ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ សម្ពោធសាមិទ្ឋផលនានានៅខេត្តត្បូងឃ្មុំ អញ្ជើញតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត

ចុះផ្សាយ: May 24, 2016

ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦នេះ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអំនាយករដ្ឋមន្រ្តី និង លោកជំទាវ បានអញ្ជើញជាអធិបតី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ដើម្បីសម្ពោធសាមិទ្ឋផលនានា របស់សមាគមអាល់រ៉ាស៊ីទីមុស្លិមកម្ពុជា ដែលមានតម្លៃសរុបជាង ១លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះរួមមានអាគារសិក្សា អន្តេរវាសិកដ្ឋាន វិហារឥស្លាម អណ្តូងទឹកស្អាត បង្គន់អនាម័យ និង សាមិទ្ឋផលនានាជាច្រើនទៀត ដែលជាអំណោយ របស់ សប្បុរសជនមកពីប្រទេសម៉ាឡេស៊ី ព្រុយណេ សាំងហ្គាពួរ។

ពិធីសម្ពោធនេះធ្វើឡើងនៅភូមិទួលពន្លៃ ឃុំជីរោទ៍ទៅ២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និង មានការចូលរួមពីសមាជិកសមាជិការរាជរដ្ឋាភិបាល មន្រ្តីក្រសួងនិង ស្ថាប័ន នានា គណៈអ៊ីម៉ាំ គ្រូ យុវជន យុវនារី នៃកាកបាទក្រហមកម្ពុជា កាយារិទ្ឋ សហភាពសហព័ន្ឋយុវជនកម្ពុជា សមាគមសម្ព័ន្ឋយុវជនមុស្លិមកម្ពុជា សិស្សានុសិស្ស ប្រជាពលរដ្ឋប្រមាណ១០០០នាក់ ។

ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ បានសម្តែងការកោតសរសើរចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់សមាគម ដែលបាន ទទួលអំណោយនានា ពីសប្បុរសជនអន្តរជាតិ ដើម្បីយកមកកសាងអភិវឌ្ឍន៍ប្រទេសជាតិ។ ឯកឧត្តមបន្តថា នេះក៏ដោយសារតែប្រទេសជាតិមានសុខសន្តិភាព សុខដុមរមនីយកម្ម គ្មានការរើសអើង ពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

ឯកឧត្តម ក៏មានប្រសាសន៍ទៅកាន់អង្គពិធី ស្តីអំពីគម្រោងបើកផ្លូវរបស់សាលារាជធានីភ្នំពេញ កាត់តាមបរិវេណដីវិហាឥស្លាមបឹងងកក់ថា វាជាគោលការអភិវឌ្ឍន៍របស់សាលារាជធានី ក៏ដូចជាគម្រោង អភិវឌ្ឍន៍របស់ រដ្ឋាភិបាលនៅតំបន់នេះ ហើយវាក៏ជាដំណោះស្រាយ សំរាប់បំរើប្រយោជន៍ សាធារណៈជនទូទៅ ធ្វើដំណើរឆ្លងកាត់ គឺជាទង្វើគុណធម៌ ដែលច្បាប់ឥស្លាមជំរុញបន្ថែម និងលើកទឹកចិត្ត ជាពិសេសវាជាការចូលរួមអភិវឌ្ឍន៍ ជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយការកកស្ទះ ចរាចរនៅរាជធានីភ្នំពេញទាំងមូល មិនតែប៉ុណ្ណោះ វាជាដំណោះស្រាយ ការអភិវឌ្ឍន៍ប្រព័ន្ឋលូ កុំអោយមានការកកស្ទះនៅក្នុងវិហារ ក៏ដូចជាតំបន់ជុំវិញ ក្រោយពីគម្រោងអាគាររបស់ ក្រុមហ៊ុននៅក្រោយវិហារត្រូវបានធ្វើឡើង និយាយរួមមានផ្លូវ គឺមានដង្ហើម។ ឯកឧត្តមបន្តថាទំហំដីរបស់វិហារមានទំហំធំ មិនគួររក្សាទុកដីចោលដោយគ្មាន គម្រោងអភិវឌ្ឍន៍នោះទេ ម្យ៉ាងទៀត វិហារនេះស្ថិតនៅតំបន់ច្រកល្ហក ផ្លូវតូចហើយទាល់ បើបានគម្រោង ឆ្លងកាត់ផ្លូវនេះវា ជំនួសមកវិញដោយការលើកទីតាំង វិហារទាំងមូលមក នៅកណ្តាលរាជធានី មានមហាវិថីនៅចំកណ្តាលរវាងវិហារ និង គម្រោងអាគារ ដែលថ្នាក់ដឹកនាំ និងគណៈកម្មការវិហារនេះ គ្រោងធ្វើឡើង ដើម្បីរកចំណូលសម្រាប់ការចំណាយរបស់វិហារ ការផ្តល់ប្រាក់ខែដល់ បុគ្គលិកវិហារ និងគណៈអ៊ីម៉ាំ ហាកិមទូទាំងប្រទេស និងប្រយោជន៍នានាសម្រាប់ ទ្រទ្រង់សហគមន៍ខ្មែរឥស្លាម។

ឯកឧត្តមបន្តទៀតថា មកដល់ពេលនេះ ថ្នាក់ដឹកនាំឥស្លាមគ្រប់កម្រិតបានមើលឃើញ សារប្រយជន៍ នៃការបើកផ្លូវនេះ ហើយក្នុងនោះគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ជាស្ថាប័នកំពូល របស់ឥស្លាម ដែលតែងតាំងដោយព្រះមហាក្សត្រ គណៈអ៊ីម៉ាំរាជធានីខេត្តទាំង២៤ និង ៥២ស្រុក ព្រមទាំង៥៥១ភូមិ សុទ្ឋតែបានឯកភាពទៅលើគម្រោងនេះ លើកលែងតែ ៤ភូមិប៉ុណ្ណោះ ដែលនៅមិនទាន់ ចេញការគាំទ្រនៅឡើយ ដោយមិនទាន់យល់ស៊ីជម្រៅ ទៅលើគម្រោងខាងលើ។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ក៏បានបំពាក់មេដាយជូនឥស្សជនដែល មានស្នាដៃក្នុងការកសាងសមិទ្ធផលនានា ហើយក៏បានពាំនាំនូវអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនដល់កម្មវិធីចំនួន២លានរៀល ឧបត្ថម្ភយុវជនកាក បាទក្រហមកម្ពុជា ៥០នាក់ ក្នុងម្នាក់ៗទទួលបានថវិការ១ម៉ឺនរៀល យុវជនកាយារិទ្ធ ៥០នាក់ ក្នុងម្នាក់ៗទទួលបានថវិការ១ម៉ឺនរៀល យុវជនសសយក ៥០នាក់ ក្នុងម្នាក់ៗទទួលបានថវិការ១ម៉ឺនរៀល និង យុវជនសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ៣០នាក់ ក្នុងម្នាក់ៗទទួលបានថវិការ ១ម៉ឺនរៀល ព្រមទាំងសិស្សានុសិស្ស ៣៥០នាក់ ក្នុងម្នាក់ៗសៀវភៅ២ ប៊ិច២ ថវិកា២០០០រៀល៕

ព័ត៌មានតាមផ្នែក
ព័ត៌មានថ្មីៗ
ចុះផ្សាយ: Apr 24, 2022
ចុះផ្សាយ: Apr 22, 2022
ចុះផ្សាយ: Apr 21, 2022
ចុះផ្សាយ: Apr 14, 2022
ចុះផ្សាយ: Apr 10, 2022
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: