គម្ពីរអាល់គូរអានចំណាស់ជាងគេត្រូវបានគេរកឃើញ

ចុះផ្សាយ: Jul 22, 2015

តាមការចុះផ្សាយ នៅលើគេហទំព័រ BBC  នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ បានឲ្យដឹងថា គម្ពីរអាល់គូរអាន សរសេរដោយដៃ ដ៏ចំណាស់មួយក្បាល ត្រូវបានគេរកឃើញនៅក្នុងសកលវិទ្យាល័យ Birmingham University នៃចក្រភពអង់គ្លេស កាលពីពេលថ្មីៗនេះ។  លទ្ធផលនៃការធ្វើតេស្ត៍បានបង្ហាញឲ្យឃើញថា គម្ពីរនេះ ត្រូវបានគេសរសេរនៅលើស្បែកសត្វ អាចជាស្បែកចៀម ឬស្បែកពពែ មានចំណាស់យ៉ាងហោចណាស់ ក៏ ១៣៧០ ឆ្នាំមកហើយ។ លទ្ធផលនេះ បានធ្វើឲ្យគម្ពីរមួយនេះ ក្លាយជាគម្ពីរដែលមានអាយុកាលចំណាស់ជាងគេនៅលើលោក ដែលបន្សល់ទុកនៅ ហើយអក្សរនៅច្បាស់អាចអានបានទៀតផង។

គម្ពីរដែលត្រូវបានគេរកឃើញថា ត្រូវបានសរសេរក្នុងចន្លោះឆ្នាំ ៥៦៨ ដល់ ៦៤៥ នៃគ.ស. នេះ ត្រូវបានគេរក្សាទុកជាមួយនិង សៀវភៅមជ្ឍឹមបូព៌ា និងឯកសារជាច្រើនទៀត ក្នុងសកលវិទ្យល័យ Birmingham University នៃចក្រភពអង់គ្លេស អស់ជិតមួយសតវត្សរ៍ ដោយពុំមាននរណាម្នាក់ ចាប់អារម្មណ៍ថា វាជាសៀវភៅអ្វី មានវ័យចំណាស់ប៉ុណ្ណានោះទេ។ រហូតដល់កាលពីពេលថ្មីៗនេះ ទើបសកលវិទ្យាល័យ បានសើរើឯកសារទាំងអស់ ក៏ប្រទះឃើញគម្ពីរនេះ រួចបានយកទៅធ្វើតេស្ត៍ ដើម្បីកំណត់អាយុកាល លទ្ធផលបង្ហាញមក ធ្វើឲ្យមានការភ្ញាក់ផ្អើលតែម្តង។

លោកសាស្ត្រាចារ្យ ថូម៉ាស (Prof Thomas) បានមានប្រសាសន៍ថា អ្នកដែលសរសេរគម្ពីរនេះ អាចនឹងរស់នៅទាន់ព្យាការី មូហាំម៉ាត់ អាចនឹងស្គាល់គាត់ យ៉ាងច្បាស់។ គាត់អាចនឹងធ្លាប់ជួបគាត់(ព្យាការី មូហាំម៉ាត់) ហើយអាចនឹងធ្លាប់បានលឺគាត់បង្រៀនសាសនាផងដែរ។

លោកសាស្ត្រាចារ្យបានគូសបញ្ជាក់ផងដែរថា ដំណាក់កាលនៃគម្ពីរអាល់គូរអាន គឺដំបូងឡើយ ត្រូវបានគេសរសេរនៅលើស្បែកសត្វ នៅលើដុំថ្ម នៅលើស្លឹកល្មើ និង នៅលើស្មាសត្វអូដ្ឋ ជាដើម។ ហើយដំណាក់កាលចុងក្រោយ គឺត្រូវបានគេប្រមូលផ្តុំ ចងក្រងជាសៀវភៅ រួចរាល់ ប្រហែលក្នុងឆ្នាំ៦៥០ នៃគ.ស.។ លោកបានបន្តថា គម្ពីរដែលគេទើបតែរកឃើញនេះ ត្រូវបានគេជឿជាក់ថា វាត្រូវបានគេសរសេររួចរាល់ តិចជាងពីរទស្សវត្សរ៍ បន្ទាប់ពីមរណៈភាពរបស់ ព្យាការី មូហាំម៉ាត់៕

 

ដោយ៖ រ៉ូយ៉ា
ប្រភព៖ http://www.bbc.com/news/business-33436021

 

 

ព័ត៌មានតាមផ្នែក
ព័ត៌មានថ្មីៗ
ចុះផ្សាយ: Apr 24, 2022
ចុះផ្សាយ: Apr 22, 2022
ចុះផ្សាយ: Apr 21, 2022
ចុះផ្សាយ: Apr 14, 2022
ចុះផ្សាយ: Apr 10, 2022
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: