តម Dato’ Sri Mustapa Mohamed រដ្ឋមន្រ្តីឧស្សាហកម្ម និង ពាណិជ្ជកម្មអន្តរជាតិម៉ាឡេស៊ី បានថ្លែងនៅក្នុងជំនួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីថា " ខ្ញុំពិតជាមានការភ្ញាក់ផ្អើល និង រំភើបជាពន់ពេក បន្ទាប់ពីបាន ឃើញនូវភាពជឿនលឿនគ្រប់វិស័យរបស់កម្ពុជា ទាំងហេដ្ឋារចនាសម្ព័ន្ឋ ផ្លូវថ្នល់ និង អាគារខ្ពស់ស្កឹមស្កៃលេចឡើង យ៉ាងឆាប់រហ័សនៅរាជធានីភ្នំពេញ ខណៈដែលនេះជាលើកទី២ ហើយដែលខ្ញុំមក ទស្សនកិច្ចផ្លូវការនៅកម្ពុជា ចំណែកលើកទី១គឺកាលពីឆ្នាំ២០១២ ក្នុងឱកាសដែលកម្ពុជាជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអាស៊ាន។ ទោះបីជាកាលនោះកម្ពុជា ក៏បាននិងកំពុងតែមានការអភិវឌ្ឍន៍ជាបណ្តើរ ទៅហើយក្តី តែអំលុងពេល៤ឆ្នាំ ខ្ញុំឃើញថាកម្ពុជាពិតជាមានសន្ទុះការអភិវឌ្ឍន៍រីកចម្រើនយ៉ាងលឿន គួរអោយកោតសរសើរ។"

ជំនួបនេះធ្វើឡើង នៅរសៀលថ្ងៃទី ០៩ សីហា ២០១៦ នៅទីស្តីការ វិមានសន្តិភាព ដោយមានវត្តមាន ឯកឧត្តម ហ្សាការីយ៉ា អាដាម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង ថ្នាក់ដឹកនាំបណ្តាក្រសួងផ្សេងៗ ចំណែកភាគីម៉ាឡេស៊ី ក៏មានវត្តមានអមដំណើរដោយ លោកអគ្គរាជទូត ម៉ាឡេស៊ីប្រចាំកម្ពុជា និង និង សហការីក្រសួងឧស្សាហកម្មពាណិជ្ជកម្មម៉ាឡេស៊ីផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តីឧស្សាហកម្ម និង ពាណិជ្ជកម្មអន្តរជាតិម៉ាឡេស៊ី បានប្រសាសន៍ទៀតថា ការមក ទស្សនកិច្ចកម្ពុជាលើកនេះ គឺក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ការវិនិយោគលើវិស័យ ពាណិជ្ជកម្មរវាងកម្ពុជា ម៉ាឡេស៊ី ជាពិសេសគឺជំរុញវិស័យវិនិយោគពាណិជ្ជកម្មក្នុងប្រទេស សមាជិកអាស៊ាន។ លោកក៏បានថ្លែងនូវការកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលធ្វើអោយកំណើនសេដ្ឋកិច្ចកម្ពុជា មានកំណើនដល់ជាង៧% ដែលនេះមិនមែន តែជាការរក្សាកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសកម្ពុជាតែមួយប៉ុណ្ណោះទេ តែជាការចូលរួមបង្ហាញ ពីកំណើន សេដ្ឋកិច្ចសម្រាប់ប្រទេសសមាជិកអាស៊ាននៅលើឆាកអន្តរជាតិ។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១២ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានសន្យាផ្តល់ជំនួយជាថវិកា១លាន ដុល្លាមកស្ថាប័នគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាតាមរយៈក្រសួងឧស្សាកម្មនិងពាណិជ្ជកម្មម៉ាឡេស៊ី ដើម្បីអភិវឌ្ឍន៍លើវិស័យនានាក្នុងសហគមន៍ខ្មែរឥស្លាម ដែលក្នុងនោះ ក៏មានមួយផ្នែកសម្រាប់ការស្ថាប័នផលិតផលហាឡាល់ដែលជាវិស័យឧស្សាហកម្មស្តង់ដាបែបឥស្លាម
ផងដែរ តែថវិការនេះនៅមិនទាន់បានទទួលយកមកប្រើប្រាស់នៅឡើយខណៈដែលដំណើរការនៃការ លើកឡើងពីគម្រោងជាក់ស្តែងពីភាគីកម្ពុជានៅមិនទាន់បានរួចរាល់នៅឡើយ។

ទាក់ទងនឹងការបង្កើត ស្ថាប័នហាឡាល់នេះ ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ បានលើកឡើងថា ថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យដើម្បីដាក់ចេញអោយដំណើរការបង្កើតស្ថាប័ន ហាឡាល់ ដែលមានក្រសួងពាណិជ្ជ កម្ម និង គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ជាអ្នកសហការអនុវត្តកិច្ចការនេះ។ ចំណែកភាគីម៉ាឡេស៊ីនៅរងចាំជួយជ្រោមជ្រែងនិងសហការលើផ្នែកបច្ចេកទេសដើម្បីអោយដំណើរបានរលូន និង ឆាប់ទទួលលទ្ធផល។ ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីឧស្សាហកម្ម និង ពាណិជ្ជកម្មអន្តរជាតិម៉ាឡេស៊ី បានប្រាប់អោយដឹងថា នៅសប្តាហ៍ក្រោយនេះ ក្រសួងរបស់លោក នឹងចាត់តាំងអោយនាយកដ្ឋានបច្ចេកទេសហាឡាល់ ដែលមាន ស្ថាប័ន JAKIM នឹងអញ្ជើញ មកពិភាក្សាការងារពីដំណើរការនៃការប្រព្រឹត្តទៅនៃការបង្កើតស្ថាប័នហាឡាល់នៅកម្ពុជា អោយមាន ប្រសិទ្ឋភាព ក៏ដូចជាការដាក់ចេញនូវគម្រោងពីការស្នើសុំថវិការពីរដ្ឋាភិបាលម៉ាឡេស៊ី ដើម្បី អនុវត្ត ទៅតាមសាច់ការនៃការងារជាក់ស្តែង។

ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ ក៏បានអញ្ជើញគណៈប្រតិភូម៉ាឡេស៊ី ទស្សនកិច្ចការដ្ឋានសាង សង់នៃអាគារផ្សារទំនើប Mega Mall ជាផ្សាទំនើបមានទំហំធំជាងគេបង្អស់នៅកម្ពុជា ដែលមានក្រលាផ្ទៃប្រមាណជាង១៤ម៉ឺនម៉ែត្រការ៉េ មានកំពស់១១ជាន់ ក្នុងនោះ២ជាន់ជាជាន់ក្រោមដី។ តាមការបញ្ជាក់របស់អ្នកចាត់ការទូទៅរបស់ផ្សាទំនើបនេះបានអោយដឹងថា តាមការគ្រោងអាគារនេះ នឹងបង្ហើយការសាង់សង់នៅចុងឆ្នាំ២០១៦។

ព័ត៌មានតាមផ្នែក
ព័ត៌មានថ្មីៗ
ចុះផ្សាយ: Apr 24, 2022
ចុះផ្សាយ: Apr 22, 2022
ចុះផ្សាយ: Apr 21, 2022
ចុះផ្សាយ: Apr 14, 2022
ចុះផ្សាយ: Apr 10, 2022
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: