ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ អញ្ជើញបិទសិក្ខា​សាលាគរុកោ​សល្យ និងប្រគល់វិញ្ញា​បនបត្រ ជូនគ្រូបង្រៀន​ខ្មែរឥស្លាម

ចុះផ្សាយ: Dec 31, 2015

(ភ្នំពេញ)៖ គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ បានរៀបចំពិធីបិទវគ្គសិក្ខាសាលា បណ្តុះបណ្តាលគរុកោសល្យ គ្រូបង្រៀនខ្មែរឥស្លាមកម្ពុជា និង ការប្រគល់វិញ្ញាបនបត្រ គរុកោសល្យស្តង់ដាម៉ាឡេស៊ី ដល់គ្រូបង្គោល ក្រោមអធិបតីភាព ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង​ជាប្រធាន អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា។

ក្នុងពិធីនេះ ក៏មានវត្តមានរបស់ លោកឧកញ៉ា សុះ កំរ៉ី ចាងហ្វាង គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ឯកឧត្តម ហ្សាការីយ៉ា អាដាម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី លោក Dato Aidit Bin Haji Ghazali ប្រធានមូលនិធិ Yayasan Murni Aqidah Malaysia និងសមាជិកក្រុមប្រឹក្សាសាសនាឥស្លាមរដ្ឋស្លាងរ ប្រទេសម៉ាឡេស៊ី និងគណៈប្រតិភូអមដំណើរ រួមជាមួយលោក លោកស្រី គ្រូៗ ជាច្រើនកុះករ។

វគ្គសិក្ខាសាលាបណ្តុះបណ្តាលគរុកោសល្យនេះ មានរយៈពេល២ថ្ងៃកន្លះ ដែលចាប់ផ្តើមតាំងពី ២៨ ខែធ្នូ ឆ្នាំ២០១៥ ជាការឧបត្ថម្ភរៀបចំរបស់ មូលនិធិ Yayasan Murni Aqidah Malaysia ចំណាយថវិកា ៧៥០០ដុល្លា សម្រាប់ឯកសារ ការហូបចុក និងសេាហ៊ុយធ្វើដំណើរបស់សិក្ខាកាម ដែលតំណាងពីទូទាំង២៥ខេត្តក្រុង ទូទាំងប្រទេស។ សមាសភាពសិក្ខាកាម ដែលត្រូវបានជ្រើសរើស គឺភាគច្រើនជាសាស្រ្តាចារ្យ ខ្មែរឥស្លាម ដែលបានបញ្ចប់ការសិក្សាថ្នាក់ឧត្តម ពីក្រៅប្រទេស និងមួយចំនួនតូចក្នុងប្រទេសផងដែរ។

វគ្គសិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាពបង្រៀន ដល់គ្រូបង្គោលផ្នែកឥស្លាម ដែលនឹងបង្រៀនបន្តដល់បណ្តាគ្រូ១៥០០ ទូទាំងប្រទេស បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ទើបតែសម្រេចកាលពីខែមិថុនា ២០១៥ ដើម្បីដាក់បញ្ចូលក្នុងក្របខណ្ឌគ្រូ ក្នុងក្រសួងអបរំយុវជននិងកីឡា ដែលសរាចរនេះ ត្រូវបានអនុវត្តចាប់ពីថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០១៥។

លោក Dato Aidit Bin Haji Ghazali ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំឥស្លាមកម្ពុជា និង សាសនិកឥស្លាមកម្ពុជាទាំងអស់ ដែលតែងតែលើកទឹកចិត្ត និងអាណិតស្រលាញ់រូបលោក ដែលបានជម្រុញទឹកចិត្តលោក និងក្រុមការងារ ឲ្យបន្តជួយដល់កម្ពុជាជាបន្តបន្ទាប់។ លោកបានបន្តថា  គ្រូៗទាំង ១០០នាក់ នេះ គឺត្រូវបានជ្រើសរើសដោយអល់ឡោះជាពិសេស។​ ថ្វីត្បិតថា គ្រូៗដែលបានចូលរួមមានចំនួនតែ ១០០នាក់ ក៏ដោយ តែយើងសង្ឃឹមថា លោកគ្រូ អ្នកគ្រូ និងយកចំណេះដែលទទួលបាន យកទៅចែករំលែកបន្ត ដល់គ្រូៗដ៏ទៃទៀត រាប់ពាន់នាក់។ លោកបានសន្យាថា រូបលោកផ្ទាល់ និងក្រុមការងារ នឹងបន្តជួយដល់សាសនិកឥស្លាមកម្ពុជា ជាបន្តទៀត។

ឯកឧតត្តមឧកញ៉ា អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណដល់ភាគីម៉ាឡេស៊ី ពិសេស Dato Aidit Bin Haji Ghazali និងក្រុមការងារ ដែលតែងតែផ្តល់ជំនួយមកដល់កម្ពុជា ជាបន្តបន្ទាប់ ទាំងផ្នែកបច្ចេកទេស ថវិកា និងកម្លាំងកាយចិត្ត។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា យើងទាំងអស់គ្នាគឺជាមេដឹកនាំ យើងគឺជាបណ្តាញគ្រូបង្គោលនៅក្នុងភូមិនីមួយៗ ហើយយើងជាអ្នកទទួលខុសត្រូវលើអនាគតរបស់កូនចៅឥស្លាមនៅក្នុងភូមិនីមួយៗ។ ដូចច្នេះ សូមលោកគ្រូ-អ្នកគ្រូ យកចំណេះដឹងដែលទទួលបាននៅពេលនេះ និងលើកមុនៗ យកទៅអនុវត្តឲ្យទទួលបានលទ្ធផលល្អ។

ឯកឧត្តមឧកញ៉ា បានបន្តថា កន្លងមក គ្រូៗទាំងអស់មានការលំបាក ដោយសារពុំមានប្រាកបៀវត្សច្បាស់លាស់ ដែលធ្វើឲ្យការបង្រៀនមិនសូវខ្ជាប់ខ្ជួន។ តែពេលនេះ រាជរដ្ឋាភិបាល បានសម្រេចជាគោលការ បញ្ចូលគ្រូខ្មែរឥស្លាម ចំនួន ១៥០០នាក់ ទៅក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ដែលជាការដោះបន្ទុកជីវភាពលោកគ្រូ-អ្នកគ្រូ ដោយកាដូដ៏ធំពីរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោជាប្រមុខ។ ដូច្នេះ បន្តពីនេះទៅ សូមលោកគ្រូ-អ្នកគ្រូ មេត្តាយកចិត្តទុកដាក់ក្នុងការបង្រៀនឲ្យបានល្អ ក្នុងនាមជាមន្ត្រីរបស់រាជរដ្ឋាភិបាលផង និង ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាផង។

គួរបញ្ជាក់ដែរថា រហូតមកដល់សព្វថ្ងៃ ក្រុមប្រឹក្សាឥស្លាមរដ្ឋស្លាងរ ប្រទេសម៉ាឡេស៊ី ជាស្ថាប័នរដ្ឋម៉ាឡេស៊ី ក្រោមការគ្របគ្រងផ្ទាល់ ដោយព្រះចៅនៃរដ្ឋស្លាងរ ទទួលបន្ទុកកិច្ចការសាសនាឥស្លាម និងការប្រមូលទ្រព្យបរិច្ចាក របស់សាសនិកឥស្លាម។ ចាប់តាំងពីឆ្នាំ២០១០ ស្ថាប័ននេះ បានធ្វើការសហការជាមួយគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា និង អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ជួយកសាងសាមិទ្ឋិផលនានាជាច្រើន ដែលសរុបថវិកាប្រមាណ១១២០ ០០០ដុល្លាអាមេរិក៕

ព័ត៌មានតាមផ្នែក
ព័ត៌មានថ្មីៗ
ចុះផ្សាយ: Apr 24, 2022
ចុះផ្សាយ: Apr 22, 2022
ចុះផ្សាយ: Apr 21, 2022
ចុះផ្សាយ: Apr 14, 2022
ចុះផ្សាយ: Apr 10, 2022
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: