និស្សិតខ្មែរឥស្លាម១៦នាក់ ដែលបានរំដោះចេញពីប្រទេសយេម៉ែន បានមកដល់កម្ពុជាហើយ

ចុះផ្សាយ: Apr 15, 2015

ភ្នំពេញ៖ នៅវេលាម៉ោង៣រសៀល ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៥ ក្រុមនិស្សិតខ្មែរឥស្លាមចំនួន ១៦នាក់ បានមកដល់កម្ពុជាហើយ តាមជើងហោះហើរ របស់ក្រុមហ៊ុន QATAR Airway បន្ទាប់ពីបានរំដោះចេញពីប្រទេស យេម៉ែន នេះបើយោងតាម ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធាន អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានថ្លែងប្រាប់អ្នកសារពត៌មាន ឱ្យដឹងយ៉ាងដូច្នេះ នៅឯអាកាសយាន្តដ្ឋាន អន្តរជាតិភ្នំពេញ។

ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ បានបញ្ជាក់ថាការរំដោះ និងជួយសង្គ្រោះក្រុមនិស្សិតខ្មែរឥស្លាម បានធ្វើឡើងបន្ទាប់ពីមានការណែនាំ និងការគិតគូរពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមនិងក្រសួងការបរទេសកម្ពុជាផងដែរ ទើបឈានដល់ការសហការ ជាមួយស្ថានទូត នៃប្រទេសអូមែន (Oman) ដែលជាប្រទេសស្ថិតនៅក្បែរ ប្រទេសយេម៉ែននោះ ដើម្បីជួយចាត់ចែងយកក្រុមនិស្សិតទាំង ១៦នាក់ចេញពីប្រទេសយ៉េមែន ដែលកំពុងស្ថិតក្នុងភាពអសន្តិសុខ។

ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ បានបញ្ជាក់ទៀតថា ក្រុមហ៊ុន QATAR Airway មិនបានគិតថ្លៃ សំបុត្រយន្តហោះ ពីរដ្ឋធានីនៃប្រទេស Oman មកកាន់រាជធានីភ្នំពេញ នៃប្រទេសកម្ពុជាទេ គឺជួយដឹកជញ្ជូន ដោយឥតគិតថ្លៃសម្រាប់និស្សិតទាំង ១៦នាក់នេះ។ ដោយឡែកក្រុមនិស្សិត ខ្មែរឥស្លាម និងឪពុកម្តាយរបស់ពួកគេ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះការគិតគូរ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដែលបាននាំយកកូនជាទីស្រលាញ់ របស់ពួកគាត់ ចេញពីតំបន់ដែលកំពុង មានការវាយប្រហារគ្នា នៅប្រទេសយេម៉ែន។

តាមការបញ្ជាក់របស់ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ បានឱ្យដឹងទៀតថា ក្រុមនិស្សិតសរុប ទាំងអស់មានចំនួន ២០នាក់ ចំនែក ៤នាក់ផ្សេងទៀត ដោយសារជាប់ភារកិច្ចប្រលងបញ្ចប់ ដូច្នេះអ្នកទាំង ៤នាក់នេះត្រូវស្ថិតនៅក្នុង ប្រទេសយេម៉ែន សិនហើយនឹងត្រូវ ចាកចេញតាមក្រោយ។ ចំនែកទីកន្លែងដែលក្រុមនិស្សិត ទាំង៤នាក់នោះរស់នៅ និងកំពុងសិក្សានោះ គឺស្ថិតនៅឆ្ងាយពីកន្លែង វាយប្រហារគ្នា ក្នុងប្រទេសយេម៉ែន។ នេះជាលើកទី៣ ហើយដែលរាជរដ្ឋាភិបាលកម្ពុជា បានរំដោះក្រុមនិស្សិត ខ្មែរឥស្លាមចេញពីប្រទេសដែល មានភាពអសន្តិសុខ ដែលលើកទី១៖ ប្រទេសអេស៊ីប ចំនួន៥០នាក់, លើកទី២៖ ប្រទេសលីប៊ីចំនួន ១៨នាក់ និងលើកទី៣៖ គឺប្រទេសយេម៉ែន ចំនួន ១៦នាក់ខាងលើ។

ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ បានបញ្ជាក់បន្ថែមថា ការជួយរំដោះនិស្សិតខ្មែរឥស្លាម ចំនួន១៦នាក់ខាងលើ មានការជួយជ្រោមជ្រែង និងចេញថ្លៃសំបុត្រយន្តហោះ ពីសំណាក់លោក Mahmad Bin Abdulgarder នាយកក្រុមហ៊ុន Nasser Bin Abdullatif Alserkal ពីប្រទេសយេម៉ែន មកកាន់ប្រទេស អូមេន៕

ព័ត៌មានតាមផ្នែក
ព័ត៌មានថ្មីៗ
ចុះផ្សាយ: Apr 24, 2022
ចុះផ្សាយ: Apr 22, 2022
ចុះផ្សាយ: Apr 21, 2022
ចុះផ្សាយ: Apr 14, 2022
ចុះផ្សាយ: Apr 10, 2022
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: