ម៉ាស្ជិទថ្មីមួយទៀត តម្លៃ ៦៦ម៉ឺនដុល្លា ក្នុងក្រុងកំពង់ចាម សាងសង់ជិតរួចរាល់ហើយ

ចុះផ្សាយ: Jan 16, 2016

កំពង់ចាម៖ បងប្អូនសាសនិកឥស្លាមកម្ពុជា មានក្តីសប្បាយរីករាយ ដោយពួកគេមានវិហារ ឬម៉ាស្ជិទ ដែលជាទីគោរពសក្ការ:សាសនារបស់ខ្លួននៅស្ទើរគ្រប់ភូមិទាំងអស់ទូទាំងប្រទេស ជាង៥០០ភូមិ។  ជាមួយគ្នានេះដែរ បងប្អូន សាសនិកឥស្លាមនៅក្នុងភូមិរការ ក្រុងកំពង់ចាម កាន់តែមានក្តីរំភើបថែមទៀត ដោយពួកគេ បានទទួលម៉ាស្ជិទថ្មីមួយទៀត ដែលមានតម្លៃ ៦៦ម៉ឺនដុល្លាអាមេរិក ជំនួសវិហារចាស់នៅក្នុងភូមិរបស់ពួកគេ ដែលមកដល់ពេលនេះ សាងសង់រួចរាល់បាន ៨០% ហើយ។

បើតាមការឲ្យដឹង ពីលោក ស្លេះ ពិន យ៉ាមីន ជាអ៊ីម៉ាំក្រុងកំពង់ចាម ថា ម៉ាស្ជិទថ្មីដែលកំពុងសាងសាង់ជិតរួចរាល់នេះ មានឈ្មោះថា «ម៉ាស្ជិទជាមៀកក្រុងកំពង់ចាម» ដែលមានទំហំ ២៣ម x ២៨ម កំពស់ពីរជាន់ បានចាប់ផ្តើមសាងសង់ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៤ ដោយប្រើប្រាស់ថវិកាបានពីការចូលរួមរបស់ប្រជាពលរដ្ឋចំនួន ២ម៉ឺនដុល្លា ក្រៅពីនេះ ជាជំនួយឧបត្ថម្ភពីសប្បុរសជនមកពីប្រទេស ម៉ាឡេស៊ី ប្រ៊ុយណេ និង សឹង្ហបុរី តាមរយៈ សមាគមអភិវឌ្ឍន៍ និង សុខមាលភាពឥស្លាមកម្ពុជា។

ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសដែលលោក បានអញ្ជើញទៅពិនិត្យសំណង់ម៉ាស្ជិទនេះ ហើយបានជួបសំណេះសំណាលជាមួយបងប្អូន និង​សិស្សានុសិស្សឥស្លាម នៅទីនោះ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦នេះ បានមានប្រសាសន៍ថា «យើងបានទទួលវិហារថ្មីស្កឹមស្កៃ ក៏ដោយសារ ប្រទេសយើងមានសុខសន្តិភាព មិនមានជំលោះសាសនា លើសពីនេះទៅទៀត ដោយសាររាជរដ្ឋាភិបាលកម្ពុជា បានបើកទ្វារជំនួយ។ យើងអាចសាងសង់ម៉ាស្ជិទនេះ មានក្បូរក្បាច់រចនាស្រស់ស្អាត សឹងតែស្មើនឹងវិហារធំអាល់សារកាល នៅក្រុងភ្នំពេញ ក៏ដោយសារយើងមានថ្នាក់ដឹកនាំ ភូមិ-ឃុំ របស់យើងល្អ។ ប្រៀបដូចនេះហើយ យើងទទួលបានអ្វីៗសព្វបែបយ៉ាង ពីរាជរដ្ឋាភិបាល តាំងពីដើមរៀងមក រហូតថ្មីៗនេះ ក្តីកង្វល់ ការលំបាកផ្សេងៗ ត្រូវបានដោះស្រាយ និងផ្តល់ជូនជាបន្តបន្ទាប់ ពិសេស​ កាដូរដ៏ធំសម្រាប់សហគមន៍ខ្មែរឥស្លាម គឺការផ្តល់ជូនប្រាក់បៀវត្សដល់គ្រូខ្មែរឥស្លាមចំនួន ១៥០០នាក់ ទៀតសោត ក៏បានមកដោយសារ យើងមានថ្នាក់ដឹកនាំប្រទេសល្អ។ ហេតុនេះហើយ យើងត្រូវតែដឹងគុណ និងគាំទ្រទៅចំពោះអ្នកដែលផ្តល់ជូនយើងឲ្យរស់នៅក្នុងភាពសំបូរសប្បាយ។ ការគាំទ្រដល់រាជរដ្ឋាភិបាល គឺដូចជាការគាំទ្រចំពោះខ្លួនដូច្នោះដែរ។»

ព័ត៌មានតាមផ្នែក
ព័ត៌មានថ្មីៗ
ចុះផ្សាយ: Apr 24, 2022
ចុះផ្សាយ: Apr 22, 2022
ចុះផ្សាយ: Apr 21, 2022
ចុះផ្សាយ: Apr 14, 2022
ចុះផ្សាយ: Apr 10, 2022
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: