បុរសម្នាក់យល់ថា ស្រាគួរតែហាឡាល់

មានរបុសម្នាក់ឆ្ងល់ថា ហេតុអ្វីបានជាស្រាត្រូវបានហាមឃាត់នៅក្នុងសាសនាឥស្លាម? ថ្ងៃមួយគាត់ បានទៅរក អ្នកអាលិម(អ្នកមានចំនេះដឹងជ្រៅជ្រះ) ឥស្លាម ដ៏ល្បីម្នាក់ ដើម្បីបកស្រាយអំពីចម្ងល់របស់គាត់។ ខាងក្រោមនេះ គឺជាកិច្ចសន្ទនារវាង អ្នកទាំងពីរ។

បុរស៖ តើអ្វីទៅជាច្បាប់របស់ឥស្លាមចំពោះការផឹកស្រា?

អ្នកអាលិម៖ ស្រា គឺហារ៉ាំ(ដែលត្រូវបានហាមឃាត់) ផឹក នៅក្នុងសាសនាឥស្លាម ។

បុរស៖ ចុះទឹក?

អ្នកអាលិម៖ ទឹក គឺហាឡាល់(ដែលត្រូវបានអនុញ្ញាតិ)។

បុរស៖ រួចចុះផ្លែល្មើ និងទំពាំងបាយជូ?

អ្នកអាលិម៖ ផ្លែឈើទាំងនោះ គឺហាឡាល់។

បុរស៖ បើផ្លែឈើទាំងនោះហាឡាល់ ហើយទឹកក៏ហាឡាល់ ចុះហេតុអ្វីក៏ពេលដែលលាយបញ្ចូលគ្នាក្លាយទៅជាហារ៉ាំទៅវិញ?

អ្នកអាលិមឥស្លាមសំលឹងមើលទៅមុខរបស់បុរសនោះ ហើយក៏និយាយថា៖ ប្រសិនបើខ្ញុំយកដីមួយក្តាប់បាចទៅ លើអ្នកឯង តើអ្នកឯងឈឺទេ?

បុរស៖ ទេ! អត់ឈឺទេ។

អ្នកអាលិម៖ ចុះប្រសិនបើខ្ញុំយកចំបើងមួយក្តាប់មកវាយអ្នកឯង តើអ្នកឯងឈឺទេ?

បុរស៖ ហ្នឹង ក៏អត់ឈឺដែរ។

អ្នកអាលិម៖ ចុះបើខ្ញុំយកទឹកមកចាក់លើអ្នកឯងវិញ តើអ្នកឯងឈឺអត់?

បុរស៖ ហ្នឹង កាន់តែអត់ឈឺទៀតទៅហើយ។

អ្នកអាលិម៖ រួចចុះប្រសិនបើខ្ញុំយក ដី ចំបើង និងទឹក ទាំងនោះមកលាយបញ្ចូលគ្នាហើយទុកឲ្យវាស្ងួត រឹង ក្លាយជាឥដ្ឋមួយដុំ រួចយកមកវាយអ្នកឯង តើអ្នកឯងនឹងឈឺអត់?

បុរស៖ ប្រាកដណាស់វាមិនត្រឹមតែធ្វើឲ្យខ្ញុំឈឺនោះទេ ហើយប្រហែលជាអាចសំលាប់ខ្ញុំបានទៀតផង។

អ្នកអាលិម៖ នេះហើយ គឺជាហេតុផលដែលឆ្លើយតបទៅនឹងសំណួររបស់អ្នកឯង ដែលសួរខ្ញុំ។

អំពីឥស្លាម
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: