ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ អញ្ជើញប្រគល់កញ្ចប់អំណោយ ជូនប្រជាពលរដ្ឋខ្មែរឥស្លាម ១៥០០គ្រួសារ និងទទួលទានអាហារស្រាយបួស ជាមួយប្រជាពលរដ្ឋ ខេត្តកំពង់ឆ្នាំង ភ្នំពេញ និង កំពង់ធំ

ចុះផ្សាយ: Jun 17, 2016

ភ្នំពេញ៖ មួយថ្ងៃបន្ទាប់ពីបញ្ចប់ពិធីពិធីទទួលទានអាហារស្រាយបួសនៅមជ្ឈមណ្ឌលកោះពេជ្រកាលពីថ្ងៃ១៤ ខែមិថុនា ឆ្នាំ២០១៦ ក្រោមការរៀបចំ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ស្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ចាប់ពីថ្ងៃទី១៥ ដល់ ១៧ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានបន្តអញ្ជើញសំណេះសំណាល និងចែកកញ្ចប់ម្ហូបអាហារសម្រាប់ខែរ៉ាម៉ាឌន ជូនប្រជាពលរដ្ឋខ្មែរឥស្លាមនៅខេត្តចំនួន៣ គឺរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង និង ខេត្តកំពង់ធំ សរុបប្រជាពលរដ្ឋក្រីក្រដែលទទួលអំណោយមានចំនួន ១៥០០គ្រួសារ  ដែលអំណោយទាំងនេះជាការឧបត្ថម្ភ អង្គការមូលនិធិឌីយ៉ាណិតទួរគី Turkish  Diyanet Foundation (TDV) រួមសហការជាមួយ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ដែលក្នុងមួយគ្រសារៗទទួលបាន អង្ករ ៥គក ម្សៅអង្ករខ្សាយ ៥គក ស្ករស ២.៥គក ប្រេងឆា ២.៥ល ផ្លែល្មើ ១គក សណ្តែក ១គក តែ ០.៥គក និង អំបិល ២គក។

ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះគណ:ប្រតិភូទួរគី ដែលបានពាំនាំនូវអំណោយដ៏ថ្លៃថ្លា របស់ប្រជាជនទួរគី តាមរយ:មូលនិធិឌីយ៉ាណិត មកពីទីដ៏សែនឆ្ងាយ។  ថ្វីបើកញ្ចប់អាហារស្រាយបួសនេះមិនច្រើន មិនបានគ្រប់ៗគ្នា តែក៏អាចជួយសម្រាលជីវៈភាពបងប្អូនដែលខ្វះខាតបានមួយកម្រិត ហើយយើងអាចមើលឃើញពីទឹកចិត្តអាណិតស្រលាញ់រាប់អាន ការយកចិត្តទុកដាក់ ពីសំណាក់ប្រជាជាតិទួរគីទាំងមូល។ ត្រង់ចំណុចនេះ ឯកឧត្តមក៏បានបន្តថា ខណៈដែលសាសនិកឥស្លាមនៅឯនាយសមុទ្រឯណោះ មានចិត្តអាណិតស្រលាញ់ ជួយយើង ដូច្នេះ ក្នុងនាមយើងជាប្រជាជាតិតែមួយ ត្រូវរួបរួមសាមគ្គីគ្នា គោរពរាប់អានគ្នាទៅវិញទៅមក ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ ក៏បានលើកឡើងពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ចំពោះប្រជាជនទូទៅ ដោយបានដោះស្រាយនូវក្តីកង្វល់ ជាហូរហែរ។ ដោយឡែក រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមេហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ក៏បានដោះស្រាយ និងអនុគ្រោះជាច្រើនដល់សហគមន៍ខ្មែរឥស្លាមទាំងមូលផងដែរ។ រហូតដល់ពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានសម្រេច ជាគោលការណ៍បញ្ចូលគ្រូខ្មែរឥស្លាម ប្រមាណ ១៥០០ នាក់ ទៅក្នុងក្របខណ្ឌមន្ត្រីរាជការ នៃក្រសួងអប់រំ យុវជន និង កីឡា ដែលជាការជួយដោះស្រាយជីវៈភាពបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម ទាំងមួល បានយ៉ាងច្រើន បើគិតជាថវិកាដែលសហគមន៍ខ្មែរឥស្លាមទទួលបាន សរុបក្នុងមួយឆ្នាំ ប្រមាណ ៤លានដុល្លា ឯណោះ។

នៅក្នុងដើមសប្តាហ៍នេះទៀតសោត រាជរដ្ឋាភិបាល បានរៀបចំពិធីពិសារអាហារស្រាយបួស ជាលក្ខណៈជាតិ លើកទី៣ ដែលមានអ្នកចូលរួមប្រមាណ ៤៥០០ នាក់ ហើយ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំជាតិ បានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញជាអធិបតី និង ចូលរួមជាមួយបងប្អូនខ្មែរឥស្លាមយើង ដែលនេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ប្រមុខដឹកនាំរបស់យើង។ ដូច្នេះ យើងត្រូវតែដឹងគុណ ទៅចំពោះអ្នកដែលមានគុណមកលើយើង ស្របទៅនឹងប្រសាសន៍របស់ព្យាការី មូហាំម៉ាត់ ដែលថា «ជនណាមិនដឹងគុណមនុស្ស ជននោះ មិដឹងគុណអល់ឡោះ។»

បន្ទាប់ពីបញ្ចប់ពិធីចែកអំណោយ លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង ប្រតិភូទួរគី ក៏បានបន្តទទួលទានអាហារស្រាយបួសជាមួយនឹងបងប្អូនប្រជាពលរដ្ឋ លើកទី១ជាមួយបង្អូនមកពីស្រុកកំពង់ត្រលាច ខេត្តកំពង់ឆ្នាំង និងលើកទី២ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ។

គួរបញ្ជាក់ផងដែរថា អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានចុះអនុសារណ:យោគយល់គ្នា ដោយឯកឧត្តមប្រធានអង្គការទាំងពីរ ដើម្បីធ្វើកិច្ចសហការលើវិស័យមនុស្សធម៌ ស្រាវជ្រាវ អប់រំ និងគម្រោងមួយចំនួនទៀតនៅកម្ពុជា និង ប្រទេសទួរគី។

នេះជាលើកទី៥ហើយ ដែលអង្គការមួយនេះ បានឧបត្ថម្ភថវិកាសម្រាប់កម្មវិធីមនុស្សធម៌នៅកម្ពុជា តាមរយ:អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា។

ព័ត៌មានតាមផ្នែក
ព័ត៌មានថ្មីៗ
ចុះផ្សាយ: Apr 24, 2022
ចុះផ្សាយ: Apr 22, 2022
ចុះផ្សាយ: Apr 21, 2022
ចុះផ្សាយ: Apr 14, 2022
ចុះផ្សាយ: Apr 10, 2022
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: