ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ អញ្ជើញចូលរួមមហាសន្និបាត ប្រចាំឆ្នាំទូទាំងប្រទេស របស់គណបក្សសហព័ន្ធជាតិម៉ាឡេសស៊ី UMNO

ចុះផ្សាយ: Dec 02, 2016

ម៉ាឡេស៊ី៖ តបតាមការអញ្ជើញរបស់អគ្គលេខាធិការ គណបក្សសហព័ន្ធជាតិម៉ាឡេស៊ី UMNO ដែលជាគណបក្សកាន់អំណាច នៅថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាសមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា រួមនឹងគណប្រតិភូតំណាង គណបក្សប្រជាជនកម្ពុជា ដើម្បីអញ្ជើញចូលរួមជាកិត្តិយស ក្នុងមហាសន្និបាតប្រចាំឆ្នាំទូទាំងប្រទេស របស់គណបក្សសហព័ន្ធជាតិម៉ាឡេស៊ី UMNO ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម Dato’ Sri Mohd Najib Tun Haji Abdul Razak នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានគណបក្ស នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលប្រព្រឹត្តទៅពីថ្ងៃទី ៣០ វិច្ឆិកា ដល់ ថ្ងៃទី ២ ធ្នូ ២០១៦។ នៅក្នុងមហាសន្និបាត ប្រចាំឆ្នាំទូទាំងប្រទេស របស់គណបក្ស UMNO នេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជួររដ្ឋាភិបាល ឥស្សរជន វិនិយោគិន សហគ្រិន ធុរៈកិច្ចជន និងបញ្ញាវន្ត ចំនួន ២,៧៩៤ នាក់ ដែលជាតំណាងថ្នាក់ដឹកនាំ សមាជិកបក្សមកពីទូទាំងប្រទេសម៉ាឡេស៊ី និង តំណាងមកពី ១៩ ប្រទេស និង ២៧ គណបក្សកាន់អំណាច អញ្ជើញចូលរួមជាអ្នកអង្កេតការ និងភ្ញៀវកិត្តិយស ក្នុងពិធីបើក មហាសន្និបាតប្រចាំឆ្នាំ ទូទាំងប្រទេសនាឆ្នាំ ២០១៦។

ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ បេសកជនពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ទទួលបន្ទុកទំនាក់ទំនងសហគមន៍ឥស្លាម បានឲ្យដឹងទៀតថា រាជរដ្ឋាភិបាលម៉ាឡេស៊ី ថ្នាក់ដឹកនាំគណបក្សសហព័ន្ធជាតិម៉ាឡេស៊ី UMNO ក៏ដូចជាប្រជាពលរដ្ឋម៉ាឡេស៊ី មានការទំនាក់ទំនងល្អ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានគណបក្សប្រជាជនកម្ពុជា ដោយក្តីគោរពស្រលាញ់ ពេញចិត្តចំពោះការដឹកនាំប្រទេស ដែលធ្វើឲ្យមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស ធ្វើឲ្យគ្រប់សាសនានៅកម្ពុជាគ្មានទំនាស់ និងរើសអើងនឹងគ្នា ជាពិសស បានអនុញ្ញាតជាគោលការណ៍ ដល់សាសនិកឥស្លាម ស្រ្តីឥស្លាមទទូរក្បាល ធ្វើលិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណ ឬថតរូបសម្រាប់ឯកសាររដ្ឋបាលផ្សេងៗ តាមបែបឥស្លាម រៀបចំការប្រលងសូត្រ គម្ពីរអាល់គួរអានុលការីម លក្ខណៈថ្នាក់ជាតិ និងជ្រើសរើសករី ករីអះ (បេក្ខភាពបុរស និង នារី) ទៅចូលរួមប្រលងជាលក្ខណៈអន្តរជាតិ និង នៅក្នុងតំបន់ រៀបចំអាហារស្រាយបួសខែរ៉ម៉ាឌន នៃសាសនាឥស្លាមថ្នាក់ជាតិ ជារៀងរាល់ឆ្នាំជាដើម។ ជាមួយគ្នានេះម៉ាឡេស៊ី បានរួមចំណែកអភិវឌ្ឍន៍លើកស្ទួយ សហគមន៍ឥស្លាមកម្ពុជាតាមរយៈ ជំនួយឧបត្ថម្ភមនុស្សធម៌ ផ្សេងៗដូចជា ការផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិត បានបន្តការសិក្សានៅតាម សកលវិទ្យាល័យនានានៅប្រទេសម៉ាឡេស៊ី ជួយសាងសង់វិហារ សាលារៀន វគ្គបណ្តុះបណ្តាលគ្រូបង្រៀន សិក្ខាសាលាជំនាញហិរញ្ញវត្ថុឥស្លាម ការគ្រប់គ្រងវិស័យហាឡាល់ ការប្រមូលវិស័យវ៉ាហ្គាហ្វ (ទាយជ្ជទាន) គ្រប់គ្រងវិស័យហ្សាកាត់ (ការបរិច្ចាគទ្រព្យ) បច្ចេកទេសគ្រប់គ្រងហាជ្ជី (ការធ្វើធម្មយាត្រា) បច្ចេកវិទ្យា ឧបត្ថម្ភដល់កុមារកំព្រា កម្មវិធីស្រាយបួស និងជំនួយគ្រោះធម្មជាតិជាដើម។ល។

ក្រោយពីបញ្ចប់មហាសន្និបាត ប្រចាំឆ្នាំទូទាំងប្រទេស របស់គណបក្ស UMNO ឯកឧត្តមរដ្ឋមន្រ្តី បានចូលជួបសំដែងការគួរសម ពិភាក្សាការងារ និងបានពាំនាំការសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពជាមួយ ជាមួយ ឯកឧត្តម Dato’ Sri Mohd Najib Tun Haji Abdul Razak នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានគណបក្ស ឯកឧត្តម Tengku Adnan Bin Tengku Mansor អគ្គលេខាធិការ គណបក្សសហព័ន្ធជាតិម៉ាឡេស៊ី UMNO រួមនឹងឥស្សរជនសំខាន់ៗ ជាច្រើនរូបទៀត៕

ព័ត៌មានតាមផ្នែក
ព័ត៌មានថ្មីៗ
ចុះផ្សាយ: Apr 24, 2022
ចុះផ្សាយ: Apr 22, 2022
ចុះផ្សាយ: Apr 21, 2022
ចុះផ្សាយ: Apr 14, 2022
ចុះផ្សាយ: Apr 10, 2022
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: