ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ អំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជា ទៅទទួលការព្យាបាលជម្ងឺ ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យខេត្តកំពង់ចាម

ចុះផ្សាយ: May 03, 2015

កំពង់ចាម៖ នៅល្ងាចថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៥ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានជួបពិភាក្សាការងារ និងសំណេះសំណាលជាមួយ អង្គការគ្រូពេទ្យអន្តរទ្វីប (PAC) នៃប្រទេស អារ៉ាប៊ីសាអូឌីត ដែលបាន និងកំពុងដំណើរការ កម្មវិធីព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី ០២ ដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៥ នេះទៅនៅមន្ទីរពេទ្យខេត្តកំពង់ចាម ដែលនឹងព្យាបាលជូន ដោយក្រុមវេជ្ជបណ្ឌិតជំនាញ មកពីប្រទេសអារ៉ាប៊ីសាអូឌីត ចំនួន១៤រូប ក្នុងនោះមានដូចជាជម្ងឺក្លន ជម្ងឺពកក ទឹកដក់ក្នុងតំរងនោម វះកាត់ ជម្ងឺកុមារ ទារកកើតមកដែលខ្វះអវៈយវៈ រោគស្ត្រីគ្រប់ប្រភេទ និង សម្ភព ជាដើម៘

ការអំពាវនាវនេះ បានធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម ឧកញ៉ាបានអនុញ្ញាត អោយគណៈប្រតិភូអង្គការគ្រូពេទ្យអន្តរទ្វីប PAC របស់ប្រទេសអារ៉ាប៊ីសាអូឌីត ចំនួន១៤រូប ដឹកនាំដោយ លោកវេជ្ជបណ្ឌិត SAIFADEEN ALSUBHI នាយកឯកទេសវះកាត់របស់ អង្គការ PAC អញ្ជើញជួបសម្តែងការគួរសម និង ពិភាក្សាការងារនៅឯ សណ្ឋាគារ មនោរម្យវីអាយភី ខេត្តកំពង់ចាម។ ជំនួបនេះបានធ្វើឡើង ដើម្បីពិគ្រោះយោបល់ ទៅលើកិច្ច សហប្រតិបត្តិការ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ជាមួយនឹងអង្គការគ្រូពេទ្យអន្តរទ្វីប PAC ក្នុងបេសកកម្មព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋកម្ពុជា ជាទូទៅដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យខេត្ត កំពង់ចាម ដែលនឹងចាប់ផ្តើមពីថ្ងៃទី០២-០៧  ខែឧសភា ឆ្នាំ២០១៥ ។

លោកវេជ្ជបណ្ឌិត SAIFADEEN ALSUBHI បានជម្រាបពីប្រវត្តិទ្រួសៗ របស់ PAC ថា អង្គការគ្រូពេទ្យអន្តរទ្វីប (PAC) ជាអង្គការវេជ្ជសាស្រ្ត មនុស្សធម៌អន្តរជាតិ ដែលផ្តោតសំខាន់ ទៅលើសេវាថែទាំសុខភាពអ្នកជំងឺ ប្រជាជនដែលរងផលប៉ះពាល់ ដោយគ្រោះមហន្តរាយ និង វិបត្តិផ្សេងៗដោយមិន ប្រកាន់ពូជសាសន៍ សាសនា រឺប្រទេសណាឡើយ ។ ប៉ុន្មានឆ្នាំ ក្រោយមក  PAC ក៏បានចូលរួមជាមួយ អង្គការសម្ព័ន្ឋឥស្លាមពិភពលោក (Muslim World League)ប្រតិបត្តិការក្នុងវិស័យសប្បុរសធម៌ ផ្នែកពេទ្យនៅតាមតំបន់ជាច្រើន នៅជុំវិញសកលលោក។ លោកបន្តថា ដោយមានការជ្រោមជ្រែងពី ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ PAC នឹងបន្តគម្រោង មនុស្សធម៌ផ្នែកសុខាភិបាល នៅកម្ពុជា អោយកាន់តែច្រើនថែមទៀត។

ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ បានមានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមកោត សរសើរ និង អោយតម្លៃខ្ពស់ចំពោះ គម្រោងមនុស្សធម៌ លើវិស័យសុខាភិបាលរបស់  PAC ដែលកំពុងប្រតិបត្តិការ បេសកកម្មរបស់ខ្លួន សង្គ្រោះដល់ជនរងគ្រោះ គ្រប់ប្រទេសនានា នៅលើសកលលោក ដែលជាក់ស្តែងក្នុងពេលនេះ បានបន្តបេសកកម្មនេះ មកដល់ព្រះរាជាណាចក្រកម្ពុជា។ សង្ឃឹមថាភាគីទាំងពីរ នឹងបន្ត កិច្ចសហប្រតិបត្តិការ លើវិស័យនេះ អោយកាន់តែសកម្មថែមទៀត ចាប់ពីពេលនេះតទៅមុខ។ ឯកឧត្តម រដ្ឋមន្រ្តីប្រតិភូបន្តថា ក្រៅពីសកម្មភាព មនុស្សធម៌ផ្នែកសេវាកម្មព្យាបាល យើងខ្ញុំក៏សូមអោយ PAC យកចិត្តទុកដាក់ អោយបានកាន់តែខ្លាំងក្លា លើការបណ្តុះបណ្តាល ជំនាញដល់គ្រូពេទ្យនៅកម្ពុជា ជាពិសេសប្អូនៗនិស្សិត ដែលកំពុងសិក្សា រឺបានបញ្ចប់ជំនាញ វេជ្ជសាស្រ្តសុខាភិបាល និងឯកទេសនានា។ ឯកឧត្តម រដ្ឋមន្រ្តីប្រតិភូ ក៏បានចាត់តាំងបញ្ជូនគ្រូពេទ្យឥស្លាម កម្ពុជារួមនឹងប្អូនៗនិស្សិត ដែលកំពុងសិក្សាជំនាញវេជ្ជសាស្រ្ត សរុបចំនួន១៥ នាក់ដើម្បីចុះស្តារ អនុវត្តជាក់ស្តែង និង ជួយសម្រួលការងារដល់ក្រុមគ្រូពេទ្យ PAC នៅក្នុងបេសកកម្មព្យាបាលជម្ងឺ ដោយឥតគិតថ្លៃអំឡុងពេលមួយសប្តាហ៍ នៅឯមន្ទីរពេទ្យខេត្តកំពង់ចាម៕

ព័ត៌មានតាមផ្នែក
ព័ត៌មានថ្មីៗ
ចុះផ្សាយ: Apr 24, 2022
ចុះផ្សាយ: Apr 22, 2022
ចុះផ្សាយ: Apr 21, 2022
ចុះផ្សាយ: Apr 14, 2022
ចុះផ្សាយ: Apr 10, 2022
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: