ការនាំផលិតផលហាឡាល់ទៅក្រៅប្រទេស ពិតជាបានជួយបង្កើនសេដ្ឋកិច្ច របស់បណ្តាប្រទេសនៅក្នុងសហគមន៍អាស៊ាន

ចុះផ្សាយ: Dec 27, 2015

បាងកក៖ កំណើននៃការនាំ ផលិតផលហាឡាល់ ទៅកាន់បណ្តាប្រទេស OIC (Organization of Islamic Cooperation) និងកំណើននៃការនាំចូលភ្ញៀវទេសចរ ពិតជាបានបង្កើនសេដ្ឋកិច្ច របស់ប្រទេសថៃ។ នេះជា ប្រសាសន៍របស់ លោកឧត្តមសេនីយ៍ តាណាសាក់ ប៉ាទីម៉ាប្រាកន ឧបនាយករដ្ឋមន្ត្រី តំណាងលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អ៊ូចា នាយករដ្ឋមន្ត្រីថៃ ថ្លែងនៅក្នុងសុន្ទរកថា បើកនៃសន្និសីទអន្តរជាតិហាឡាល់លើកទី២ ដែលបាន និងកំពុងប្រព្រឹត្តទៅនាទីក្រុងបាងកង ប្រទេសថៃ ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០០៥ នេះដែលបាន រៀបចំដោយមជ្ឈមណ្ឌល វិទ្យាសាស្ត្រហាឡាល់ នៃសាកលវិទ្យាល័យចុឡាឡុងកន សហការជាមួយក្រុមប្រឹក្សាកណ្តាលឥស្លាមប្រទេសថៃ និងដោយមានអ្នកចូលរួម ជាជាភ្ញៀវអន្តរជាតិមកពី ៤០ប្រទេស និងក្រុមហ៊ុន សហគ្រាសដែលធ្វើការ លើវិស័យទំនិញហាឡាល់ ថ្នាក់ដឹកនាំឥស្លាមថៃ សិស្សនិស្សិតបញ្ញវន្ត និងភ្ញៀវកិត្តិយស ដទៃទៀត ចំនួនប្រមាណ ៥០០០នាក់ ក្នុងនោះកម្ពុជា មានគណៈប្រតិភូចំនួន ៧រូប ដែលដឹកនាំដោយ ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកបណ្ឌិត វីណៃ ឌះឡាន នាយកស្ថាបនិក នៃមជ្ឈមណ្ឌលវិទ្យាសាស្ត្រ ហាឡាល់បានថ្លែង ពីសារៈសំខាន់របស់ ទំនិញហាឡាល់ ដែលរួមមានម្ហូបអាហារ សម្ភារប្រើប្រាស់ ដែលធានាដល់សុខភាព និងសុខុមាលភាពរបស់អ្នក ទទួលទាន និងអ្នកប្រើប្រាស់ទូទៅ ពិសេសដើម្បីធានាដល់គុណភាព និងប្រសិទ្ធភាពនៃការប្រកួតប្រជែងក្នុង សហគមន៍សេដ្ឋកិច្ចអាស៊ាននាពេលខាងមុខ។
លោកបានថ្លែងថា សម្រាប់ឆ្នាំកន្លងទៅទីផ្សារ នាំចេញអាហារហាឡាល់ ពិភពលោកមានចំនួនដល់ទៅ ១.២ លានលានដុល្លារសហរដ្ឋអាមេរិក (1.2 Trillion USD) ហើយសម្រាប់ប្រទេសថៃ មកដល់ពេលនេះ បានផលិត ផលិតផលហាឡាល់ចំនួនប្រមាណ ៨០,០០០មុខ សម្រាប់ប្រើប្រាស់នៅក្នុងប្រទេស និងនាំចេញទៅ ក្រៅប្រទេស ពិសេសទៅកាន់ តំបន់មជ្ឈឹមបូព៌ានិងអ៊ឺរ៉ុប។ រីឯនៅក្នុងប្រទេសថៃ មានភោជនីយដ្ឋាន ហាឡាល់ចំនួន ប្រមាណ ៣៥០០កន្លែង សម្រាប់បម្រើដល់ ជនមុស្លិមនៅក្នុងប្រទេស និងមកពីប្រទេស OIC។

លោកបានបន្តថា សន្និសីទអន្តរជាតិហាឡាល់នេះ គឺជាការៀបចំលើកទី២ ដែលមានការតាំងពិព័រណ៌ពីផលិត ហាឡាល់ ដោយមានការចូលរួម ពីផលិតផលចំនួន ២៥០ស្តង់ មកពី ៣៥ប្រទេស រួមនឹងកិច្ចប្រជុំពិភាក្សា ជាច្រើនទៀតជុំវិញប្រធានបទ «ពាណិជ្ជកម្ម វប្បធម៌ និង ការច្នៃប្រឌិត សម្រាប់សេដ្ឋកិច្ចហាឡាល់»។

លោកឧត្តមសេនីយ៍ តាណាសាក់ ប៉ាទីម៉ាប្រាកន ឧបនាយករដ្ឋមន្ត្រី តំណាងឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អ៊ូចា នាយករដ្ឋមន្ត្រីថៃ បានថ្លែងគាំទ្រ និងកោតសរសើរ ដល់ភាពជោគជ័យ របស់ក្រុមប្រឹក្សាឥស្លាមថ្នាក់កណ្តាលប្រទសថៃ មជ្ឈមណ្ឌលវិទ្យាសាស្ត្រហាឡាល់ នៃសាកលវិទ្យាល័យជុឡាលុងកនប្រទេសថៃ និងវិទ្យាស្ថានស្តង់ដារ ហាឡាល់ប្រទេសថៃ ក្នុងការធ្វើឲ្យប្រទេសថៃ ក្លាយជាប្រទេសមួយ ក្នុងចំណោម ប្រទេសឈានមុខ ក្នុងការផលិតទំនិញហាឡាល់ ដែលពិតជាបានជួយដល់ កំណើនសេដ្ឋកិច្ច របស់ប្រទេសថៃ តាមរយៈការនាំផលិតផល ម្ហូបអាហារហាឡាល់ ទៅកាន់ពិភពលោក ពិសេសទីកាន់ប្រទេស សមាជិកអូអាយស៊ី (Organization of Islamic Cooperation) និងកំណើន នៃការនាំចូលភ្ញៀវទេសចរ មកកាន់ប្រទេសថៃ។ លោកឧបនាយកដ្ឋមន្ត្រីថៃ បានមានប្រសាសន៍ថា មកដល់ពេលនេះ ប្រទេសថៃ ជាប្រទេសដែលបាននាំផលិតផល និងម្ហូបអាហារ ហាឡាល់ទៅកាន់ប្រទេស សមាជិក អូអាយស៊ី ក្នុងលំដាប់លេខរៀងទី១២ ហើយនៅក្នុងពេលអនាគតដ៏ឆាប់ ប្រទេសថៃនឹងទទួលបានលំដាប់ លេខរៀងទី១ និងក្លាយជាមណ្ឌល ផលិតអាហារសម្រាប់ពិភពលោក ហើយសន្និសីទអន្តរជាតិ ហាឡាល់នាពេលនេះ ពិតជាបានបង្ហាញ ពីការយកចិត្តទុកដាក់ ខ្ពស់របស់រាជរដ្ឋាភិបាលថៃ ក្នុងការជំរុញ និងសហការជា មួយបណ្តាប្រទេសជាច្រើន ទាំងវិស័យឯកជន និងរដ្ឋលើទំនិញហាឡាល់ ជាពិសេសទំនាក់ទំនងល្អ រវាងរដ្ឋាភិបាលថៃ និងបណ្តាប្រទេសអ៊ីស្លាម។

ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់  រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងកាងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈបានសំដែងនូវក្តីរីករាយ និងសូមថ្លែងអំណរគុណ ដល់ការទទួលស្វាគមន៍យ៉ាងកក់ក្តៅ មកដល់គណៈប្រតិភូកម្ពុជា ក្នុងដំណើរចូលរួម សន្និសីទអន្តរជាតិហាឡាល់លើកនេះ ដោយបានសិក្សា ស្វែងយល់បន្ថែម ពីសារៈសំខាន់នៃទំនិញហាឡាល់ ដែលពិតជាបានចូលរួមចំណែក យ៉ាងសំខាន់ ក្នុងការលើកកម្ពស់វិស័យ ទេសចរណ៍នៃប្រទេស ការនាំចេញផលិតផល សម្រាប់ទីផ្សារនៅមជ្ឈឹមបូព៌ា និងពិភពលោក ជាពិសេសគឺ លើកកម្ពស់សេដ្ឋកិច្ចអាស៊ាន។

ឯកឧត្តម បានជម្រាបថា ថ្នាក់ដឹកនាំនៃស្ថាប័នហាឡាល់ ប្រទេសថៃបាន និងកំពុងសហការ និងផ្តល់នូវជំនួយជា បច្ចេកទេសដល់ គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ក្នុងការជំរុញឲ្យមាន ស្ថាប័នផ្តល់វិញ្ញាបនប័ត្រ ហាឡាល់ ជាផ្លូវការនៅកម្ពុជា ហើយបានសន្យាថា នឹងសហការជាមួយកម្ពុជា ក្នុងការរៀបចំការតាំងពិព័រណ៌ ផលិតផលហាឡាល់ អន្តរជាតិនៅប្រទេសកម្ពុជា ផងដែរ។ លោកបានបញ្ជាក់ថា  រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពលើ គោលការណ៍បង្កើត ស្ថាប័នហាឡាល់នេះ ដោយមានកិច្ចសហការរវាង ក្រសួងពាណិជ្ជកម្ម គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា និងបណ្តាក្រសួងពាក់ព័ន្ធមួយចំនួន ហើយលោកសង្ឃឹមថា កម្ពុជានឹងបង្កើតស្ថាប័ន ហាឡាល់ក្នុងពេលឆាប់ៗ ខាងមុខនេះ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងទំនុកចិត្តខ្ពស់៕

ព័ត៌មានតាមផ្នែក
ព័ត៌មានថ្មីៗ
ចុះផ្សាយ: Jul 14, 2017
ចុះផ្សាយ: May 10, 2017
ចុះផ្សាយ: Apr 12, 2017
ចុះផ្សាយ: Apr 03, 2017
ចុះផ្សាយ: Mar 23, 2017
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: