ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ សួរសុខទុក្ខលោកគ្រូអ្នកគ្រូ និង សិស្សានុសិស្សសាលារៀនអាល់អៀហសាន ដែលដំណើរការអប់រំស្តង់ដាឥស្លាម

ចុះផ្សាយ: Dec 19, 2015

ភ្នំពេញ៖ ឆ្លៀតពីកិច្ចការដ៏មមាញឹក ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ និង សិស្សានុស្សិស្ស នៃសាលារៀន អាល់អៀហ្សាន ស្ថិតនៅ ភូមិគីឡូម៉ែត្រលេខ៩ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥។

លោក មូហាំម៉ាត់ អាលី ដែលជានាយកសាលា អាល់អៀហសាន្ត បានឲ្យដឹងថា សាលារៀននេះ បានចាប់ផ្តើមដំណើរការរយៈពេល ៩ឆ្នាំ មកហើយ ដែលបង្រៀនទាំងចំណេះទូទៅផង និងសាសនា ផង ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៩ មានពីរវេណ គឺវេណព្រឹក និងវេណរសៀល។ ចំពោះការ ចំណាយផ្សេងៗ បានមកពីប្រាក់វិភាគទាន ពីសំណាក់ មាតា បិតា អាណាព្យាបាលសិស្ស។

កាលពីឆ្នាំ២០០៧ សមាគមអាល់អៀហសាន បានចាប់ផ្តើមដំណើរការកម្មវិធីផ្នែកអប់រំរបស់ខ្លួនគឺ សាលារៀន អាល់អៀសាននេះ ដែលកាលនោះ មានសិស្សតែចំនួន ៦នាក់ប៉ុណ្ណោះ ហើយបច្ចុប្បន្ននេះ មានសិស្សដែលកំពុងសិក្សាសរុបចំនួន ៦២១នាក់ ក្នុងនោះសិស្សស្រីចំនួន ៣០០នាក់ ដោយឡែក លោកគ្រូ អ្នកគ្រូ ទាំងអស់មានចំនួន ៣៥នាក់ ក្នុងនោះ អ្នកគ្រូមានចំនួន ១៦នាក់។

សាលារៀនអាល់អៀហសាន បានទទួលអាគារសិក្សាថ្មី ជាជំនួយរបស់ មូលនិធិ Zakat House នៃរដ្ឋគុយវ៉ែត តាមរយៈអង្គការ Al-Rahmah ពិភពលោក និង អង្គការសម្របសម្រួលសង្គម នៃរដ្ឋគុយវ៉ែត សហការជាមួយសមាគមសប្បុរសធម៌ដើម្បីអភិវឌ្ឍន៍កម្ពុជា។ អាគារសិក្សា ដែល មានកំពស់ ៤ជាន់ មានបន្ទប់សិក្សា ២៤បន្ទប់ បន្ទប់រដ្ឋបាល ៥ បន្ទប់បណ្ណាល័យ១ បន្ទប់កុំព្យូទ័រ១ ព្រមទាំងបន្ទប់បច្ចេកទេស១ ហើយចំណាយថវិកាអស់ ៣៥ម៉ឺនដុល្លា នេះ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត នាយរងសេនាធិការ ចំរុះកងយោធពល ខេមរៈភូមិន្ទ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤។

ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ បានមានប្រសាសន៍ថា បច្ចុប្បន្នយើងមាន សាលារៀនអប់រំផ្នែកឥស្លាម ស្ទើរគ្រប់ភូមិនៅទូទាំងប្រទេស ហើយកន្លងមកយើងតែងតែជួបប្រទះនូវការលំបាកចំពោះការផ្តល់ ប្រាក់ឧត្ថម្ភដល់គ្រូឥស្លាមទាំងនោះ។ ប៉ុន្តែនាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចជាគោល ការណ៍ បញ្ចូលគ្រូខ្មែរឥស្លាម ចំនួន ១៥០០នាក់ ទៅក្នុងក្របខណ្ឌ គ្រូបង្រៀនរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលនេះជាការសម្រាលបន្ទុកមួយផ្នែកធំ សម្រាប់សហគមន៍ឥស្លាមនៅកម្ពុជា។

លោកបានបន្តថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ តែងតែកោតសរសើរដល់សហគមន៍ខ្មែរឥស្លាម ដែលថាពុំដែលបានបង្កក្តីកង្វល់ណាមួយឡើយ។ ផ្ទុយ ទៅវិញគឺយើងបាននិងកំពុងរស់នៅជាមួយគ្នាយ៉ាងសុខសាន។ ប្រទេសកម្ពុជា អាចចាត់ទុកជា ប្រទេសគំរូមួយ ដែលពុំមានជំលោះសាសនាណាមួយកើតឡើងទេ។

លោកបានមានប្រសាសន៍ផ្តាំផ្ញើ ដល់លោកគ្រូអ្នកគ្រូទាំងអស់ ត្រូវខិតខំបង្រៀនសិស្សានុសិស្ស ឲ្យបាន ល្អ ដែលពួកគេទាំងអស់គឺប្រៀបដូចជាកូនក្មួយ ដែលជាសាច់ឈាមបង្កើតរបស់យើង។ ឱពុកម្តាយ របស់ពួកគេ បានបញ្ជូនកូនៗរបស់ខ្លួនមកសិក្សា ក្រេបយកចំណេះដឹង គឺពឹងផ្អែកទាំងស្រុងទៅលើ លោកគ្រូអ្នកគ្រូ ដូច្នេះត្រូវខិតខំយ៉ាងណាអប់រំពួកគេឲ្យទទួលបានចំណេះដឹងល្អៗ ដើម្បីយក ទៅអភិវឌ្ឍទាំងសហគមន៍ឥស្លាម ទាំងសង្គមជាតិ និងរួមគ្នាអភិវឌ្ឍលើគ្រប់វិស័យ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

លោក ក៏បានប្រសាសន៍ផ្តាំផ្ញើដល់ ក្មួយៗ ចៅៗ ដែលជាសិស្សនុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ ទាំងចំនេះដឹងផ្នែកសាសនា និងចំនេះដឹងទូទៅ ព្រោះអ្នកទាំងអស់គ្នា គឺជាទំពាំងស្នងឫស្សី សម្រាប់ប្រទេសជាតិនាពេលអនាគត។

 

ព័ត៌មានតាមផ្នែក
ព័ត៌មានថ្មីៗ
ចុះផ្សាយ: Apr 24, 2022
ចុះផ្សាយ: Apr 22, 2022
ចុះផ្សាយ: Apr 21, 2022
ចុះផ្សាយ: Apr 14, 2022
ចុះផ្សាយ: Apr 10, 2022
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: