ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ុល សារឿន និង ឯកឧត្តមឧកញ៉ អូស្មាន ហាស្សាន់ ជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងបងប្អូនខ្មែរឥស្លាម ប្រមាណជិត ៥០០នាក់ នៅខេត្តព្រះសីហនុ

ចុះផ្សាយ: Aug 10, 2015

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៥ នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ុល សារឿន សមាជិកគណ:អចិន្ត្រៃយ៍ គណ:កម្មាធិការកណ្តាល ប្រធានក្រុមការងារ គណ:កម្មាធិការកណ្តាល ចុះជួយខេត្តព្រះសីហនុ បានអញ្ជើញចែកអំណោយ និង សំណេះសំណាល សាកសួរសុខទុក្ខថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋខ្មែរឥស្លាម ប្រមាណ៤៩១នាក់ ទូទាំងខេត្តព្រះសីហនុ។ ពិធីសំណេះសំណាលនេះ ក៏មានវត្តមានរបស់ ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម ហ្សាការីយ៉ា អាដាម រដ្ឋមន្រ្តីមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ព្រមទាំងឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស ជាច្រើនរូបទៀត។

បន្ទាប់ពី លោក ម៉ាន យូសុះ គណៈអ៊ីម៉ាំខេត្តព្រះសីហនុ ឡើងអានរបាយការណ៍ ជូនគណ:អធិបតី និងអង្គពិធីទាំងមូល ស្តីពីស្ថានភាពទូទៅ នៃបងប្អូនសាសនិកឥស្លាមនៅទូទាំងខេត្ត ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ បាន មានប្រសាសន៍ថា ការផ្តល់ជូននូវ សិទ្ធិសេរីភាព និងអ្វីៗគ្រប់បែបយ៉ាង ពីសំណាក់រាជរដ្ឋាភិបាល ចំពោះបងប្អូនសាសនិកឥស្លាម ក៏ដូចជាប្រជាពលរដ្ឋទូទៅ គឺជាគោលនយោបាយដ៏ត្រឹមត្រូវ និង យុត្តិធម៌ក្រោមការដឹក នាំដ៏ឈ្លាសវៃរបស់ប្រមុខថ្នាក់ដឹកនាំ ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្រ្តី។ ឯកឧត្តមបន្តថា ថ្មីៗនេះរាជរដ្ឋាភិបាលសម្រេចបញ្ចូលក្របខណ្ឌ និង ផ្តល់ប្រាក់បៀវត្ស ដល់គ្រូខ្មែរឥស្លាម គឺជាការដោះបន្ទុកប្រជាពលរដ្ឋ ក៏ដូចជាការលើកកំពស់វិស័យអប់រំផងដែរ ពីព្រោះថា កន្លងមកប្រាក់ឧបត្ថម្ភរបស់ពួកគាត់ គឺបានមកពីការរៃអង្គាស ពីបងប្អូន ដែលអាចផ្តល់ផលពិបាកខ្លះដល់បងប្អូន។ ដូច្នេះហើយគ្រូៗ ដែលមានជីវភាពខ្វះខាត ពីដើមមក រវល់តែនឹងការស្វែងរកការងារក្រៅដើម្បីបំពេញតម្រូវការចំណាយប្រចាំថ្ងៃ ធ្វើអោយរអាក់រអួលដល់កិច្ចការងារបង្រៀន របស់គាត់ និងបង្កការប៉ះពាល់ទៅកាន់គុណភាពអប់រំធម៌សាសនាដល់ស្រទាប់កុមារ និង យុវជនខ្មែរឥស្លាម គឺពីពេលនេះទៅលែងជាបញ្ហាចោទអ្វីទៀតឡើយ។ លើសពីនេះទៅទៀត ដើម្បីថ្លែងអំណរគុណដល់គ្រូៗ ចំណាស់មានអាយុលើសពី ៦០ឆ្នាំ ដែលបានតស៊ូបង្រៀនដោយស្ម័គ្រចិត្តគ្មានប្រាក់បៀវត្សរ៍រាប់សិបឆ្នាំមកហើយនោះ រាជរដ្ឋាភិបាលបានសម្រេចបញ្ចូលពួកគាត់ ទៅក្នុងគ្រូជាប់កិច្ចសន្យាផងដែរ។ ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ ក៏បានអំពាវនាវឲ្យមាតាបិតា សូមបញ្ជូនកូនចៅឲ្យចូលរៀន ទាំងផ្នែកទូទៅ និងផ្នែកសាសនា ឲ្យបានគ្រប់ៗគ្នា ដើម្បីឲ្យកូនចៅរបស់ខ្លួនមានចំណេះដឹង មានសិលធម៌ មានអនាគតល្អ ដើម្បីការអភិវឌ្ឍន៍ ខ្លួនឯង គ្រួសារ ក៏ដូចជាការលើកកម្ពស់វិស័យអប់រំ និង គោលនយោបាយភូមិ ឃុំមានសវត្ថិភាព។ សូមបងប្អូន បន្តការគាំទ្ររាជរដ្ឋាភិបាល ដែលកំពុងតែផ្តល់នូវសុខសន្តិភាព សេរីភាព និងគ្មានការរើសអើង ចំពោះបងប្អូន ជារដ្ឋាភិបាលដែលកំពុងធ្វើ មិនមែនបានត្រឹមតែសន្យានោះឡើយ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម ប៉ុល សារឿន បានមានមតិសំណេះសំណាលថា ការពិតលោករស់នៅក្បែរៗបងប្អូន សាសនិកឥស្លាមអស់ជាងពាក់កណ្តាលជីវិតមកហើយ ឃើញថា បងប្អូនយើងមានអត្តចារឹកល្អ សុភាពរាបសារ មានប្រាស្រ័យទាក់ទងគ្នាល្អ ការរស់នៅចុះសម្រុងគ្នា ហើយពុំដែលមានបញ្ហាអ្វីឡើយ។ ក្នុងប្រវត្តិសាស្រ្តបានបង្ហាញថា បងប្អូនខ្មែរ និងបងប្អូនឥស្លាម បានមានការប្រាស្រ័យទាក់ទងគ្នាល្អ តាំងពីសម័យអង្គរមកម្លេះ។ រហូតមកដល់សម័យកាលបច្ចុប្បន្ននេះ យើងរឹតតែមានទំនាក់ទំនងគ្នាយ៉ាងស្អិតរមួតថែមទៀត។ ដូច្នេះ យើងត្រូវ បន្តវប្បធម៌ស្អិតរមួតនេះ ឲ្យបានយូរអង្វែងរហូតតទៅ។ ដោយបានមើលឃើញ ពីភាពចាស់ទ្រុឌទ្រោម នៃវិហារឥស្លាម អាល់ម៉ូបារ៉ាក់ នៅចំពោះមុខ ដែលវិហារនេះ ត្រូវបានសាងសង់តាំងពីឆ្នាំ ១៩៦៣ មកម្លេះ ហើយឆ្លងកាត់សម័យសង្គ្រាម ពួកខ្មែរក្រហម បានយកវិហារនេះ ធ្វើជាទីតាំងស្តុកស្បៀង ជាមន្ទីរពេទ្យ ជាកន្លែងចិញ្ចឹមសត្វជាដើម ដែលធ្វើឲ្យវិហារនេះ កាន់តែចាស់ទ្រុឌទ្រោមថែមទៀត ឯកឧត្តមនាយឧត្តមសេនិយ៍ ក៏បានថ្លែងឲ្យដឹងផងដែរថា លោក និងថ្នាក់ដឹកនាំផ្សេងទៀត នឹងខិតខំ ស្វះស្វែងរកជំនួយពីសប្បុរសជននានា ដើម្បីជួយសាងសង់វិហារនេះថ្មីជូនបងប្អូន ដែលក្នុងនោះ ក៏នឹងមានបណ្ណាល័យ សម្រាប់ការស្រាវជ្រាវចំនេះដឹង ផងដែរ។ នៅមុនបញ្ចប់ ពិធី ឯកឧត្តមគណ:អធិបតីទាំងពីរ ក៏បានអញ្ជើញចែកអំណោយជានិមិ្មតរូប សម្រាប់បងប្អូនសាសនិក ឥស្លាមដែល បានអញ្ជើញចូលរួម ទាំងអស់ ៤៩១នាក់ ដែលក្នុងម្នាក់ៗទទួលបាន សារុង០១ អាវយឺត០១ និងថវិការ ៥ម៉ឺនរៀល។

ព័ត៌មានតាមផ្នែក
ព័ត៌មានថ្មីៗ
ចុះផ្សាយ: Apr 24, 2022
ចុះផ្សាយ: Apr 22, 2022
ចុះផ្សាយ: Apr 21, 2022
ចុះផ្សាយ: Apr 14, 2022
ចុះផ្សាយ: Apr 10, 2022
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: