ពិធីបើកដំណើរការឱ្យប្រើប្រាស់ សៀវភៅសិក្សាអប់រំឥស្លាមភាសាខ្មែរ

ចុះផ្សាយ: Jun 15, 2015

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃ ១៥ ខែមិថុនា ឆ្នាំ២០១៥ នៅទីស្នាក់ការកណ្តាល គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា មានប្រារព្ធពិធីបើកដំណើរការឱ្យប្រើប្រាស់ សៀវភៅសិក្សាអប់រំឥស្លាមភាសាខ្មែរ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានអង្គការ មូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា។ នាឱកាសនោះដែរក៏មានវត្តមាន របស់ លោកឧកញ៉ា សុះ កំរ៉ី ចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា តំណាងភាគីម្ចាស់ជំនួយ របស់ស្ថាប័នកិច្ចការសាសនាឥស្លាមរដ្ឋស្លាងរ ម៉ាឡេស៊ី តំណាងស្ថាប័នហ្សាកាត់រដ្ឋស្លាងរ ម៉ាឡេស៊ី រួមនិងឯកឧត្តម លោកជំទាវ សមាជិសមាជិការ គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា និងប្អូនៗសិស្សានុសិស្ស យ៉ាងច្រើនកុះករ។

ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ បានលើកឡើងថា នេះមិនមែនជាលើកទី១ ទេដែលស្ថាប័នកិច្ចការសាសនាឥស្លាមរដ្ឋស្លាងរ របស់ម៉ាឡេស៊ី បានជួយមកដល់សហគមន៍ឥស្លាមនៅកម្ពុជា ពោលគឺស្ថាប័ននេះ បានជួយឧបត្ថម្ភគាំទ្រ លើវិស័យអប់រំ និងវិស័យនានាជាច្រើនទៀត សម្រាប់សហគមន៍ឥស្លាម នៅកម្ពុជាតំាងពីឆ្នាំ២០១២ មកម៉្លេះដូចជាការ បើកវគ្គបណ្តុះបណ្តាល បំពាក់បំប៉ន ផ្នែកគរុកោសល្យក្នុងការបង្រៀនសិស្ស ដល់គ្រូឥស្លាម និងការបោះពុម្ពសៀវភៅ សិក្សាអប់រំឥស្លាម ជាភាសាចាម និងភាសាខ្មែរ ។ល។

ឯកឧត្តម បញ្ជាក់ថា សៀវភៅសិក្សាអប់រំឥស្លាមភាសាខ្មែរ ដែលត្រូវបានបោះពុម្ពនាពេលនេះ មានចំនួន ១២,០០០ក្បាល ដែលគិតជាថវិការប្រមាណជា ១៨,០០០ ដុល្លារអារមេរិក ត្រូវបានរៀបចំ និងចងក្រងឡើងសម្រាប់បណ្តុះបណ្តាល ដល់សិស្សានុសិស្សឥស្លាមនៅកម្ពុជា ពីកំរិតថ្នាក់ទី១ ដល់ទី៦ ហើយយើងនឹងធ្វើបន្តបន្ទាប់ទៀត រហូតដល់កំរិតថ្នាក់ទី១២ ដូចនៅប្រទេសឥស្លាមដ៏ទៃទៀតដែរ។ កន្លងមកការអប់រំផ្នែកសាសនា ត្រូវបានធ្វើឡើងទៅតាមតំបន់រៀងៗខ្លួន ប៉ុន្តែពេលនេះយើងបាន ស្នើរសុំខាងភាគីម៉ាឡេស៊ី តាមរយៈស្ថាប័នកិច្ចការសាសនា ឥស្លាមរដ្ឋស្លាងរ ដើម្បីបោះពុម្ពសៀវភៅសិក្សានេះឡើង ដើម្បីចែកចាយដល់គ្រប់សាលារៀនឥស្លាម នៅទូទាំងប្រទេស ដែលពីមុនមក បានបោះពុម្ពជាភាសាចាម ប៉ុន្តែឥលូវនេះយើងបាន ធ្វើការបោះពុម្ពជាភាសាខ្មែរ ដើម្បីងាយស្រួលដល់សិស្សានុស្សទំាងឡាយណា ដែលមិនចេះភាសាចាម អាចមើល និងរៀនបាន។ ឯកឧត្តម បញ្ជាក់បន្ថែមថា យើងក៏មានគម្រោងពង្រីក កម្មវិធីសិក្សាផ្នែកសាសនាឥស្លាម រហូតទៅដល់ថ្នាក់មហាវិទ្យាល័យផងដែរ ព្រោះបច្ចុប្បន្នយើងមានធនធានមនុស្សច្រើន ដោយសារមាននិស្សិត ឥស្លាមនៅកម្ពុជា ជាច្រើននាក់ដែលបានទៅ សិក្សាការអប់រំផ្នែកសាសនា នៅក្រៅប្រទេស និងបានត្រលប់មកវិញជាបន្តបន្ទាប់។

នៅក្នុងឱកាសនោះដែរ ស្ថាប័នហ្សាកាត់រដ្ឋស្លាងរ ក៏បានពាំនាំនូវថវិការចំនួន ៧០,០០០រីងហ្គីត ស្មើនឹង ១៨,៦១២ ដុល្លារអាមេរិក សម្រាប់ឧបត្ថម្ភដល់បងប្អូនឥស្លាម ក្រីក្រនៅកម្ពុជា នាឱកាសខែបួសរ៉ាម៉ាឌន ដែលនឹងខិតជិតមកដល់នាប៉ុន្មានថ្ងៃខាងមុខ៕

អត្ថបទ៖ ម៉ូស្កាន

 

 

ព័ត៌មានតាមផ្នែក
ព័ត៌មានថ្មីៗ
ចុះផ្សាយ: Apr 24, 2022
ចុះផ្សាយ: Apr 22, 2022
ចុះផ្សាយ: Apr 21, 2022
ចុះផ្សាយ: Apr 14, 2022
ចុះផ្សាយ: Apr 10, 2022
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: