ទស្សនកិច្ចផ្លូវការ របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នៅប្រទេសគូវ៉ែត

ចុះផ្សាយ: Feb 16, 2015

កាលពីថ្ងៃទី១១-១២ ខែកុម្ភៈ ឆ្នាំ២០១៥ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្ត្រីការប្រទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសគូវ៉ែត តាមការអញ្ជើញរបស់ ឯកឧត្តម Sheikh Sabah Al-Khaled Al-Hamad Al-Sabah ឧបនាយករដ្ឋមន្រ្តីទី១ រដ្ឋមន្រ្តីការបរទេស នៃរដ្ឋគូវ៉ែត។

ក្នុងឱកាស បំពេញទស្សនកិច្ចនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានជួបសម្តែងការគួរសម ជាមួយថ្នាក់ដឹកនាំ ជាន់ខ្ពស់គូវ៉ែតមានជាអាទិ៍៖ អ្នកអង្គម្ចាស់រជ្ជទាយាទ Sheikh Nawaf Al-Ahmad Al-Jaber Al-Sabah អ្នកអង្គម្ចាស់ Sheikh Jaber Al-Mubarak Al-Hamad Al-Sabah នាយកដ្ឋមន្រ្តី និងឯកឧត្តម Marzuk Ali Al-Ghanim ប្រធានរដ្ឋសភា។ បន្ទាប់មកបានជួបពិភាក្សា ការងារជាមួយសមភាគីគូវ៉ែត ឯកឧត្តមរដ្ឋមន្រ្តីការបរទេស Sheikh Sabah Al-Khaled Al-Hamad Al-Sabah។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃចំពោះ ការរីកចំរើននៃទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ និងបានពាំនាំ នូវការផ្តាំផ្ញើសាកសួរសុខទុក្ខ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ និងសូមយាង និងអញ្ជើញថ្នាក់ដឹកនាំគូវ៉ែត មកបំពេញទស្សនកិច្ច នៅកម្ពុជានាពេលខាងមុខ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ ផងដែរចំពោះ ការជួយឧបត្ថម្ភរបស់គូវ៉ែត ដល់សហគមន៍ខ្មែរឥស្លាម ដែលមានចំនួនប្រមាណ ៥០០,០០០ នាក់នៅទូទាំងប្រទេសកម្ពុជា និងបានគូសបញ្ជាក់ថា ទោះបីប្រទេសកម្ពុជា កាន់ព្រះពុទ្ធសាសនា ប៉ុន្តែរដ្ឋធម្មនុញ្ញកម្ពុជា បានការពារសេរីភាព នៃជំនឿរ និងការគោរពសាសនាដទៃទៀត ដោយគ្មានការរើសអើង។ ជាក់ស្តែងសហគមន៍ ខ្មែរឥស្លាមបានរស់នៅ ប្រកបដោយសុខដុមរមនា ជាមួយប្រជាជនកម្ពុជា នៅទូទាំងប្រទេស ដោយគ្មានការ ប្រកាន់ជាតិសាសន៍ ឬជំនឿរសាសនាឡើយ។

នៅក្នុងជំនួបពិភាក្សាការងារ ជាមួយឯកឧត្តម រដ្ឋមន្រ្តីការបរទេសគូវ៉ែត Sheikh Sabah Al-Khaled Al-Hamad Al-Sabah ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានសង្កត់ធ្ងន់ថា "យើងមានទំនាក់ទំនងល្អ ក្នុងវិស័យនយោបាយ ដូចនេះសូមឲ្យកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម មានការរីកចម្រើនល្អ ដូចក្នុងវិស័យនយោបាយដែរ"។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសំណូមពរពង្រឹង កិច្ចសហប្រតិបត្តិការ ក្នុងវិស័យប្រេង និងឧស្ម័ន ការផ្លាស់ប្តូរពាណិជ្ជកម្ម និងជំរុញការអនុវត្ត កិច្ចព្រមព្រៀងដែលបាន ចុះហត្ថលេខារួចហើយ រវាងប្រទេសទាំងពីរមានជាអាទិ៍៖ កិច្ចព្រមព្រៀងស្តីពី សេវាផ្លូវអាកាស អនុស្សារណៈស្តីពីការ ពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសទាំងពីរកម្ពុជា-គូវ៉ែត និងកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការ វិស័យទេសចរណ៍។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានស្នើរឲ្យក្រុមការងារកម្ពុជា និងគូវ៉ែត ជំរុញការពិភាក្សា ក្នុងក្របខ័ណ្ឌអនុស្សារណៈ ស្តីពីការផ្លាស់ប្តូរពលករ (Exchange of manpower) ឲ្យបានឆាប់ដើម្បី បើកផ្លូវឲ្យពលករកម្ពុជា អាចមកធ្វើការងារ នៅប្រទេសគូវ៉ែត។

ឯកឧត្តម Sheikh Sabah Khaled Al-Hamad Al-Sabah បានបញ្ជាក់ថា គូវ៉ែតត្រៀមសហការ ជាមួយកម្ពុជា លើការវិនិយោគ ក្នុងវិស័យកសិកម្ម ការនាំអង្ករពីកម្ពុជាទៅគូវ៉ែត វិស័យប្រេងនិងឧស្ម័ន និងស័យផ្សេងៗទៀត និងសូមឲ្យភាគីកម្ពុជា លើកគម្រោងជាក់ស្តែង ដើម្បីទទួលបាន ជំនួយហិរញ្ញវត្ថុពី “មូលនិធិសម្រាប់ ការអភិវឌ្ឍន៍អារ៉ាប់” របស់គូវ៉ែត ដែលកន្លងមកជួយតែ ប្រទេសអារ៉ាប់ ប៉ុន្តែឥឡូវនេះ នឹងជួយដល់ ប្រទេសនានាក្នុងពិភពលោក រួមទាំងកម្ពុជាផង ក្នុងករណីមានគម្រោង ច្បាស់លាស់។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានស្នើឲ្យមាន ការផ្លាស់ប្តូរទៅវិញទៅមក នូវគណៈប្រតិភូធុរកិច្ចគូវ៉ែត និងកម្ពុជា ដើម្បីពិភាក្សា លើគម្រោងពង្រីក ការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគ រវាងប្រទេសទាំងពីរ។

ប្រទេសគូវ៉ែត ជាប្រទេសមួយ នៅក្នុងតំបន់មជ្ឈឹមបូព៌ា ដែលមានធនធានច្រើន។ ដូច្នេះ ទស្សនកិច្ចរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រយៈពេល ២ថ្ងៃនេះ គឺជាឱកាសមួយដើម្បីជំរុញ និងលើកទឹកចិត្ត ប្រទេសគូវ៉ែត ឲ្យជួយអភិវឌ្ឍន៍ ប្រទេសកម្ពុជាក្នុងវិស័យខ្លះ ដែលមានផលប្រយោជន៍ ទៅវិញទៅមកសម្រាប់ ប្រទេសទាំងពីរ៕

ព័ត៌មានតាមផ្នែក
ព័ត៌មានថ្មីៗ
ចុះផ្សាយ: Apr 24, 2022
ចុះផ្សាយ: Apr 22, 2022
ចុះផ្សាយ: Apr 21, 2022
ចុះផ្សាយ: Apr 14, 2022
ចុះផ្សាយ: Apr 10, 2022
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: